7. មានស្ត្រីម្នាក់មកពីស្រុកសាម៉ារីបានមកដងទឹក ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «ខ្ញុំសុំទឹកផឹកផង»។
8. រីឯពួកសិស្សរបស់ព្រះអង្គបានចេញទៅក្នុងក្រុងអស់ហើយ ដើម្បីទិញអាហារ។
9. ស្ត្រីជនជាតិសាម៉ារីនោះបានទូលទៅព្រះអង្គថា៖ «លោកជាជនជាតិយូដា ម្តេចក៏លោកសុំទឹកពីខ្ញុំ ដែលជាស្ត្រីជនជាតិសាម៉ារីដូច្នេះ?» (ដ្បិតជនជាតិយូដា មិនរាប់អានជនជាតិសាម៉ារីទេ)
10. ព្រះយេស៊ូមានបន្ទូលឆ្លើយទៅនាងថា៖ «បើអ្នកបានស្គាល់អំណោយទានរបស់ព្រះជាម្ចាស់ ទាំងដឹងថា អ្នកដែលនិយាយទៅអ្នកថា ខ្ញុំសុំទឹកផឹកផង ជាអ្នកណា អ្នកមុខជាសុំទឹកពីគាត់វិញ ហើយគាត់នឹងឲ្យទឹកដែលផ្ដល់ជីវិតដល់អ្នក»
11. ស្ត្រីនោះ ទូលទៅព្រះអង្គថា៖ «លោកម្ចាស់អើយ! លោកគ្មានអ្វីសម្រាប់ដងទឹកទេ យអណ្តូងក៏ជ្រៅ ដូច្នេះតើលោកបានទឹកដែលផ្ដលជីវិតនោះមកពីណា?
12. លោកយ៉ាកុបបានឲ្យអណ្ដូងនេះមកយើង ហើយលោកផ្ទាល់ និងកូនចៅ ព្រមទាំងហ្វូងសត្វរបស់លោក ក៏បានផឹកពីអណ្តូងនេះដែរ ចុះលោកវិញ តើធំជាងលោកយ៉ាកុបជាដូនតារបស់យើងឬ?»
13. ព្រះយេស៊ូមានបន្ទូលឆ្លើយទៅនាងថា៖ «អស់អ្នកដែលផឹកទឹកនេះ គេនឹងស្រេកទៀត
14. ប៉ុន្ដែអស់អ្នកផឹកទឹកដែលខ្ញុំឲ្យ គេនឹងមិនស្រេកទៀតឡើយ ហើយទឹកដែលខ្ញុំឲ្យនោះ នឹងត្រលប់ជាប្រភពទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងផ្ដល់ជីវិតអស់កល្បជានិច្ច»
15. ស្រ្ដីនោះទូលទៅព្រះអង្គថា៖ «លោកម្ចាស់អើយ! សូមឲ្យទឹកនោះដល់ខ្ញុំផង ដើម្បីកុំឲ្យខ្ញុំស្រេក ឬមកដងនៅទីនេះទៀត»។
16. ព្រះអង្គមានបន្ទូលទៅនាងថា៖ «ចូរទៅហៅប្តីរបស់អ្នកមកទីនេះ»
17. ស្ត្រីនោះទូលទៅព្រះអង្គវិញថា៖ «ខ្ញុំគ្មានប្តីទេ»។ ព្រះយេស៊ូមានបន្ទូលថា៖ «អ្នកនិយាយថា គ្មានប្តី នោះត្រូវហើយ
18. ដ្បិតអ្នកមានប្តីប្រាំនាក់មកហើយ រីឯបុរសដែលនៅជាមួយអ្នកសព្វថ្ងៃនេះមិនមែនជាប្តីរបស់អ្នកទេ ដូច្នេះពាក្យដែលអ្នកនិយាយនេះ ពិតប្រាកដហើយ»
19. ស្ត្រីនោះទូលទៅព្រះអង្គថា៖ «លោកម្ចាស់អើយ! ខ្ញុំយល់ថា លោកជាអ្នកនាំព្រះបន្ទូល
20. ពួកដូនតារបស់យើងបានថ្វាយបង្គំនៅលើភ្នំនេះ ប៉ុន្ដែពួកជនជាតិរបស់លោកនិយាយថា ត្រូវថ្វាយបង្គំនៅក្រុងយេរូសាឡិមវិញ»។
21. ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «នាងអើយ! ចូរជឿខ្ញុំចុះថា នឹងមានពេលមួយមកដល់ ដែលអ្នករាល់គ្នានឹងមិនថ្វាយបង្គំព្រះវរបិតានៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡិមទៀតឡើយ
22. ពួកជនជាតិរបស់អ្នកមិនស្គាល់អ្វីដែលពួកអ្នកកំពុងថ្វាយបង្គំទេ ប៉ុន្ដែយើងស្គាល់អ្វីដែលយើងកំពុងថ្វាយបង្គំ ដ្បិតសេចក្ដីសង្គ្រោះកើតពីជនជាតិយូដាមក
23. ប៉ុន្ដែនឹងមានពេលមួយមកដល់ គឺពេលនេះហើយ ដែលពួកអ្នកថ្វាយបង្គំពិតប្រាកដ គេនឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្តីពិត ដ្បិតព្រះវរបិតាស្វែងរកពួកអ្នកដែលថ្វាយបង្គំព្រះអង្គបែបនេះ។
24. ព្រះជាម្ចាស់ជាវិញ្ញាណ ដូច្នេះអស់អ្នកដែលថ្វាយបង្គំព្រះអង្គ ត្រូវថ្វាយបង្គំដោយវិញ្ញាណ និងសេចក្តីពិត»។
25. ស្ត្រីនោះទូលព្រះអង្គថា៖ «ខ្ញុំបានដឹងថា ព្រះមែស៊ីដែលហៅថា ព្រះគ្រិស្តនឹងយាងមក ហើយនៅពេលព្រះអង្គយាងមក នោះព្រះអង្គនឹងប្រាប់យើងឲ្យដឹងទាំងអស់»។
26. ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «គឺខ្ញុំដែលកំពុងប្រាប់អ្នកនេះហើយ»។