20. រួចនៅថ្ងៃនោះអ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះវរបិតារបស់ខ្ញុំ អ្នករាល់គ្នានៅក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងអ្នករាល់គ្នាដែរ។
21. ដូច្នេះអ្នកណាមានបញ្ញត្ដិរបស់ខ្ញុំ ហើយកាន់តាម អ្នកនោះហើយជាអ្នកស្រឡាញ់ខ្ញុំ រួចអ្នកណាដែលស្រឡាញ់ខ្ញុំ ព្រះវរបិតារបស់ខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយខ្ញុំក៏ស្រឡាញ់អ្នកនោះដែរ ព្រមទាំងបង្ហាញខ្លួនខ្ញុំឲ្យអ្នកនោះស្គាល់ផង»។
22. លោកយូដាស (មិនមែនអ៊ីស្ការីយ៉ុត) បានទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! តើហេតុអ្វីបានជាព្រះអង្គនឹងបង្ហាញខ្លួនឲ្យយើងស្គាល់ ប៉ុន្ដែមិនឲ្យមនុស្សលោកស្គាល់ដូច្នេះ?»
23. ព្រះយេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ «បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យរបស់ខ្ញុំ ហើយព្រះវរបិតារបស់ខ្ញុំនឹងស្រឡាញ់អ្នកនោះ រួចយើងនឹងមកឯអ្នកនោះ ហើយតាំងទីលំនៅនៅជាមួយអ្នកនោះ។
24. ឯអ្នកណាដែលមិនស្រឡាញ់ខ្ញុំ អ្នកនោះមិនកាន់តាមពាក្យរបស់ខ្ញុំឡើយ ហើយពាក្យដែលអ្នករាល់គ្នាឮ មិនមែនជាពាក្យរបស់ខ្ញុំទេ គឺជាព្រះបន្ទូលរបស់ព្រះវរបិតាដែលបានចាត់ខ្ញុំឲ្យមក
25. ដូច្នេះខ្ញុំប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះឲ្យហើយ នៅពេលដែលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ
26. រីឯអ្នកជំនួយជាព្រះវិញ្ញាណបរិសុទ្ធដែលព្រះវរបិតានឹងចាត់ឲ្យមកដោយនូវឈ្មោះរបស់ខ្ញុំ ព្រះអង្គនឹងបង្រៀនអ្នករាល់គ្នាអំពីសេចក្ដីទាំងអស់ ហើយរំលឹកអ្នករាល់គ្នាអំពីសេចក្ដីទាំងអស់ដែលខ្ញុំបានប្រាប់អ្នករាល់គ្នា។
27. ខ្ញុំទុកសេចក្ដីសុខសាន្តឲ្យអ្នករាល់គ្នា ខ្ញុំឲ្យសេចក្ដីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា គឺមិនមែនដូចជាមនុស្សលោកឲ្យអ្នករាល់គ្នាទេ ដូច្នេះកុំឲ្យចិត្តអ្នករាល់គ្នាជ្រួលច្របល់ ឬភ័យខ្លាចឡើយ។
28. អ្នករាល់គ្នាបានឮខ្ញុំប្រាប់អ្នករាល់គ្នារួចហើយថា ខ្ញុំទៅ ប៉ុន្ដែខ្ញុំនឹងមកឯអ្នករាល់គ្នាវិញ បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាមុខជាអរសប្បាយដោយព្រោះខ្ញុំទៅឯព្រះវរបិតា ដ្បិតព្រះវរបិតាវិសេសជាងខ្ញុំ។
29. ដូច្នេះខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយ មុនការនោះកើតឡើង ដើម្បីពេលការនោះកើតឡើង អ្នករាល់គ្នានឹងជឿ
30. ហើយខ្ញុំនិយាយជាមួយអ្នករាល់គ្នាមិនបានច្រើនទៀតទេ ដ្បិតមេដឹកនាំលោកិយនេះកំពុងមកហើយ គេធ្វើអ្វីខ្ញុំមិនបានទេ
31. ប៉ុន្ដែដើម្បីឲ្យមនុស្សលោកដឹងថា ខ្ញុំស្រឡាញ់ព្រះវរបិតា ហើយខ្ញុំធ្វើតាមដូចដែលព្រះវរបិតាបានបង្គាប់ខ្ញុំ។ ចូរក្រោកឡើង យើងចេញពីទីនេះទៅ។