7. ពួកជនជាតិយូដាឆ្លើយទៅលោកពីឡាត់ថា៖ «យើងមានក្រឹត្យវិន័យមួយ ហើយតាមក្រឹត្យវិន័យនោះ វាត្រូវស្លាប់ ព្រោះវាបានតាំងខ្លួនឡើងជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់»។
8. ដូច្នេះពេលលោកពីឡាត់បានឮពាក្យនោះ គាត់កាន់តែភ័យខ្លាចថែមទៀត
9. គាត់ក៏ចូលទៅក្នុងបន្ទាយទ័ពម្ដងទៀត ហើយសួរព្រះយេស៊ូថា៖ «តើអ្នកមកពីណា?» ប៉ុន្ដែព្រះយេស៊ូមិនឆ្លើយប្រាប់គាត់ឡើយ។
10. ដូច្នេះលោកពីឡាត់សួរព្រះអង្គទៀតថា៖ «តើអ្នកមិនប្រាប់ខ្ញុំទេឬ? តើអ្នកមិនដឹងទេថា ខ្ញុំមានសិទ្ធិអំណាចដោះលែងអ្នកក៏បាន ឬឆ្កាងអ្នកក៏បាន?»
11. ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «លោកគ្មានសិទ្ធិអំណាចលើខ្ញុំឡើយ លុះត្រាតែសិទ្ធិអំណាចនោះបានប្រទានមកពីស្ថានលើ ដូច្នេះហើយបានជាពួកអ្នកដែលបញ្ជូនខ្ញុំមកឲ្យលោក ពួកគេមានបាបធ្ងន់ជាង»។
12. បន្ទាប់ពីនោះមក លោកពីឡាត់ព្យាយាមដោះលែងព្រះអង្គ ប៉ុន្ដែពួកជនជាតិយូដាស្រែកឡើងថា៖ «បើលោកដោះលែងវា លោកមិនមែនជាមិត្តរបស់ព្រះចៅអធិរាជទេ ព្រោះអ្នកណាតាំងខ្លួនធ្វើជាស្ដេច អ្នកនោះប្រឆាំងព្រះចៅអធិរាជហើយ!»