39. ដូច្នេះហើយ ពួកគេមិនអាចជឿបានឡើយ ព្រោះលោកអេសាយបានថ្លែងទុកទៀតថា
40. ព្រះអង្គបានធ្វើឲ្យភ្នែករបស់ពួកគេខ្វាក់ ហើយឲ្យចិត្តរបស់ពួកគេរឹង ដើម្បីកុំឲ្យពួកគេមើលឃើញដោយភ្នែក ហើយយល់នៅក្នុងចិត្ដ រួចប្រែចិត្ត នោះយើងនឹងប្រោសពួកគេឲ្យជា។
41. លោកអេសាយនិយាយអំពីសេចក្ដីទាំងនេះ ព្រោះគាត់បានឃើញសិរីរុងរឿងរបស់ព្រះអង្គ ហើយគាត់ក៏ថ្លែងទុកអំពីព្រះអង្គ។
42. ទោះជាយ៉ាងណាក្ដី ក៏មានច្រើននាក់ក្នុងចំណោមពួកមេដឹកនាំជឿលើព្រះអង្គដែរ ប៉ុន្ដែដោយសារតែពួកអ្នកខាងគណៈផារិស៊ី ពួកគេមិនប្រកាសជំនឿរបស់ខ្លួនទេ ក្រែងលោត្រូវបណ្ដេញចេញពីសាលាប្រជុំ
43. ព្រោះពួកគេចូលចិត្តការសរសើររបស់មនុស្សជាងការសរសើររបស់ព្រះជាម្ចាស់។
44. ព្រះយេស៊ូបន្លឺសំឡេងឡើងថា៖ «អ្នកណាដែលជឿលើខ្ញុំ អ្នកនោះមិនមែនជឿលើខ្ញុំទេ គឺជឿលើព្រះមួយអង្គដែលបានចាត់ខ្ញុំឲ្យមក
45. ហើយអ្នកណាដែលឃើញខ្ញុំ អ្នកនោះក៏ឃើញព្រះមួយអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ
46. ខ្ញុំជាពន្លឺមួយដែលមកក្នុងពិភពលោកនេះ ដើម្បីឲ្យអស់អ្នកដែលជឿលើខ្ញុំមិននៅក្នុងសេចក្ដីងងឹតទៀតឡើយ
47. បើអ្នកណាឮពាក្យរបស់ខ្ញុំ ប៉ុន្ដែមិនធ្វើតាម នោះខ្ញុំក៏មិនដាក់ទោសគេដែរ ដ្បិតខ្ញុំមិនមែនមកដាក់ទោសមនុស្សលោកឡើយ គឺមកសង្គ្រោះមនុស្សលោកវិញ
48. អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលពាក្យរបស់ខ្ញុំ អ្នកនោះមានចៅក្រមដាក់ទោសគេហើយ គឺជាពាក្យដែលខ្ញុំបាននិយាយនោះឯងដែលនឹងដាក់ទោសគេនៅថ្ងៃចុងក្រោយ