យ៉ូហាន 19:12-27 Khmer Christian Bible (KCB)

12. បន្ទាប់ពី​នោះ​មក​ លោក​ពីឡាត់​ព្យាយាម​ដោះលែង​ព្រះអង្គ​ ប៉ុន្ដែ​ពួក​ជនជាតិ​យូដា​ស្រែក​ឡើង​ថា៖​ «បើ​លោក​ដោះលែង​វា​ លោក​មិនមែន​ជា​មិត្ត​របស់​ព្រះចៅអធិរាជ​ទេ​ ព្រោះ​អ្នកណា​តាំង​ខ្លួន​ធ្វើ​ជា​ស្ដេច​ អ្នក​នោះ​ប្រឆាំង​ព្រះចៅអធិរាជ​ហើយ!»​

13. ពេល​លោក​ពីឡាត់​ឮ​ពាក្យ​ដូច្នេះ​ ក៏​នាំ​ព្រះយេស៊ូ​ចេញ​មក​ ហើយ​គាត់​បាន​អង្គុយ​លើ​ទី​កាត់ក្តី​ ត្រង់​កន្លែង​មួយ​ដែល​ហៅ​ថា​ ទីលាន​ក្រាល​ថ្ម​ ភាសា​ហេព្រើរ​ហៅ​ថា​ កាបាថា។​

14. ពេល​នោះ​ជា​ថ្ងៃ​រៀបចំ​បុណ្យ​រំលង​ ហើយ​ប្រហែល​ជា​ម៉ោង​ដប់ពីរ​ថ្ងៃត្រង់​ លោក​ពីឡាត់​និយាយ​ទៅ​ពួក​ជនជាតិ​យូដា​ថា៖​ «មើល៍​ នេះ​ជា​ស្តេច​របស់​អ្នក​រាល់គ្នា»។​

15. ពេល​នោះ​ អ្នក​ទាំងនោះ​បាន​ស្រែក​ថា៖​ «សម្លាប់​ទៅ!​ សម្លាប់​ទៅ! ឆ្កាង​វា​ទៅ!»​ លោក​ពីឡាត់​សួរ​ពួកគេ​ថា៖​ «តើ​ឲ្យ​ខ្ញុំ​ឆ្កាង​ស្តេច​របស់​អ្នក​រាល់គ្នា​ឬ?»​ ពួក​សម្ដេច​សង្ឃ​ឆ្លើយ​ថា៖​ «យើង​គ្មាន​ស្តេច​ណា​ទៀត​ទេ​ ក្រៅពី​ព្រះចៅអធិរាជ!»​

16. ដូច្នេះ​លោក​ពីឡាត់​ក៏​ប្រគល់​ព្រះយេស៊ូ​ឲ្យ​គេ​ឆ្កាង​ ហើយ​ពួកគេ​ក៏​យក​ព្រះអង្គ​ទៅ​

17. ព្រះអង្គ​បាន​យាង​ចេញ​ទៅ​ ទាំង​លី​ឈើឆ្កាង​ដោយ​ខ្លួន​ឯង ​ឆ្ពោះ​ទៅ​កន្លែង​មួយ​ហៅ​ថា​តំបន់​លលាដ៌​ក្បាល​ដែល​ភាសា​ហេព្រើរ​ហៅ​ថា​ គាល់​កូថា។​

18. ពួកគេ​បាន​ឆ្កាង​ព្រះអង្គ​នៅ​កន្លែង​នោះ​ជាមួយ​មនុស្ស​ពីរ​នាក់​ទៀត​នៅ​សងខាង​ព្រះអង្គ​ គឺ​ព្រះយេស៊ូ​នៅ​កណ្តាល។​

19. លោក​ពីឡាត់​បាន​សរសេរ​ប្រកាស​មួយ​ឲ្យ​គេ​បិទ​នៅ​លើ​ឈើឆ្កាង​ ដោយ​សរសេរ​ថា៖​ «យេស៊ូ​ អ្នក​ក្រុង​ណាសារ៉ែត​ ស្តេច​របស់​ជនជាតិ​យូដា»។​

20. មាន​ជនជាតិ​យូដា​ជាច្រើន​បាន​អាន​ប្រកាស​នោះ​ ព្រោះ​កន្លែង​ដែល​គេ​ឆ្កាង​ព្រះយេស៊ូ​នោះ​នៅ​ជិត​ក្រុង​ ហើយ​ប្រកាស​នោះ​ គេ​បាន​សរសេរ​ជា​ភាសា​ហេព្រើរ​ ភាសា​ឡាតាំង​ និង​ភាសា​ក្រេក។​

21. ពេល​នោះ​ពួក​សម្តេច​សង្ឃ​របស់​ជនជាតិ​យូដា​បាន​ប្រាប់​លោក​ពីឡាត់​ថា៖​ «សូម​កុំ​សរសេរ​ថា​ ស្តេច​របស់​ជនជាតិ​យូដា​ គឺ​សូម​ដាក់​ថា​ វា​បាន​និយាយ​ថា​ ខ្ញុំ​ជា​ស្តេច​របស់​ជនជាតិ​យូដា»។​

22. លោក​ពីឡាត់​ឆ្លើយ​ថា៖​ «ខ្ញុំ​សរសេរ​អ្វី​ ខ្ញុំ​សរសេរ​ហើយ»។​

23. ពេល​ពួក​ទាហាន​បាន​ឆ្កាង​ព្រះយេស៊ូ​រួច​ហើយ​ ពួកគេ​ក៏​យក​អាវ​របស់​ព្រះអង្គ​មក​ចែក​ជា​បួន​ចំណែក​ ហើយ​ម្នាក់ៗ​បាន​មួយ​ចំណែក​ ព្រោះ​អាវ​ក្នុង​ជា​អាវ​ត្បាញ​គ្មាន​ថ្នេរ​ពី​លើ​រហូត​ដល់​ក្រោម​

24. ដូច្នេះ​ពួកគេ​ក៏​និយាយ​គ្នា​ថា៖​ «​កុំ​ហែក​អាវ​នេះ​អី​ ចូរ​យើង​ចាប់​ឆ្នោត​វិញ​ដើម្បី​ឲ្យ​ដឹង​ថា​ អាវ​នេះ​នឹង​ទៅ​ជា​របស់​អ្នកណា!»​ ពួក​ទាហាន​ធ្វើ​ដូច្នេះ​សម្រេច​តាម​បទគម្ពីរ​ដែល​ចែង​ទុក​ថា​ គេ​បាន​យក​អាវ​របស់​ខ្ញុំ​ចែក​គ្នា​ ហើយ​ចាប់​ឆ្នោត​យក​សម្លៀក​បំពាក់​របស់​ខ្ញុំ។​

25. នៅ​ក្បែរ​ឈើឆ្កាង​មាន​ម្ដាយ​របស់​ព្រះយេស៊ូ​ និង​ប្អូន​ស្រី​របស់​ម្ដាយ​ព្រះយេស៊ូ​ ព្រមទាំង​នាង​ម៉ារា​ជា​ប្រពន្ធ​របស់​លោក​ក្លូប៉ាស​ និង​ម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​កំពុង​ឈរ​នៅ​ទីនោះ។​

26. ពេល​ព្រះយេស៊ូ​ឃើញ​ម្ដាយ​ និង​សិស្ស​ម្នាក់​ដែល​ព្រះអង្គ​ស្រឡាញ់​កំពុង​ឈរ​នៅ​ក្បែរ​នោះ​ ក៏​មាន​បន្ទូល​ថា៖​ «អ្នក​ម្ដាយ​អើយ!​ មើល៍​ នេះ​ជា​កូន​របស់​អ្នក​ម្ដាយ​ហើយ!»​

27. ហើយ​ព្រះអង្គ​មាន​បន្ទូល​ទៅ​សិស្ស​ម្នាក់​នោះ​ថា៖​ «មើល៍​ នេះ​ជា​ម្តាយ​របស់​អ្នក​ហើយ!»​ តាំងពី​ពេល​នោះ​មក​ សិស្ស​ម្នាក់​នោះ​បាន​យក​នាង​ម៉ារា​ទៅ​នៅ​ផ្ទះ​របស់​គាត់។​

យ៉ូហាន 19