23. ពេលពួកទាហានបានឆ្កាងព្រះយេស៊ូរួចហើយ ពួកគេក៏យកអាវរបស់ព្រះអង្គមកចែកជាបួនចំណែក ហើយម្នាក់ៗបានមួយចំណែក ព្រោះអាវក្នុងជាអាវត្បាញគ្មានថ្នេរពីលើរហូតដល់ក្រោម
24. ដូច្នេះពួកគេក៏និយាយគ្នាថា៖ «កុំហែកអាវនេះអី ចូរយើងចាប់ឆ្នោតវិញដើម្បីឲ្យដឹងថា អាវនេះនឹងទៅជារបស់អ្នកណា!» ពួកទាហានធ្វើដូច្នេះសម្រេចតាមបទគម្ពីរដែលចែងទុកថា គេបានយកអាវរបស់ខ្ញុំចែកគ្នា ហើយចាប់ឆ្នោតយកសម្លៀកបំពាក់របស់ខ្ញុំ។
25. នៅក្បែរឈើឆ្កាងមានម្ដាយរបស់ព្រះយេស៊ូ និងប្អូនស្រីរបស់ម្ដាយព្រះយេស៊ូ ព្រមទាំងនាងម៉ារាជាប្រពន្ធរបស់លោកក្លូប៉ាស និងម៉ារាជាអ្នកក្រុងម៉ាក់ដាឡាកំពុងឈរនៅទីនោះ។
26. ពេលព្រះយេស៊ូឃើញម្ដាយ និងសិស្សម្នាក់ដែលព្រះអង្គស្រឡាញ់កំពុងឈរនៅក្បែរនោះ ក៏មានបន្ទូលថា៖ «អ្នកម្ដាយអើយ! មើល៍ នេះជាកូនរបស់អ្នកម្ដាយហើយ!»
27. ហើយព្រះអង្គមានបន្ទូលទៅសិស្សម្នាក់នោះថា៖ «មើល៍ នេះជាម្តាយរបស់អ្នកហើយ!» តាំងពីពេលនោះមក សិស្សម្នាក់នោះបានយកនាងម៉ារាទៅនៅផ្ទះរបស់គាត់។
28. បន្ទាប់មកព្រះយេស៊ូបានដឹងថា ការទាំងអស់បានសម្រេចហើយ រួចដើម្បីឲ្យសម្រេចតាមបទគម្ពីរ ព្រះអង្គក៏មានបន្ទូលថា៖ «ខ្ញុំស្រេកទឹកណាស់!»
29. នោះគេបានយកក្រឡមួយមានទឹកខ្មេះពេញមក ហើយយកសារាយស្ងួតរុំនឹងមែកហ៊ីសុបជ្រលក់ទឹកខ្មេះជោក រួចហុចដល់ព្រះឱស្ឋរបស់ព្រះអង្គ។
30. ពេលព្រះយេស៊ូទទួលទឹកខ្មេះរួចហើយ ក៏មានបន្ទូលថា៖ «កិច្ចការបានសម្រេចហើយ!» រួចព្រះអង្គក៏ឱនព្រះសិរប្រគល់វិញ្ញាណរបស់ព្រះអង្គ។
31. ថ្ងៃនោះជាថ្ងៃរៀបចំ ដ្បិតជាថ្ងៃដ៏វិសេសសម្រាប់ថ្ងៃសប្ប័ទ ហើយដោយព្រោះនៅក្នុងថ្ងៃសប្ប័ទមិនអនុញ្ញាតឲ្យមានសាកសពលើឈើឆ្កាង ដូច្នេះពួកជនជាតិយូដាបានសុំលោកពីឡាត់ឲ្យបំបាក់ជើងរបស់អ្នកទោស ហើយដាក់សពចុះ។
32. ពួកទាហានក៏មកបំបាក់ជើងអ្នកទីមួយ ហើយជើងម្នាក់ទៀតដែលត្រូវបានឆ្កាងក្បែរព្រះអង្គ
33. ប៉ុន្ដែពេលមកដល់ព្រះយេស៊ូ ពួកទាហានបានឃើញថា ព្រះអង្គសោយទិវង្គតហើយ ពួកគេមិនបានបំបាក់បាទារបស់ព្រះអង្គទេ
34. ប៉ុន្ដែ ទាហានម្នាក់បានយកលំពែងចាក់ព្រះអង្គត្រង់ចំហៀងខ្លួន ភ្លាមនោះឈាម និងទឹកក៏ហូរចេញមក