25. ស្ត្រីនោះទូលព្រះអង្គថា៖ «ខ្ញុំបានដឹងថា ព្រះមែស៊ីដែលហៅថា ព្រះគ្រិស្តនឹងយាងមក ហើយនៅពេលព្រះអង្គយាងមក នោះព្រះអង្គនឹងប្រាប់យើងឲ្យដឹងទាំងអស់»។
26. ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «គឺខ្ញុំដែលកំពុងប្រាប់អ្នកនេះហើយ»។
27. ពេលនោះ ពួកសិស្សរបស់ព្រះអង្គបានមកដល់ គេងឿងឆ្ងល់ចំពោះព្រះអង្គដែលកំពុងមានបន្ទូលជាមួយស្ត្រីដូច្នេះ ប៉ុន្ដែគ្មានអ្នកណាម្នាក់ទូលទៅព្រះអង្គថា ព្រះអង្គរកអ្វី ឬហេតុអ្វីបានជាព្រះអង្គមានបន្ទូលជាមួយនាងទេ។
28. រីឯស្រ្ដីនោះក៏ទុកក្អមទឹកចោល រួចចូលទៅក្នុងក្រុង ប្រាប់មនុស្សទាំងឡាយថា៖
29. «ចូរមកមើលបុរសម្នាក់ដែលប្រាប់ខ្ញុំ ពីការទាំងអស់ដែលខ្ញុំបានប្រព្រឹត្ត តើគាត់ជាព្រះគ្រិស្ដទេដឹង?»
30. ពួកគេក៏ចេញពីក្រុងទៅរកព្រះអង្គ។
31. នៅពេលជាមួយគ្នានោះ ពួកសិស្សទូលទៅព្រះអង្គថា៖ «លោកគ្រូ សូមអញ្ជើញបរិភោគអាហារ»
32. ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ខ្ញុំមានអាហារសម្រាប់បរិភោគហើយ ជាអាហារដែលអ្នករាល់គ្នាមិនស្គាល់»។
33. ដូច្នេះ ពួកសិស្សក៏និយាយគ្នាថា៖ «មានអ្នកណាយកអ្វីមកជូនលោកបរិភោគទេដឹង?»
34. ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «អាហាររបស់ខ្ញុំ គឺការធ្វើតាមបំណងរបស់ព្រះជាម្ចាស់ដែលបានចាត់ខ្ញុំឲ្យមក ហើយធ្វើឲ្យកិច្ចការរបស់ព្រះអង្គសម្រេច
35. តើអ្នករាល់គ្នាមិននិយាយទេឬថា នៅបួនខែទៀតដល់រដូវចម្រូតហើយ? មើល៍ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរសម្លឹងមើលទៅវាលស្រែដែលទុំល្មមច្រូតហើយ
36. អស់អ្នកដែលច្រូត នោះទទួលបានថ្លៃឈ្នួល ហើយប្រមូលបានផលសម្រាប់ជីវិតអស់កល្បជានិច្ច ដូច្នេះហើយ ទាំងពួកអ្នកព្រោះ និងពួកអ្នកច្រូតអាចអរសប្បាយជាមួយគ្នា។
37. ដូច្នេះសេចក្ដីដែលថា ម្នាក់ព្រោះ ហើយម្នាក់ទៀតច្រូត ពាក្យនេះពិតណាស់
38. ខ្ញុំបានចាត់អ្នករាល់គ្នាឲ្យទៅច្រូតចម្រូត ដែលអ្នករាល់គ្នាមិនបានបញ្ចេញកម្លាំងសោះ គឺមានអ្នកផ្សេងទៀតបានបញ្ចេញកម្លាំង ហើយអ្នករាល់គ្នាបានចូលរួមនៅក្នុងការងាររបស់ពួកគេ»។
39. មានជនជាតិសាម៉ារីជាច្រើននៅក្រុងនោះ បានជឿព្រះយេស៊ូ ដោយសារតែសំដីដែលស្រ្ដីនោះធ្វើបន្ទាល់ថា លោកបានប្រាប់ខ្ញុំពីការទាំងអស់ដែលខ្ញុំបានប្រព្រឹត្ដ
40. ដូច្នេះហើយ ពេលពួកជនជាតិសាម៉ារីមកជួបព្រះអង្គ នោះពួកគេទូលសុំឲ្យព្រះអង្គស្នាក់នៅជាមួយពួកគេ ហើយព្រះអង្គក៏ស្នាក់នៅទីនោះពីរថ្ងៃ។
41. មានមនុស្សជាច្រើនទៀតបានជឿ ដោយសារព្រះបន្ទូលរបស់ព្រះអង្គ
42. ហើយពួកគេនិយាយទៅស្រ្តីនោះថា៖ «ឥឡូវនេះ យើងជឿ មិនមែនដោយសារតែសំដីរបស់នាងទៀតទេ គឺដោយសារយើងបានឮផ្ទាល់ ហើយដឹងថា ព្រះអង្គជាព្រះអង្គសង្គ្រោះមនុស្សលោកពិតមែន»។