យ៉ូហាន 14:17-31 Khmer Christian Bible (KCB)

17. ហើយ​នោះ​ជា​ព្រះវិញ្ញាណ​នៃ​សេចក្ដី​ពិត ​ប៉ុន្ដែ​ពិភពលោក​មិន​អាច​ទទួល​យក​ព្រះវិញ្ញាណ​នោះ​បាន​ទេ ​ព្រោះ​មើល​មិន​ឃើញ​ ហើយ​មិន​ស្គាល់​ផង​ ប៉ុន្ដែ​អ្នក​រាល់គ្នា​ស្គាល់​ហើយ​ ដ្បិត​ព្រះវិញ្ញាណ​នោះ​បាន​គង់​ជាមួយ​អ្នក​រាល់គ្នា​ ហើយ​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់គ្នា។​

18. រីឯ​ខ្ញុំ​មិនទុ​ក​ឲ្យ​អ្នក​រាល់គ្នា​នៅ​កំព្រា​ទេ​ ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់គ្នា​វិញ​

19. បន្តិច​ទៀត​នេះ​ មនុស្ស​លោក​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ​ ប៉ុន្តែ​អ្នក​រាល់គ្នា​នឹង​ឃើញ​ខ្ញុំ​ ហើយ​ដោយ​ព្រោះ​ខ្ញុំ​រស់​ នោះ​អ្នក​រាល់គ្នា​ក៏​រស់​ដែរ​

20. រួច​នៅ​ថ្ងៃ​នោះ​អ្នក​រាល់គ្នា​នឹង​ដឹង​ថា​ ខ្ញុំ​នៅ​ក្នុង​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ អ្នក​រាល់គ្នា​នៅ​ក្នុង​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​នៅ​ក្នុង​អ្នក​រាល់គ្នា​ដែរ។​

21. ដូច្នេះ​អ្នកណា​មាន​បញ្ញត្ដិ​របស់​ខ្ញុំ​ ហើយ​កាន់​តាម​ អ្នក​នោះ​ហើយ​ជា​អ្នក​ស្រឡាញ់​ខ្ញុំ​ រួច​អ្នកណា​ដែល​ស្រឡាញ់​ខ្ញុំ​ ព្រះ​វរ​បិតា​របស់​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ​ ហើយ​ខ្ញុំ​ក៏​ស្រឡាញ់​អ្នក​នោះ​ដែរ​ ព្រមទាំង​បង្ហាញ​ខ្លួន​ខ្ញុំ​ឲ្យ​អ្នក​នោះ​ស្គាល់​ផង»។​

22. លោក​យូដាស​ (មិន​មែន​អ៊ីស្ការីយ៉ុត)​ បាន​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ហេតុអ្វី​បាន​ជា​ព្រះអង្គ​នឹង​បង្ហាញ​ខ្លួន​ឲ្យ​យើង​ស្គាល់​ ប៉ុន្ដែ​មិន​ឲ្យ​មនុស្ស​លោក​ស្គាល់​ដូច្នេះ?»​

23. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «បើ​អ្នកណា​ស្រឡាញ់​ខ្ញុំ​ អ្នក​នោះ​នឹង​កាន់​តាម​ពាក្យ​របស់​ខ្ញុំ​ ហើយ​ព្រះ​វរ​បិតា​របស់​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ​ រួច​យើង​នឹង​មក​ឯ​អ្នក​នោះ​ ហើយ​តាំង​ទី​លំនៅ​នៅ​ជាមួយ​អ្នក​នោះ។​

24. ឯ​អ្នកណា​ដែល​មិន​ស្រឡាញ់​ខ្ញុំ​ អ្នក​នោះ​មិន​កាន់​តាម​ពាក្យ​របស់​ខ្ញុំ​ឡើយ​ ហើយ​ពាក្យ​ដែល​អ្នក​រាល់គ្នា​ឮ​ មិន​មែន​ជា​ពាក្យ​របស់​ខ្ញុំ​ទេ​ គឺ​ជា​ព្រះបន្ទូល​របស់​ព្រះ​វរ​បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​

25. ដូច្នេះ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំង​នេះ​ឲ្យ​ហើយ​ នៅ​ពេល​ដែល​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​នៅ​ឡើយ​

26. រីឯ​អ្នក​ជំនួយ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ព្រះ​វរ​បិតា​នឹង​ចាត់​ឲ្យ​មក​ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ​ ព្រះអង្គ​នឹង​បង្រៀន​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំង​អស់​ ហើយ​រំលឹក​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំង​អស់​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា។​

27. ខ្ញុំ​ទុក​សេចក្ដី​សុខសាន្ត​ឲ្យ​អ្នក​រាល់គ្នា​ ខ្ញុំ​ឲ្យ​សេចក្ដី​សុខសាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់គ្នា​ គឺ​មិន​មែន​ដូច​ជា​មនុស្ស​លោក​ឲ្យ​អ្នក​រាល់គ្នា​ទេ​ ដូច្នេះ​កុំ​ឲ្យ​ចិត្ត​អ្នក​រាល់គ្នា​ជ្រួល​ច្របល់​ ឬ​ភ័យខ្លាច​ឡើយ។​

28. អ្នក​រាល់គ្នា​បាន​ឮ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​រួច​ហើយ​ថា​ ខ្ញុំ​ទៅ​ ប៉ុន្ដែ​ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់គ្នា​វិញ​ បើ​អ្នក​រាល់គ្នា​ស្រឡាញ់​ខ្ញុំ​ អ្នក​រាល់គ្នា​មុខ​ជា​អរ​សប្បាយ​ដោយ​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះ​វរ​បិតា​ ដ្បិត​ព្រះ​វរ​បិតា​វិសេស​ជាង​ខ្ញុំ។​

29. ដូច្នេះ​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​រួច​ហើយ​ មុន​ការ​នោះ​កើត​ឡើង​ ដើម្បី​ពេល​ការ​នោះ​កើត​ឡើង​ អ្នក​រាល់គ្នា​នឹង​ជឿ​

30. ហើយ​ខ្ញុំ​និយាយ​ជាមួយ​អ្នក​រាល់គ្នា​មិន​បាន​ច្រើន​ទៀត​ទេ​ ដ្បិត​មេ​ដឹកនាំ​លោកិយ​នេះ​កំពុង​មក​ហើយ​ គេ​ធ្វើ​អ្វី​ខ្ញុំ​មិន​បាន​ទេ​

31. ប៉ុន្ដែ​ដើម្បី​ឲ្យ​មនុស្ស​លោក​ដឹង​ថា​ ខ្ញុំ​ស្រឡាញ់​ព្រះ​វរ​បិតា​ ហើយ​ខ្ញុំ​ធ្វើ​តាម​ដូច​ដែល​ព្រះ​វរ​បិតា​បាន​បង្គាប់​ខ្ញុំ។​ ចូរ​ក្រោក​ឡើង​ យើង​ចេញ​ពី​ទី​នេះ​ទៅ។​

យ៉ូហាន 14