4. ខ្ញុំបានតម្កើងព្រះអង្គនៅផែនដីនេះ ហើយខ្ញុំក៏បានបង្ហើយកិច្ចការដែលព្រះអង្គបានប្រគល់ឲ្យខ្ញុំធ្វើដែរ
5. ដូច្នេះឱព្រះវរបិតាអើយ! សូមតម្កើងខ្ញុំជាមួយព្រះអង្គ ដោយសិរីរុងរឿងដែលខ្ញុំធ្លាប់មានជាមួយព្រះអង្គ តាំងពីមុនកំណើតពិភពលោក។
6. ខ្ញុំបានបង្ហាញឲ្យពួកអ្នកដែលព្រះអង្គបានជ្រើសរើសពីលោកិយប្រទានឲ្យខ្ញុំនោះបានស្គាល់ព្រះនាមរបស់ព្រះអង្គហើយ។ ពួកអ្នកទាំងនោះជារបស់ព្រះអង្គ ហើយព្រះអង្គបានប្រទានពួកគេឲ្យខ្ញុំ រួចពួកគេបានកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ។
7. ឥឡូវនេះពួកគេដឹងហើយថា អ្វីៗទាំងអស់ដែលព្រះអង្គបានប្រទានឲ្យខ្ញុំ គឺមកពីព្រះអង្គ
8. ដ្បិតព្រះបន្ទូលដែលព្រះអង្គបានប្រទានឲ្យខ្ញុំនោះ ខ្ញុំបានឲ្យពួកគេ ហើយពួកគេក៏ទទួលយក ទាំងដឹងច្បាស់ថា ខ្ញុំបានមកពីព្រះអង្គ និងជឿថា ព្រះអង្គបានចាត់ខ្ញុំឲ្យមកមែន។
9. ហើយខ្ញុំសុំសម្រាប់ពួកគេ មិនមែនសម្រាប់លោកិយនេះទេ គឺសម្រាប់អស់អ្នកដែលព្រះអង្គបានប្រទានឲ្យខ្ញុំ ព្រោះពួកគេជារបស់ព្រះអង្គ
10. រីឯអ្វីៗទាំងអស់ដែលជារបស់ខ្ញុំ គឺជារបស់ព្រះអង្គ ហើយអ្វីៗដែលជារបស់ព្រះអង្គក៏ជារបស់ខ្ញុំដែរ ដូច្នេះខ្ញុំត្រូវបានតម្កើងឡើងក្នុងចំណោមពួកគេ។
11. ពួកគេនៅក្នុងលោកិយនេះ រីឯខ្ញុំមិននៅក្នុងលោកិយនេះទៀតទេ ដ្បិតខ្ញុំនឹងទៅឯព្រះអង្គ។ ឱព្រះវរបិតាដ៏បរិសុទ្ធអើយ! សូមរក្សាអស់អ្នកដែលព្រះអង្គបានប្រទានឲ្យខ្ញុំនៅក្នុងព្រះនាមរបស់ព្រះអង្គ ដើម្បីឲ្យពួកគេត្រលប់ជាតែមួយដូចយើង
12. ដ្បិតពេលខ្ញុំនៅជាមួយពួកគេ ខ្ញុំបានរក្សាពួកគេនៅក្នុងព្រះនាមរបស់ព្រះអង្គដែលព្រះអង្គបានប្រទានឲ្យខ្ញុំ។ ខ្ញុំបានរក្សាពួកគេ ហើយគ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគេវិនាសឡើយ លើកលែងតែម្នាក់ប៉ុណ្ណោះដែលត្រូវវិនាស ដើម្បីឲ្យសម្រេចតាមបទគម្ពីរ។
13. ឥឡូវនេះ ខ្ញុំត្រូវទៅឯព្រះអង្គ ហើយខ្ញុំប្រកាសនៅក្នុងលោកិយនេះអំពីសេចក្ដីទាំងនេះ ដើម្បីឲ្យពួកគេមានអំណររបស់ខ្ញុំពេញបរិបូរនៅក្នុងពួកគេ។
14. ខ្ញុំបានឲ្យព្រះបន្ទូលរបស់ព្រះអង្គដល់ពួកគេ ហើយលោកិយនេះបានស្អប់ពួកគេ ព្រោះពួកគេមិនមែនជារបស់លោកិយនេះ ដូចដែលខ្ញុំមិនមែនជារបស់លោកិយនេះដែរ
15. ហើយខ្ញុំមិនសុំព្រះអង្គឲ្យដកយកពួកគេចេញពីលោកិយនេះទេ គឺសុំព្រះអង្គរក្សាពួកគេឲ្យរួចផុតពីអារក្សសាតាំង
16. ដូច្នេះពួកគេមិនមែនជារបស់លោកិយនេះ ដូចដែលខ្ញុំមិនមែនជារបស់លោកិយនេះដែរ
17. សូមញែកពួកគេជាបរិសុទ្ធដោយសេចក្ដីពិត ដ្បិតព្រះបន្ទូលរបស់ព្រះអង្គជាសេចក្ដីពិត។
18. ខ្ញុំចាត់ពួកគេឲ្យទៅក្នុងលោកិយនេះ ដូចដែលព្រះអង្គបានចាត់ខ្ញុំឲ្យមកក្នុងលោកិយនេះដែរ។
19. រីឯខ្ញុំវិញបានញែកខ្លួនជាបរិសុទ្ធសម្រាប់ពួកគេ ដើម្បីឲ្យពួកគេត្រូវបានញែកជាបរិសុទ្ធដោយសេចក្ដីពិតដែរ។
20. ខ្ញុំមិនសុំសម្រាប់តែអ្នកទាំងនេះប៉ុណ្ណោះទេ គឺសម្រាប់អស់អ្នកដែលបានជឿខ្ញុំដោយសារពាក្យរបស់ពួកគេដែរ
21. ដើម្បីឲ្យទាំងអស់គ្នាត្រលប់ជាតែមួយ ឱព្រះវរបិតាអើយ! ព្រះអង្គនៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងព្រះអង្គជាយ៉ាងណា សូមឲ្យពួកគេនៅក្នុងយើងយ៉ាងនោះដែរ ដើម្បីឲ្យលោកិយនេះជឿថា ព្រះអង្គបានចាត់ខ្ញុំឲ្យមកមែន។
22. សិរីរុងរឿងដែលព្រះអង្គបានប្រទានឲ្យខ្ញុំ ខ្ញុំបានឲ្យពួកគេ ដើម្បីឲ្យពួកគេបានត្រលប់ជាតែមួយដូចយើងជាតែមួយដែរ