យ៉ូហាន 3:3-22 Khmer Christian Bible (KCB)

3. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​ជា​ពិត​ប្រាកដ​ថា​ បើ​អ្នកណា​មិន​កើត​ជា​ថ្មី​ អ្នក​នោះ​មិន​អាច​ឃើញ​នគរ​ព្រះជាម្ចាស់​បាន​ទេ»។​

4. លោក​នីកូដេម​ក៏​សួរ​ព្រះអង្គ​ថា៖​ «តើ​មនុស្ស​ដែល​ចាស់​ទៅ​ហើយ​ គេ​អាច​កើត​ម្ដង​ទៀត​យ៉ាង​ដូចម្តេច​បាន?​ គេ​មិន​អាច​ចូល​ទៅ​ក្នុង​ផ្ទៃ​ម្ដាយ​ រួច​កើត​មក​ម្តង​ទៀត​បាន​ទេ»។​

5. ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​ជា​ពិត​ប្រាកដ​ថា​ បើ​អ្នកណា​មិន​កើត​ពី​ទឹក​ និង​ព្រះវិញ្ញាណ​ទេ​ អ្នក​នោះ​មិន​អាច​ចូលទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​បាន​ឡើយ​

6. ដ្បិត​អ្វី​ដែល​កើត​ពី​សាច់ឈាម​ នោះ​ជា​សាច់ឈាម​ ប៉ុន្ដែ​អ្វី​ដែល​កើត​ពី​វិញ្ញាណ​ នោះ​ជា​វិញ្ញាណ​

7. ដូច្នេះ កុំ​ឆ្ងល់​ឡើយ​ដែល​ខ្ញុំ​ប្រាប់​អ្នក​ថា​ អ្នក​ត្រូវ​កើត​ជា​ថ្មី​

8. ខ្យល់​បក់​ទៅ​ទី​ណា​តាម​តែ​វា​ចង់​ទៅ​ ហើយ​អ្នក​ឮ​ស្នូរ​របស់​វា​ ប៉ុន្ដែ​អ្នក​មិន​ដឹង​ថា​ វា​មកពី​ណា​ ឬ​ទៅ​ណា​ទេ​ រីឯ​អស់​អ្នក​ដែល​កើត​ពី​ព្រះវិញ្ញាណ​ក៏​ដូច្នេះ​ដែរ»។​

9. លោក​នីកូដេម​សួរ​ព្រះអង្គ​ទៀត​ថា៖​ «តើ​ការ​ទាំង​នេះ​អាច​កើត​ឡើង​យ៉ាង​ដូចម្តេច?»​

10. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «អ្នក​ជា​គ្រូ​របស់​ជនជាតិ​អ៊ីស្រាអែល​ ហើយ​អ្នក​មិន​យល់​ការ​នេះ​ទេ​ឬ?​

11. ខ្ញុំ​ប្រាប់​អ្នក​ជា​ពិត​ប្រាកដ​ថា​ យើង​ប្រាប់​ពី​ការ​ដែល​យើង​បាន​ដឹង​ ហើយ​ធ្វើ​បន្ទាល់​ពី​ការ​ដែល​យើង​បាន​ឃើញ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​មិន​ទទួល​យក​សេចក្ដី​បន្ទាល់​របស់​យើង​ទេ​

12. ដូច្នេះ​បើ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​អំពី​រឿង​ហេតុ​លោកិយ​ អ្នក​រាល់គ្នា​មិន​ជឿ​ទៅ​ហើយ​ ចុះ​ទម្រាំ​បើ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​អំពី​រឿង​ហេតុ​ស្ថានសួគ៌​វិញ​ តើ​អ្នក​រាល់គ្នា​នឹង​ជឿ​យ៉ាង​ដូច​ម្ដេច​បាន?​

13. មិន​ដែល​មាន​អ្នកណា​ធ្លាប់​ទៅ​ដល់​ស្ថានសួគ៌​ទេ​ មាន​តែ​ព្រះអង្គ​ដែល​បាន​យាង​ចុះ​ពី​ស្ថានសួគ៌​ប៉ុណ្ណោះ​ គឺ​ជា​កូន​មនុស្ស​នោះ​ហើយ។​

14. លោក​ម៉ូសេ​បាន​លើក​សត្វ​ពស់​ឡើង​នៅ​ទីរហោឋាន​យ៉ាងណា​ នោះ​កូន​មនុស្ស​នឹង​ត្រូវ​គេ​លើក​ឡើង​យ៉ាង​នោះ​ដែរ​

15. ដើម្បី​ឲ្យអស់​អ្នក​ដែលជឿ​លើ​កូន​មនុស្ស​មាន​ជីវិត​អស់កល្ប​​ជានិច្ច​

16. ដ្បិត​ព្រះជា​ម្ចាស់ស្រឡាញ់​មនុស្ស​លោក​ដល់​ម៉្លេះ បាន​ជា​ព្រះ​អង្គ​ប្រទាន​ព្រះ​រាជ​បុត្រា​តែ​មួយ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ​រាជ​បុត្រា​នោះ មិន​​ត្រូវ​​វិនាស​ឡើយ គឺ​ឲ្យមាន​ជីវិត​អស់កល្ប​ជានិច្ច​វិញ​

17. ព្រោះ​ព្រះជា​ម្ចាស់​​មិន​បាន​ចាត់​ព្រះ​រាជ​បុត្រា​ឲ្យមក​ក្នុង​ពិភព​លោក​នេះដើម្បី​ជំនុំ​ជម្រះ​ពិភព​លោក​ទេ ប៉ុន្ដែ​ដើម្បី​ឲ្យពិភព​លោក​ទទួល​បាន​សេចក្ដី​​សង្គ្រោះ​តាមរយៈ​ព្រះ​រាជ​បុត្រា​វិញ

18. ហើយ​​អស់​​អ្នក​ដែល​ជឿ​លើ​ព្រះ​រាជ​បុត្រា អ្នក​នោះ​មិន​ជាប់​ទោស​ឡើយ ប៉ុន្ដែ​អស់​អ្នក​ដែល​មិន​ជឿ អ្នក​នោះ​ជាប់ទោសហើយ ​​​ដោយ​ព្រោះ​មិន​បាន​ជឿ​លើ​ព្រះ​នាម​នៃ​ព្រះ​រាជ​បុត្រា​តែ​មួយ​របស់​ព្រះ​ជា​​ម្ចាស់

19. នេះ​ជា​ការ​ដាក់​ទោស ដ្បិត​ពន្លឺ​បាន​មក​​ក្នុង​ពិភព​លោក​នេះ ប៉ុន្ដែ​មនុស្ស​​ស្រឡាញ់​សេចក្ដី​ងងឹត​ជាង​ពន្លឺ​ ព្រោះ​ការប្រព្រឹត្ដិ​របស់​គេ​សុទ្ធតែ​អាក្រក់​

20. ហើយ​អស់​អ្នក​ដែល​ប្រព្រឹត្ដអាក្រក់ គេ​ស្អប់​ពន្លឺ មិន​មក​ឯ​ពន្លឺ​ទេ ក្រែង​ការ​ប្រព្រឹត្តិ​​របស់​គេ​ត្រូវ​លាតត្រដាង​

21. ប៉ុន្ដែ​អស់​អ្នក​​​ដែល​ប្រព្រឹត្តតាម​សេចក្ដី​ពិត​វិញ គេ​មក​ឯ​ពន្លឺ ដើម្បី​ឲ្យការប្រព្រឹត្តិ​​របស់​គេ​ត្រូវបាន​បើក​​សំដែង​ឲ្យដឹង​ថា គេ​បាន​ធ្វើ​នៅ​ក្នុង​ព្រះ​ជា​ម្ចាស់​មែន​»។

22. បន្ទាប់ពី​ហេតុការណ៍​​ទាំងនេះ ព្រះ​យេស៊ូ និងពួក​សិស្ស​របស់ព្រះអង្គបាន​មក​ក្នុងស្រុក​យូដា ហើយព្រះអង្គក៏​ស្នាក់​នៅ​ទីនោះ​ជាមួយ​ពួកគេ និងធ្វើ​ពិធី​​ជ្រមុជទឹកឲ្យពួកគេ​ដែរ​

យ៉ូហាន 3