11. លោកស៊ីម៉ូនពេត្រុសក៏ឡើងមកទាញអួនដែលមានត្រីធំៗពេញដាក់លើគោក គឺមានត្រីមួយរយហាសិបបីក្បាល ហើយទោះបីច្រើនយ៉ាងនេះក៏ដោយ ក៏អួនមិនធ្លាយដែរ។
12. ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរមកបរិភោគចុះ» ហើយគ្មានសិស្សណាម្នាក់ហ៊ានសួរព្រះអង្គថា តើលោកជាអ្នកណាទេ? ព្រោះពួកគេដឹងហើយថា នោះជាព្រះអម្ចាស់។
13. ព្រះយេស៊ូក៏យាងទៅយកនំប៉័ង និងត្រីប្រទានឲ្យពួកគេ។
14. នេះជាលើកទីបីហើយដែលព្រះយេស៊ូបានបង្ហាញខ្លួនឲ្យពួកសិស្សឃើញ ក្រោយពីព្រះអង្គរស់ពីការសោយទិវង្គតឡើងវិញ។
15. ពេលនោះ ក្រោយពេលពួកគេបរិភោគរួច ព្រះយេស៊ូមានបន្ទូលទៅលោកស៊ីម៉ូនពេត្រុសថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំជាងពួកអ្នកទាំងនេះដែរឬទេ?» គាត់ទូលឆ្លើយថា៖ «បាទ ព្រះអម្ចាស់! ព្រះអង្គបានដឹងហើយថា ខ្ញុំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានបន្ទូលទៅគាត់វិញថា៖ «ចូរឲ្យចំណីដល់កូនចៀមរបស់ខ្ញុំផង!»
16. ព្រះអង្គមានបន្ទូលទៅគាត់ជាលើកទីពីរទៀតថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំដែរឬទេ?» គាត់ទូលឆ្លើយថា៖ «បាទ ព្រះអម្ចាស់! ព្រះអង្គបានដឹងហើយថា ខ្ញុំស្រឡាញ់ព្រះអង្គ»។ ព្រះអង្គមានបន្ទូលទៅគាត់វិញថា៖ «ចូរថែទាំចៀមរបស់ខ្ញុំផង!»
17. ព្រះអង្គមានបន្ទូលទៅគាត់ជាលើកទីបីថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំដែរឬទេ?» លោកពេត្រុសបានព្រួយចិត្ត ព្រោះព្រះអង្គមានបន្ទូលសួរគាត់ដល់ទៅបីដងថា តើអ្នកស្រឡាញ់ខ្ញុំដែរឬទេ? ដូច្នេះគាត់ទូលឆ្លើយទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! ព្រះអង្គដឹងគ្រប់ការទាំងអស់ គឺព្រះអង្គបានដឹងហើយថា ខ្ញុំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ចូរឲ្យចំណីដល់ចៀមរបស់ខ្ញុំផង!
18. ខ្ញុំប្រាប់អ្នកជាពិតប្រាកដថា ពេលអ្នកនៅក្មេង អ្នកស្លៀកពាក់ខ្លួនឯង ហើយទៅណាតាមចិត្ត ប៉ុន្ដែពេលអ្នកចាស់ អ្នកនឹងសន្ធឹងដៃរបស់អ្នក ហើយម្នាក់ទៀតនឹងស្លៀកពាក់ឲ្យអ្នក រួចនាំអ្នកទៅកន្លែងដែលអ្នកមិនចង់ទៅ»។
19. ព្រះអង្គមានបន្ទូលដូច្នេះ គឺបង្ហាញអំពីរបៀបដែលគាត់នឹងត្រូវស្លាប់ដើម្បីថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់។ កាលព្រះអង្គមានបន្ទូលដូច្នោះហើយ ព្រះអង្គក៏ប្រាប់គាត់ថា៖ «ចូរមកតាមខ្ញុំចុះ!»
20. ពេលលោកពេត្រុសងាកក្រោយ ក៏ឃើញសិស្សម្នាក់ដែលព្រះយេស៊ូស្រឡាញ់នោះកំពុងដើរតាមដែរ។ សិស្សនោះហើយដែលបានផ្អែកលើព្រះឱរារបស់ព្រះអង្គ ហើយបានទូលសួរព្រះអង្គនៅក្នុងពេលអាហារល្ងាចថា ព្រះអម្ចាស់អើយ! តើអ្នកក្បត់ព្រះអង្គជានរណា?