3. ហើយពួកគេក៏មកឯព្រះអង្គ ទាំងទូលថា៖ «សូមថ្វាយបង្គំស្តេចរបស់ជនជាតិយូដា!» រួចពួកគេក៏ទះកំផ្លៀងព្រះអង្គ។
4. លោកពីឡាត់បានចេញមកខាងក្រៅ ហើយប្រាប់ពួកគេម្តងទៀតថា៖ «មើល៍ ខ្ញុំនាំគាត់មកឯអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំមិនឃើញថា បុរសម្នាក់នេះមានទោសសោះ!»
5. ដូច្នេះព្រះយេស៊ូក៏យាងចេញមកក្រៅ ទាំងពាក់មកុដបន្លា និងអាវពណ៌ស្វាយនោះ រីឯលោកពីឡាត់វិញនិយាយទៅពួកគេថា៖ «មើលចុះ គឺបុរសនេះហើយ»។
6. ពេលពួកសម្តេចសង្ឃ និងពួកឆ្មាំព្រះវិហារបានឃើញព្រះអង្គ ពួកគេក៏ស្រែកឡើងថា៖ «ឆ្កាងវាទៅ! ឆ្កាងវាទៅ!» លោកពីឡាត់និយាយទៅពួកគេថា៖ «ចូរអ្នករាល់គ្នាយកគាត់ទៅឆ្កាងចុះ! ដ្បិតខ្ញុំមិនឃើញថា បុរសនេះមានទោសសោះ!»
7. ពួកជនជាតិយូដាឆ្លើយទៅលោកពីឡាត់ថា៖ «យើងមានក្រឹត្យវិន័យមួយ ហើយតាមក្រឹត្យវិន័យនោះ វាត្រូវស្លាប់ ព្រោះវាបានតាំងខ្លួនឡើងជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់»។
8. ដូច្នេះពេលលោកពីឡាត់បានឮពាក្យនោះ គាត់កាន់តែភ័យខ្លាចថែមទៀត
9. គាត់ក៏ចូលទៅក្នុងបន្ទាយទ័ពម្ដងទៀត ហើយសួរព្រះយេស៊ូថា៖ «តើអ្នកមកពីណា?» ប៉ុន្ដែព្រះយេស៊ូមិនឆ្លើយប្រាប់គាត់ឡើយ។
10. ដូច្នេះលោកពីឡាត់សួរព្រះអង្គទៀតថា៖ «តើអ្នកមិនប្រាប់ខ្ញុំទេឬ? តើអ្នកមិនដឹងទេថា ខ្ញុំមានសិទ្ធិអំណាចដោះលែងអ្នកក៏បាន ឬឆ្កាងអ្នកក៏បាន?»
11. ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «លោកគ្មានសិទ្ធិអំណាចលើខ្ញុំឡើយ លុះត្រាតែសិទ្ធិអំណាចនោះបានប្រទានមកពីស្ថានលើ ដូច្នេះហើយបានជាពួកអ្នកដែលបញ្ជូនខ្ញុំមកឲ្យលោក ពួកគេមានបាបធ្ងន់ជាង»។
12. បន្ទាប់ពីនោះមក លោកពីឡាត់ព្យាយាមដោះលែងព្រះអង្គ ប៉ុន្ដែពួកជនជាតិយូដាស្រែកឡើងថា៖ «បើលោកដោះលែងវា លោកមិនមែនជាមិត្តរបស់ព្រះចៅអធិរាជទេ ព្រោះអ្នកណាតាំងខ្លួនធ្វើជាស្ដេច អ្នកនោះប្រឆាំងព្រះចៅអធិរាជហើយ!»
13. ពេលលោកពីឡាត់ឮពាក្យដូច្នេះ ក៏នាំព្រះយេស៊ូចេញមក ហើយគាត់បានអង្គុយលើទីកាត់ក្តី ត្រង់កន្លែងមួយដែលហៅថា ទីលានក្រាលថ្ម ភាសាហេព្រើរហៅថា កាបាថា។