យ៉ូហាន 19:1-9 Khmer Christian Bible (KCB)

1. ដូច្នេះ​នៅ​ពេល​នោះ​ លោក​ពីឡាត់​បាន​យក​ព្រះយេស៊ូ​ទៅ​ ហើយ​ឲ្យ​គេ​វាយ​ព្រះអង្គ​នឹង​ខ្សែតី​

2. ពួក​ទាហាន​បាន​ក្រង​បន្លា​ធ្វើ​មកុដ​ពាក់​លើ​ព្រះសិរ​របស់​ព្រះអង្គ​ និង​បាន​យក​អាវ​ពណ៌ស្វាយ​មក​បំពាក់​ឲ្យ​ព្រះអង្គ​

3. ហើយ​ពួកគេ​ក៏​មក​ឯ​ព្រះអង្គ ​ទាំង​ទូល​ថា៖​ «សូម​ថ្វាយបង្គំ​ស្តេច​របស់​ជនជាតិ​យូដា!»​ រួច​ពួកគេ​ក៏​ទះ​កំផ្លៀង​ព្រះអង្គ។​

4. លោក​ពីឡាត់​បាន​ចេញ​មក​ខាង​ក្រៅ​ ហើយ​ប្រាប់​ពួកគេ​ម្តង​ទៀត​ថា៖​ «មើល៍ ​ខ្ញុំ​នាំ​គាត់​មក​ឯ​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ ខ្ញុំ​មិន​ឃើញ​ថា​ បុរស​ម្នាក់​នេះ​មាន​ទោស​សោះ!»​

5. ដូច្នេះ​ព្រះយេស៊ូ​ក៏​យាង​ចេញ​មក​ក្រៅ​ ទាំង​ពាក់​មកុដ​បន្លា​ និង​អាវ​ពណ៌ស្វាយ​នោះ​ រីឯ​លោក​ពីឡាត់​វិញ​និយាយ​ទៅ​ពួកគេ​ថា៖​ «មើល​ចុះ​ គឺ​បុរស​នេះ​ហើយ»។​

6. ពេល​ពួក​សម្តេច​សង្ឃ​ និង​ពួក​ឆ្មាំ​ព្រះវិហារ​បាន​ឃើញ​ព្រះអង្គ​ ពួកគេ​ក៏​ស្រែក​ឡើង​ថា៖​ «ឆ្កាង​វា​ទៅ!​ ឆ្កាង​វា​ទៅ!»​ លោក​ពីឡាត់​និយាយ​ទៅ​ពួកគេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​យក​គាត់​ទៅ​ឆ្កាង​ចុះ!​ ដ្បិត​ខ្ញុំ​មិន​ឃើញ​ថា​ បុរស​នេះ​មាន​ទោស​សោះ!»​

7. ពួក​ជនជាតិ​យូដា​ឆ្លើយ​ទៅ​លោក​ពីឡាត់​ថា៖​ «យើង​មាន​ក្រឹត្យវិន័យមួយ ហើយ​តាម​ក្រឹត្យវិន័យ​នោះ​ វា​ត្រូវ​ស្លាប់​ ព្រោះ​វា​បាន​តាំង​ខ្លួន​ឡើង​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់»។​

8. ដូច្នេះ​ពេល​លោក​ពីឡាត់​បាន​ឮ​ពាក្យ​នោះ​ គាត់​កាន់​តែ​ភ័យ​ខ្លាច​ថែម​ទៀត​

9. គាត់​ក៏​ចូល​ទៅ​ក្នុង​បន្ទាយ​ទ័ព​ម្ដង​ទៀត​ ហើយ​សួរ​ព្រះយេស៊ូ​ថា៖​ «តើ​អ្នក​មកពី​ណា?»​ ប៉ុន្ដែ​ព្រះយេស៊ូ​មិន​ឆ្លើយ​ប្រាប់​គាត់​ឡើយ។​

យ៉ូហាន 19