យ៉ូហាន 12:35-43 Khmer Christian Bible (KCB)

35. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ពន្លឺ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​តែមួយ​រយៈពេល​ខ្លី​ទេ​ ដូច្នេះ​ចូរ​ដើរ​នៅ​ពេល​ដែល​អ្នក​រាល់គ្នា​នៅ​មាន​ពន្លឺ​ចុះ​ ដើម្បី​កុំ​ឲ្យ​សេចក្ដី​ងងឹត​តាម​អ្នក​រាល់គ្នា​ទាន់​ ឯ​អ្នក​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត​ គេ​មិន​ដឹង​ថា​ ខ្លួង​ឯង​កំពុង​ទៅ​ណា​ទេ​។​

36. ចូរ​ជឿ​លើ​​ពន្លឺ​ចុះ​ ទាន់​អ្នក​រាល់គ្នា​នៅ​មាន​ពន្លឺ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​កូន​នៃ​ពន្លឺ»។ ​កាល​ព្រះយេស៊ូ​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​ហើយ​ ព្រះអង្គ​ក៏​យាង​ចេញ​ទៅ​ ហើយ​លាក់​ខ្លួន​ពី​ពួកគេ។​

37. ទោះបី​ព្រះយេស៊ូ​បាន​ធ្វើ​ទី​សំគាល់​អស្ចារ្យ​ជាច្រើន​នៅ​ចំពោះ​មុខ​ពួកគេ​យ៉ាង​ណា​ក៏​ដោយ​ ក៏​ពួកគេ​នៅ​តែ​មិន​ជឿ​លើ​ព្រះអង្គ​ដែរ​

38. ដូច្នេះ​ក៏​សម្រេច​តាម​ពាក្យ​របស់​លោក​អេសាយ​ជា​អ្នក​នាំ​ព្រះបន្ទូល​ដែល​បាន​ថ្លែង​ទុក​មក​ថា​ ព្រះអម្ចាស់​អើយ!​ តើ​អ្នកណា​ជឿ​លើ​សេចក្ដី​ដែល​យើង​បាន​ប្រាប់?​ តើ​ព្រះហស្ត​របស់​ព្រះអម្ចាស់​បើក​សំដែង​ឲ្យ​អ្នកណា​ឃើញ​វិញ?​

39. ដូច្នេះ​ហើយ​ ពួកគេ​មិន​អាច​ជឿ​បាន​ឡើយ​ ព្រោះ​លោក​អេសាយ​បាន​ថ្លែង​ទុក​ទៀត​ថា​

40. ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​ពួកគេ​ខ្វាក់​ ហើយ​ឲ្យ​ចិត្ត​របស់​ពួកគេ​រឹង​ ដើម្បី​កុំ​ឲ្យ​ពួកគេ​មើល​ឃើញ​ដោយ​ភ្នែក​ ហើយ​យល់​នៅ​ក្នុង​ចិត្ដ ​រួច​ប្រែចិត្ត​ នោះ​យើង​នឹង​ប្រោស​ពួកគេ​ឲ្យ​ជា។​

41. លោក​អេសាយ​និយាយ​អំពី​សេចក្ដី​ទាំង​នេះ​ ព្រោះ​គាត់​បាន​ឃើញ​សិរី​រុងរឿង​របស់​ព្រះអង្គ​ ហើយ​គាត់​ក៏​ថ្លែង​ទុក​អំពី​ព្រះអង្គ។​

42. ទោះ​ជា​យ៉ាង​ណា​ក្ដី​ ក៏​មាន​ច្រើន​នាក់​ក្នុង​ចំណោម​ពួក​មេ​ដឹកនាំ​ជឿ​លើ​ព្រះអង្គ​ដែរ​ ប៉ុន្ដែ​ដោយសារ​តែ​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ ពួកគេ​មិន​ប្រកាស​ជំនឿ​របស់​ខ្លួន​ទេ​ ក្រែងលោ​ត្រូវ​បណ្ដេញ​ចេញ​ពី​សាលា​ប្រជុំ​

43. ព្រោះ​ពួកគេ​ចូល​ចិត្ត​ការ​សរសើរ​របស់​មនុស្ស​ជាង​ការ​សរសើរ​របស់​ព្រះជាម្ចាស់។​

យ៉ូហាន 12