1. កុំឲ្យចិត្តរបស់អ្នករាល់គ្នាជ្រួលច្របល់ឡើយ អ្នករាល់គ្នាជឿលើព្រះជាម្ចាស់ហើយ ចូរជឿខ្ញុំដែរ
2. នៅក្នុងដំណាក់ព្រះវរបិតារបស់ខ្ញុំមានលំនៅច្រើន ប៉ុន្ដែបើគ្មានទេ ខ្ញុំក៏មិនប្រាប់អ្នករាល់គ្នាដែរ ដ្បិតខ្ញុំទៅដើម្បីរៀបចំកន្លែងសម្រាប់អ្នករាល់គ្នា។
3. ដូច្នេះបើខ្ញុំទៅរៀបចំកន្លែងសម្រាប់អ្នករាល់គ្នា នោះខ្ញុំនឹងត្រលប់មកវិញ ហើយទទួលអ្នករាល់គ្នាទៅជាមួយខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ
4. ហើយកន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាក៏ស្គាល់ផ្លូវនោះដែរ»។
5. លោកថូម៉ាសទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! យើងមិនដឹងថាព្រះអង្គយាងទៅណាទេ ដូច្នេះតើធ្វើដូចម្តេចឲ្យយើងអាចស្គាល់ផ្លូវនោះបាន?»
6. ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត គ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ
7. ដូច្នេះបើអ្នករាល់គ្នាស្គាល់ខ្ញុំ អ្នករាល់គ្នាក៏ស្គាល់ព្រះវរបិតារបស់ខ្ញុំដែរ។ ចាប់ពីពេលនេះតទៅ អ្នករាល់គ្នាបានស្គាល់ និងបានឃើញព្រះអង្គហើយ»។
8. លោកភីលីពទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមបង្ហាញឲ្យយើងឃើញព្រះវរបិតាផង នោះយើងស្កប់ចិត្តហើយ»។
9. ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ភីលីពអើយ! ខ្ញុំបាននៅជាមួយអ្នករាល់គ្នាយូរហើយ តើអ្នកនៅតែមិនទាន់ស្គាល់ខ្ញុំទៀតឬ? អ្នកណាឃើញខ្ញុំក៏ឃើញព្រះវរបិតាដែរ ហេតុដូចម្តេចបានជាអ្នកនិយាយថា សូមបង្ហាញឲ្យយើងឃើញព្រះវរបិតាផងដូច្នេះ?
10. តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតានៅក្នុងខ្ញុំទេឬ? ពាក្យសំដីដែលខ្ញុំបានប្រាប់អ្នករាល់គ្នានោះ មិនមែនមកពីខ្លួនខ្ញុំទេ គឺព្រះវរបិតាដែលនៅក្នុងខ្ញុំ ព្រះអង្គបានធ្វើកិច្ចការរបស់ព្រះអង្គ។
11. ចូរជឿខ្ញុំចុះថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតានៅក្នុងខ្ញុំ ប៉ុន្ដែបើមិនជឿទេ ចូរជឿដោយព្រោះតែកិច្ចការទាំងនោះចុះ។
12. ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាជឿលើខ្ញុំ អ្នកនោះនឹងធ្វើកិច្ចការដែលខ្ញុំធ្វើដែរ ហើយគេនឹងធ្វើកិច្ចការធំជាងនោះផង ព្រោះខ្ញុំនឹងទៅឯព្រះវរបិតាវិញ
13. ហើយអ្នករាល់គ្នាសុំអ្វីក៏ដោយ ដោយនូវឈ្មោះរបស់ខ្ញុំ ខ្ញុំនឹងធ្វើការនោះ ដើម្បីឲ្យព្រះវរបិតាបានតម្កើងឡើងតាមរយៈព្រះរាជបុត្រា
14. ដូច្នេះបើអ្នករាល់គ្នាសុំអ្វីមួយដោយនូវឈ្មោះរបស់ខ្ញុំ ខ្ញុំនឹងធ្វើការនោះ។