យ៉ូហាន 4:27-38 Khmer Christian Bible (KCB)

27. ពេល​នោះ​ ពួក​សិស្ស​របស់​ព្រះអង្គ​បាន​មក​ដល់​ គេ​ងឿងឆ្ងល់​ចំពោះ​ព្រះអង្គ​ដែល​កំពុង​មាន​បន្ទូល​ជាមួយ​ស្ត្រី​ដូច្នេះ​ ប៉ុន្ដែ​គ្មាន​អ្នកណា​ម្នាក់​ទូល​ទៅ​ព្រះអង្គ​ថា​ ព្រះអង្គ​រក​អ្វី​ ឬ​ហេតុអ្វី​បាន​ជា​ព្រះអង្គ​មាន​បន្ទូល​ជាមួយ​នាង​ទេ។​

28. រីឯ​ស្រ្ដី​នោះ​ក៏​ទុក​ក្អម​ទឹក​ចោល​ រួច​ចូល​ទៅ​ក្នុង​ក្រុង​ ប្រាប់​មនុស្ស​ទាំងឡាយ​ថា៖​

29. «ចូរ​មក​មើល​បុរស​ម្នាក់​ដែល​ប្រាប់​ខ្ញុំ ​ពី​ការ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ តើ​គាត់​ជា​ព្រះគ្រិស្ដ​ទេ​ដឹង?»​

30. ពួកគេ​ក៏​ចេញ​ពី​ក្រុង​ទៅ​រក​ព្រះអង្គ‍។​

31. នៅ​ពេល​ជាមួយ​គ្នា​នោះ​ ពួក​សិស្ស​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោកគ្រូ​ សូម​អញ្ជើញ​បរិភោគ​អាហារ»​

32. ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​មាន​អាហារ​សម្រាប់​បរិភោគ​ហើយ​ ជា​អាហារ​ដែល​អ្នក​រាល់គ្នា​មិន​ស្គាល់»។​

33. ដូច្នេះ​ ពួក​សិស្ស​ក៏​និយាយ​គ្នា​ថា៖​ «មាន​អ្នកណា​យក​អ្វី​មក​ជូន​លោក​បរិភោគ​ទេ​ដឹង?»​

34. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «អាហារ​របស់​ខ្ញុំ​ គឺ​ការ​ធ្វើ​តាម​បំណង​របស់​ព្រះជាម្ចាស់​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ ហើយ​ធ្វើ​ឲ្យ​កិច្ចការ​របស់​ព្រះអង្គ​សម្រេច​

35. តើ​អ្នក​រាល់គ្នា​មិន​និយាយ​ទេ​ឬ​ថា​ នៅ​បួន​ខែ​ទៀត​ដល់​រដូវ​ចម្រូត​ហើយ?​ មើល៍​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ចូរ​សម្លឹង​មើល​ទៅ​វាល​ស្រែ​ដែល​ទុំ​ល្មម​ច្រូត​ហើយ​

36. អស់​អ្នក​ដែល​ច្រូត​ នោះ​ទទួល​បាន​ថ្លៃ​ឈ្នួល​ ហើយ​ប្រមូល​បាន​ផល​សម្រាប់​ជីវិត​អស់កល្ប​ជានិច្ច​ ដូច្នេះ​ហើយ​ ទាំង​ពួកអ្នក​ព្រោះ​ និង​ពួកអ្នក​ច្រូត​អាច​អរ​សប្បាយ​ជាមួយ​គ្នា។​

37. ដូច្នេះ​សេចក្ដី​ដែល​ថា​ ម្នាក់​ព្រោះ​ ហើយ​ម្នាក់​ទៀត​ច្រូត​ ពាក្យ​នេះ​ពិត​ណាស់​

38. ខ្ញុំ​បាន​ចាត់​អ្នក​រាល់គ្នា​​ឲ្យ​ទៅ​ច្រូត​ចម្រូត​ ដែល​អ្នក​រាល់គ្នា​មិន​បាន​បញ្ចេញ​កម្លាំង​សោះ​ គឺ​មាន​អ្នក​ផ្សេង​ទៀត​បាន​បញ្ចេញ​កម្លាំង​ ហើយ​អ្នក​រាល់គ្នា​បាន​ចូល​រួម​នៅ​ក្នុង​ការងារ​របស់​ពួកគេ»។​

យ៉ូហាន 4