យ៉ូហាន 5:30-45 Khmer Christian Bible (KCB)

30. ដូច្នេះខ្ញុំ​មិន​អាច​ធ្វើ​ការ​អ្វី​មួយ​ដោយ​ខ្លួន​ឯង​បាន​ទេ​ ខ្ញុំ​ជំនុំជម្រះ​តាម​តែ​ខ្ញុំ​ឮ​ ហើយ​ការ​ជំនុំជម្រះ​របស់​ខ្ញុំ​ក៏​សុចរិត​ ព្រោះ​ខ្ញុំ​មិន​ធ្វើ​តាម​បំណង​របស់​ខ្លួន​ឯង​ទេ​ គឺ​តាម​បំណង​របស់​ព្រះជាម្ចាស់​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​វិញ។​

31. បើ​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ​ នោះ​សេចក្តី​បន្ទាល់​របស់​ខ្ញុំ​មិន​ពិត​ទេ​

32. ផ្ទុយ​ទៅ​វិញ​មាន​ម្នាក់​ទៀត​ដែល​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ​ ហើយ​ខ្ញុំ​ដឹង​ថា​ សេចក្តី​បន្ទាល់​ដែល​អ្នក​នោះ​បាន​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ​ គឺ​ពិត​ប្រាកដ។​

33. អ្នក​រាល់គ្នា​បាន​ចាត់​មនុស្ស​ឲ្យ​ទៅ​ឯ​លោក​យ៉ូហាន​ ហើយ​គាត់​បាន​ធ្វើ​បន្ទាល់​អំពី​សេចក្តី​ពិត​

34. ប៉ុន្ដែ​សេចក្ដី​បន្ទាល់​ដែល​ខ្ញុំ​បាន​ទទួល​នោះ​មិន​មែន​មកពី​មនុស្ស​ទេ​ ព្រោះ​ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ​ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទទួល​សេចក្ដី​សង្គ្រោះ​

35. រីឯ​លោក​យ៉ូហាន​វិញ​ គាត់​ជា​ចង្កៀង​កំពុង​ឆេះ​ និង​កំពុង​បញ្ចេញ​ពន្លឺ​ ហើយ​អ្នក​រាល់គ្នា​ចង់​រីករាយ​ជាមួយ​ពន្លឺ​របស់​គាត់​មួយ​រយៈ​ពេល​

36. ប៉ុន្ដែ​សេចក្ដី​បន្ទាល់​ដែល​ខ្ញុំ​មាន​នោះ​វិសេស​ជាង​សេចក្ដី​បន្ទាល់​របស់​លោក​យ៉ូហាន រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​កំពុង​ធ្វើ​នេះ​ បាន​ធ្វើបន្ទាល់​ថា ព្រះ​វរ​បិតា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន​ ដ្បិត​ព្រះ​វរ​បិតា​បាន​ប្រគល់​កិច្ចការ​ទាំង​ប៉ុន្មាន​ឲ្យ​ខ្ញុំ​ធ្វើ​បង្ហើយ​

37. ហើយ​ព្រះ​វរ​បិតា​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ ព្រះអង្គ​ក៏​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ​ដែរ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​មិន​ធ្លាប់​ឮ​សំឡេង​របស់​ព្រះអង្គ​ឡើយ​ ហើយ​ក៏​មិន​ធ្លាប់​ឃើញ​រូបរាង​របស់​ព្រះអង្គ​ដែរ។​

38. អ្នក​រាល់គ្នា​គ្មាន​ព្រះបន្ទូល​របស់​ព្រះអង្គ​នៅ​ក្នុង​ខ្លួន​ទាល់​តែ​សោះ​ ព្រោះ​អ្នក​រាល់គ្នា​មិន​ជឿ​ព្រះ​មួយ​អង្គ​នេះ​ដែល​ព្រះ​វរ​បិតា​បាន​ចាត់​ឲ្យ​មក​

39. រួច​អ្នក​រាល់​គ្នា​ខំ​ស្រាវជ្រាវ​បទគម្ពីរ​ ព្រោះ​អ្នក​រាល់គ្នា​ស្មាន​ថា​ អាច​មាន​ជីវិត​អស់កល្ប​ជានិច្ច​ដោយសារ​បទគម្ពីរ​ទាំង​នោះ​ ប៉ុន្ដែ​បទគម្ពីរ​ទាំង​នោះ​បាន​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ។​

40. ទោះបី​យ៉ាង​នេះ​ក្ដី​ អ្នក​រាល់គ្នា​មិន​ចង់​មក​ឯ​ខ្ញុំ​ ដើម្បី​ឲ្យ​មាន​ជីវិត​ទេ‍​

41. ហើយ​ខ្ញុំ​ក៏​មិន​ទទួល​ការ​សរសើរ​ពី​មនុស្ស​ដែរ​

42. ខ្ញុំ​ស្គាល់​អ្នក​រាល់គ្នា​ ហើយ​ដឹង​ថា​ អ្នក​រាល់គ្នា​គ្មាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ខ្លួន​ទេ។​

43. ខ្ញុំ​មក​នៅ​ក្នុង​ព្រះនាម​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ នោះ​អ្នក​រាល់គ្នា​មិន​ព្រម​ទទួល​ខ្ញុំ​ទេ​ ប៉ុន្ដែ​បើ​មាន​អ្នក​ផ្សេង​ទៀត​មក​នៅ​ក្នុង​ឈ្មោះ​របស់​គេ​ផ្ទាល់​ នោះ​អ្នក​រាល់គ្នា​មុខ​ជា​ព្រម​ទទួល​គេ​មិន​ខាន​

44. ដូច្នេះ​ បើ​អ្នក​រាល់គ្នា​ទទួល​យក​តែ​ការ​សរសើរ​ពី​គ្នា​ទៅវិញ​ទៅមក ​ហើយ​មិន​ព្រម​ស្វែង​រក​ការ​សរសើរ​ដែល​មកពី​ព្រះជាម្ចាស់​ ដែល​ជា​ព្រះ​តែ​មួយ​អង្គ​នោះ​ តើ​អាច​ឲ្យ​អ្នក​រាល់គ្នា​ជឿ​យ៉ាង​ដូចម្តេច​បាន?​

45. ហើយ​កុំ​គិត​ថា​ ខ្ញុំ​នឹង​ចោទ​ប្រកាន់​អ្នក​រាល់គ្នា​ដល់​ព្រះ​វរ​បិតា​ឲ្យ​សោះ​ អ្នក​ដែល​ចោទ​ប្រ​កាន់​អ្នក​រាល់គ្នា​នោះ​ គឺ​លោក​ម៉ូសេ​ ដែល​អ្នក​រាល់គ្នា​បាន​សង្ឃឹម​លើ​គាត់​

យ៉ូហាន 5