26. បើអ្នកណាបម្រើខ្ញុំ ចូរឲ្យអ្នកនោះមកតាមខ្ញុំចុះ ខ្ញុំនៅទីណា អ្នកបម្រើរបស់ខ្ញុំក៏នៅទីនោះដែរ ហើយបើអ្នកណាបម្រើខ្ញុំ នោះព្រះវរបិតានឹងលើកមុខអ្នកនោះឡើង។
27. ឥឡូវនេះ ខ្ញុំមានចិត្តជ្រួលច្របល់ណាស់ តើត្រូវឲ្យខ្ញុំនិយាយដូចម្តេច? ឱព្រះវរបិតាអើយ! សូមសង្គ្រោះខ្ញុំពីពេលនេះផង ប៉ុន្ដែដោយព្រោះការនេះហើយ បានជាខ្ញុំមកដល់ពេលកំណត់នេះ
28. ឱព្រះវរបិតាអើយ សូមតម្កើងព្រះនាមរបស់ព្រះអង្គ!»។ នោះស្រាប់តែមានសំឡេងមួយពីលើមេឃមកថា៖ «យើងបានតម្កើងឡើងហើយ យើងនឹងតម្កើងឡើងទៀត»។
29. ពេលនោះ បណ្តាជនដែលឈរនៅទីនោះបានឮ ក៏និយាយថា៖ «មានផ្គរលាន់!» អ្នកខ្លះទៀតនិយាយថា៖ «មានទេវតានិយាយជាមួយគាត់»
30. ប៉ុន្ដែព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «សំឡេងនេះមក មិនមែនដោយព្រោះខ្ញុំទេ គឺដោយព្រោះអ្នករាល់គ្នាវិញ
31. ឥឡូវនេះជាពេលជំនុំជម្រះពិភពលោកនេះ ហើយត្រូវបណ្ដេញពួកអ្នកគ្រប់គ្រងពិភពលោកនេះចេញ
32. រីឯខ្ញុំវិញ បើខ្ញុំត្រូវបានលើកឡើងពីផែនដីនេះ នោះខ្ញុំនឹងនាំមនុស្សទាំងអស់ឲ្យមកឯខ្ញុំ»។
33. ព្រះអង្គមានបន្ទូលដូច្នេះដើម្បីបង្ហាញថា ការដែលព្រះអង្គសោយទិវង្គត ជាការសោយទិវង្គតបែបណា។
34. បណ្ដាជនទូលឆ្លើយទៅព្រះអង្គថា៖ «យើងបានឮពីគម្ពីរវិន័យថា ព្រះគ្រិស្ដត្រូវគង់នៅអស់កល្បជានិច្ច ចុះហេតុដូចម្តេចបានជាអ្នកនិយាយថា កូនមនុស្សត្រូវលើកឡើងដូច្នេះ? តើកូនមនុស្សនោះជានរណា?»
35. ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ពន្លឺនៅក្នុងចំណោមអ្នករាល់គ្នាតែមួយរយៈពេលខ្លីទេ ដូច្នេះចូរដើរនៅពេលដែលអ្នករាល់គ្នានៅមានពន្លឺចុះ ដើម្បីកុំឲ្យសេចក្ដីងងឹតតាមអ្នករាល់គ្នាទាន់ ឯអ្នកដែលដើរក្នុងសេចក្ដីងងឹត គេមិនដឹងថា ខ្លួងឯងកំពុងទៅណាទេ។