យ៉ូហាន 14:7-14 Khmer Christian Bible (KCB)

7. ដូច្នេះ​បើ​អ្នក​រាល់គ្នា​ស្គាល់​ខ្ញុំ​ អ្នក​រាល់គ្នា​ក៏​ស្គាល់​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ដែរ។​ ចាប់​ពី​ពេល​នេះ​ត​ទៅ​ អ្នក​រាល់គ្នា​បាន​ស្គាល់ ​និង​បាន​ឃើញ​ព្រះអង្គ​ហើយ»។​

8. លោក​ភីលីព​ទូល​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ! ​សូម​បង្ហាញ​ឲ្យ​យើង​ឃើញ​ព្រះ​វរ​បិតា​ផង​ នោះ​យើង​ស្កប់​ចិត្ត​ហើយ»។​

9. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ភីលីព​អើយ!​ ខ្ញុំ​បាន​នៅ​ជាមួយ​អ្នក​រាល់គ្នា​យូរ​ហើយ​ តើ​អ្នក​នៅ​តែ​មិន​ទាន់​ស្គាល់​ខ្ញុំ​ទៀត​ឬ?​ អ្នកណា​ឃើញ​ខ្ញុំ​ក៏​ឃើញ​ព្រះ​វរ​បិតា​ដែរ​ ហេតុ​ដូចម្តេច​បាន​ជា​អ្នក​និយាយ​ថា​ សូម​បង្ហាញ​ឲ្យ​យើង​ឃើញ​ព្រះ​វរ​បិតា​ផង​ដូច្នេះ?​

10. តើ​អ្នក​មិន​ជឿ​ថា ​ខ្ញុំ​នៅ​ក្នុង​ព្រះ​វរ​បិតា​ ហើយ​ព្រះ​វរ​បិតា​នៅ​ក្នុង​ខ្ញុំ​ទេ​ឬ?​ ពាក្យ​សំដី​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​នោះ ​មិន​មែន​មកពី​ខ្លួន​ខ្ញុំ​ទេ​ គឺ​ព្រះ​វរ​បិតា​ដែល​នៅ​ក្នុង​ខ្ញុំ​ ព្រះអង្គ​បាន​ធ្វើ​កិច្ចការ​របស់​ព្រះអង្គ។​

11. ចូរ​ជឿ​ខ្ញុំ​ចុះ​ថា​ ខ្ញុំ​នៅ​ក្នុង​ព្រះ​វរ​បិតា​ ហើយ​ព្រះ​វរ​បិតា​នៅ​ក្នុង​ខ្ញុំ​ ប៉ុន្ដែ​បើ​មិន​ជឿ​ទេ​ ចូរ​ជឿ​ដោយ​ព្រោះតែ​កិច្ចការ​ទាំង​នោះ​ចុះ។​

12. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្នកណា​ជឿ​លើ​ខ្ញុំ​ អ្នក​នោះ​នឹង​ធ្វើ​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​ដែរ​ ហើយ​គេ​នឹង​ធ្វើ​កិច្ចការ​ធំ​ជាង​នោះ​ផង​ ព្រោះ​ខ្ញុំ​នឹង​ទៅ​ឯ​ព្រះ​វរ​បិតា​វិញ​

13. ហើយ​អ្នក​រាល់គ្នា​សុំ​អ្វី​ក៏​ដោយ ​ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ​ ខ្ញុំ​នឹង​ធ្វើ​ការ​នោះ​ ដើម្បី​ឲ្យ​ព្រះ​វរ​បិតា​បាន​តម្កើង​ឡើង​តាមរយៈ​ព្រះរាជ​បុត្រា​

14. ដូច្នេះ​បើ​អ្នក​រាល់គ្នា​សុំ​អ្វី​មួយ​ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ​ ខ្ញុំ​នឹង​ធ្វើ​ការ​នោះ។​

យ៉ូហាន 14