យ៉ូហាន 20:25-31 Khmer Christian Bible (KCB)

25. ដូច្នេះ​ពួក​សិស្ស​ផ្សេង​ទៀត​បាន​ប្រាប់​គាត់​ថា៖​ «យើង​បាន​ជួប​ព្រះអម្ចាស់​ហើយ!»​ ប៉ុន្ដែ​គាត់​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «បើ​ខ្ញុំ​មិន​បាន​ឃើញ​ស្នាម​ដែកគោល​នៅ​នឹង​ព្រះហស្ដ​របស់​ព្រះអង្គ​ ហើយ​មិន​បាន​លូក​ម្រាម​ដៃ​ខ្ញុំ​ទៅ​ក្នុង​ស្នាម​ដែកគោល​នោះ​ និង​ទៅ​ក្នុង​ចំហៀង​ខ្លួន​របស់​ព្រះអង្គ​ទេ​ នោះ​ខ្ញុំ​មិន​ជឿ​ជា​ដាច់ខាត»។​

26. ប្រាំបី​ថ្ងៃ​ក្រោយ​មក​ ពួក​សិស្ស​របស់​ព្រះអង្គ​បាន​នៅ​ក្នុង​ផ្ទះ​ម្តង​ទៀត​ ហើយ​លោក​ថូម៉ាស​ក៏​នៅ​ជាមួយ​ពួកគេ​ដែរ​ រីឯ​ទ្វារ​បិទ​ជិត​នៅ​ឡើយ​ ព្រះយេស៊ូ​ក៏​យាង​មក​ឈរ​នៅ​កណ្តាល​ចំណោម​ពួកគេ​ ទាំង​មាន​បន្ទូល​ថា៖​ «សូម​ឲ្យ​អ្នក​រាល់គ្នា​មាន​សេចក្ដី​សុខសាន្ដ!» ​

27. រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​លោក​ថូម៉ាស​ថា៖​ «ចូរ​លូក​ម្រាម​ដៃ​របស់​អ្នក​មក​ទី​នេះ​ ហើយ​មើល​ដៃ​ខ្ញុំ​ចុះ!​ ចូរ​លូក​ដៃ​របស់​អ្នក​មក​ក្នុង​ចំហៀង​ខ្លួន​របស់​ខ្ញុំ​ចុះ!​ ចូរ​កុំ​ធ្វើ​ជា​អ្នក​គ្មាន​ជំនឿ​ ប៉ុន្ដែ​ចូរ​ធ្វើ​ជា​អ្នក​មាន​ជំនឿ​វិញ!»​

28. ពេល​នោះ​លោក​ថូម៉ាស​ទូល​ឆ្លើយ​ទៅ​ព្រះអង្គ​ថា៖​ «ឱ​ ព្រះអម្ចាស់​របស់​ខ្ញុំ​ និង​ជា​ព្រះ​របស់​ខ្ញុំ​អើយ!»​

29. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «តើ​អ្នក​ជឿ​ដោយ​ព្រោះ​អ្នក​បាន​ឃើញ​ខ្ញុំ​ឬ?​ អស់​អ្នក​ដែល​ជឿ​ដោយ​មិន​បាន​ឃើញ​ អ្នក​នោះ​មាន​ពរ​ហើយ!»​

30. ព្រះយេស៊ូ​បាន​ធ្វើ​ទី​សំគាល់​អស្ចារ្យ​ជាច្រើន​ទៀត​នៅ​មុខ​ពួក​សិស្ស​របស់​ព្រះអង្គ​ដែល​មិន​បាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​នេះ​ទេ​

31. ប៉ុន្ដែ​សេចក្ដី​ទាំង​នេះ​បាន​ចែង​ទុក​មក​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ជឿ​ថា​ ព្រះយេស៊ូ​ជា​ព្រះគ្រិស្ដ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ និង​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​មាន​ជីវិត​ក្នុង​ព្រះនាម​របស់​ព្រះអង្គ​ដោយ​សារ​ជំនឿ​នោះ។​

យ៉ូហាន 20