14. ពេលនោះជាថ្ងៃរៀបចំបុណ្យរំលង ហើយប្រហែលជាម៉ោងដប់ពីរថ្ងៃត្រង់ លោកពីឡាត់និយាយទៅពួកជនជាតិយូដាថា៖ «មើល៍ នេះជាស្តេចរបស់អ្នករាល់គ្នា»។
15. ពេលនោះ អ្នកទាំងនោះបានស្រែកថា៖ «សម្លាប់ទៅ! សម្លាប់ទៅ! ឆ្កាងវាទៅ!» លោកពីឡាត់សួរពួកគេថា៖ «តើឲ្យខ្ញុំឆ្កាងស្តេចរបស់អ្នករាល់គ្នាឬ?» ពួកសម្ដេចសង្ឃឆ្លើយថា៖ «យើងគ្មានស្តេចណាទៀតទេ ក្រៅពីព្រះចៅអធិរាជ!»
16. ដូច្នេះលោកពីឡាត់ក៏ប្រគល់ព្រះយេស៊ូឲ្យគេឆ្កាង ហើយពួកគេក៏យកព្រះអង្គទៅ
17. ព្រះអង្គបានយាងចេញទៅ ទាំងលីឈើឆ្កាងដោយខ្លួនឯង ឆ្ពោះទៅកន្លែងមួយហៅថាតំបន់លលាដ៌ក្បាលដែលភាសាហេព្រើរហៅថា គាល់កូថា។
18. ពួកគេបានឆ្កាងព្រះអង្គនៅកន្លែងនោះជាមួយមនុស្សពីរនាក់ទៀតនៅសងខាងព្រះអង្គ គឺព្រះយេស៊ូនៅកណ្តាល។
19. លោកពីឡាត់បានសរសេរប្រកាសមួយឲ្យគេបិទនៅលើឈើឆ្កាង ដោយសរសេរថា៖ «យេស៊ូ អ្នកក្រុងណាសារ៉ែត ស្តេចរបស់ជនជាតិយូដា»។
20. មានជនជាតិយូដាជាច្រើនបានអានប្រកាសនោះ ព្រោះកន្លែងដែលគេឆ្កាងព្រះយេស៊ូនោះនៅជិតក្រុង ហើយប្រកាសនោះ គេបានសរសេរជាភាសាហេព្រើរ ភាសាឡាតាំង និងភាសាក្រេក។
21. ពេលនោះពួកសម្តេចសង្ឃរបស់ជនជាតិយូដាបានប្រាប់លោកពីឡាត់ថា៖ «សូមកុំសរសេរថា ស្តេចរបស់ជនជាតិយូដា គឺសូមដាក់ថា វាបាននិយាយថា ខ្ញុំជាស្តេចរបស់ជនជាតិយូដា»។
22. លោកពីឡាត់ឆ្លើយថា៖ «ខ្ញុំសរសេរអ្វី ខ្ញុំសរសេរហើយ»។
23. ពេលពួកទាហានបានឆ្កាងព្រះយេស៊ូរួចហើយ ពួកគេក៏យកអាវរបស់ព្រះអង្គមកចែកជាបួនចំណែក ហើយម្នាក់ៗបានមួយចំណែក ព្រោះអាវក្នុងជាអាវត្បាញគ្មានថ្នេរពីលើរហូតដល់ក្រោម
24. ដូច្នេះពួកគេក៏និយាយគ្នាថា៖ «កុំហែកអាវនេះអី ចូរយើងចាប់ឆ្នោតវិញដើម្បីឲ្យដឹងថា អាវនេះនឹងទៅជារបស់អ្នកណា!» ពួកទាហានធ្វើដូច្នេះសម្រេចតាមបទគម្ពីរដែលចែងទុកថា គេបានយកអាវរបស់ខ្ញុំចែកគ្នា ហើយចាប់ឆ្នោតយកសម្លៀកបំពាក់របស់ខ្ញុំ។
25. នៅក្បែរឈើឆ្កាងមានម្ដាយរបស់ព្រះយេស៊ូ និងប្អូនស្រីរបស់ម្ដាយព្រះយេស៊ូ ព្រមទាំងនាងម៉ារាជាប្រពន្ធរបស់លោកក្លូប៉ាស និងម៉ារាជាអ្នកក្រុងម៉ាក់ដាឡាកំពុងឈរនៅទីនោះ។