យ៉ូហាន 21:18-25 Khmer Christian Bible (KCB)

18. ខ្ញុំ​ប្រាប់​អ្នក​ជា​ពិត​ប្រាកដ​ថា​ ពេល​អ្នក​នៅ​ក្មេង​ អ្នក​ស្លៀក​ពាក់​ខ្លួន​ឯង​ ហើយ​ទៅ​ណា​តាម​ចិត្ត​ ប៉ុន្ដែ​ពេល​អ្នក​ចាស់​ អ្នក​នឹង​សន្ធឹង​ដៃ​របស់​អ្នក​ ហើយ​ម្នាក់​ទៀត​នឹង​ស្លៀក​ពាក់​ឲ្យ​អ្នក​ រួច​នាំ​អ្នក​ទៅ​កន្លែង​ដែល​អ្នក​មិន​ចង់​ទៅ»។​

19. ព្រះអង្គ​មាន​បន្ទូល​ដូច្នេះ​ គឺ​បង្ហាញ​អំពី​របៀប​ដែល​គាត់​នឹង​ត្រូវ​ស្លាប់​ដើម្បី​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះជាម្ចាស់។​ កាល​ព្រះអង្គ​មាន​បន្ទូល​ដូច្នោះ​ហើយ​ ព្រះអង្គ​ក៏​ប្រាប់​គាត់​ថា‍៖​ «ចូរ​មក​តាម​ខ្ញុំ​ចុះ!»​

20. ពេល​លោក​ពេត្រុស​ងាក​ក្រោយ​ ក៏​ឃើញ​សិស្ស​ម្នាក់​ដែល​ព្រះយេស៊ូ​ស្រឡាញ់​នោះ​កំពុង​ដើរ​តាម​ដែរ។​ សិស្ស​នោះ​ហើយ​ដែល​បាន​ផ្អែក​លើ​ព្រះឱរា​របស់​ព្រះអង្គ​ ហើយ​បាន​ទូល​សួរ​ព្រះអង្គ​នៅ​ក្នុង​ពេល​អាហារ​ល្ងាច​ថា​ ព្រះអម្ចាស់​អើយ!​ តើ​អ្នក​ក្បត់​ព្រះអង្គ​ជា​នរណា?​

21. ពេល​លោក​ពេត្រុស​ឃើញ​អ្នក​នោះ​ ក៏​ទូល​សួរ​ព្រះយេស៊ូ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​អ្នក​នោះ​យ៉ាង​ដូច​ម្តេច​ដែរ?»​

22. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «បើ​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅរស់​រហូត​ដល់​ខ្ញុំ​មក​វិញ​ តើ​ទាក់ទង​អ្វី​នឹង​អ្នក?​ ចូរ​អ្នក​មក​តាម​ខ្ញុំ​ចុះ!»​

23. ដូច្នេះ​ពាក្យ​នោះ​ក៏​លេចឮ​ក្នុង​ចំណោម​ពួក​បងប្អូន​ថា​ សិស្ស​នោះ​មិន​ស្លាប់​ទេ​ ប៉ុន្ដែ​ព្រះយេស៊ូ​មិន​បាន​មាន​បន្ទូល​ថា​ សិស្ស​នោះ​មិន​ស្លាប់​ទេ​ គឺ​គ្រាន់​តែ​មាន​បន្ទូល​ប៉ុណ្ណោះ​ថា៖​ «បើ​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅស់​រហូត​ដល់​ខ្ញុំ​មក​វិញ​ តើ​ទាក់ទង​អ្វី​នឹង​អ្នក»។​

24. សិស្ស​នោះ​ហើយ​ដែល​បាន​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ទាំង​នេះ​ ហើយ​បាន​កត់ត្រា​រឿង​ទាំង​នេះ​ទុក​ រីឯ​យើង​ក៏​ដឹង​ថា​សេចក្ដី​បន្ទាល់​របស់​គាត់​ជា​ការ​ពិត‍។​

25. មាន​ការ​ច្រើន​ទៀត​ដែល​ព្រះយេស៊ូ​បាន​ធ្វើ​ ហើយ​បើ​កត់ត្រា​ឲ្យ​បាន​ល្អិតល្អន់​ នោះ​ខ្ញុំ​យល់​ឃើញ​ថា​ ពិភពលោក​នេះ​គ្មាន​កន្លែង​ល្មម​សម្រាប់​ទុក​សៀវភៅ​ទាំង​នោះ​ទេ។​

យ៉ូហាន 21