12. នៅថ្ងៃបន្ទាប់ កាលបណ្តាជនច្រើនកុះករ ដែលមកចូលរួមពិធីបុណ្យបានឮថា ព្រះយេស៊ូកំពុងយាងមកក្រុងយេរូសាឡិម
13. នោះពួកគេ ក៏យកធាងចាកចេញទៅទទួលព្រះអង្គ ទាំងស្រែកថា៖ «ហូសាណា សូមថ្វាយព្រះពរដល់ព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ជាស្តេចរបស់ជនជាតិអ៊ីស្រាអែល!»
14. កាលព្រះយេស៊ូរកបានកូនលាមួយក្បាល នោះព្រះអង្គក៏គង់លើខ្នងវា ស្របតាមសេចក្ដីដែលបានចែងទុកមកថា
15. កុំខ្លាចអី កូនស្រីក្រុងស៊ីយ៉ូនអើយ! មើល៍ ស្ដេចរបស់អ្នកយាងមកហើយ ព្រះអង្គគង់លើខ្នងកូនលា។
16. មុនដំបូងពួកសិស្សរបស់ព្រះអង្គមិនយល់សេចក្ដីទាំងនេះទេ ប៉ុន្ដែកាលព្រះយេស៊ូបានតម្កើងឡើង នោះទើបពួកគេនឹកឃើញថា សេចក្ដីទាំងនេះបានចែងទុកអំពីព្រះអង្គ ហើយពួកគេក៏បានធ្វើកិច្ចការទាំងនោះសម្រាប់ព្រះអង្គដែរ។
17. រីឯបណ្តាជនដែលនៅជាមួយព្រះអង្គ ពួកគេបានធ្វើបន្ទាល់អំពីការដែលព្រះអង្គបានហៅឡាសារឲ្យចេញពីផ្នូរ និងបានប្រោសគាត់ឲ្យរស់ពីស្លាប់ឡើងវិញ
18. ដូច្នេះហើយបានជាមានបណ្តាជនទៅទទួលព្រះអង្គ ព្រោះពួកគេឮថា ព្រះអង្គបានធ្វើទីសំគាល់អស្ចារ្យនោះ។
19. ពេលនោះពួកអ្នកខាងគណៈផារិស៊ីនិយាយគ្នាថា៖ «ឃើញទេ យើងមិនឈ្នះទេ មើល៍ មនុស្សទៅតាមអ្នកនោះអស់ហើយ!»។
20. ក្នុងចំណោមពួកអ្នកដែលឡើងទៅថ្វាយបង្គំនៅក្នុងពិធីបុណ្យនោះ ក៏មានជនជាតិក្រេកខ្លះដែរ
21. អ្នកទាំងនោះបានចូលមកជិតលោកភីលីព ជាអ្នកក្រុងបេតសៃដា ក្នុងស្រុកកាលីឡេ ហើយពួកគេសុំគាត់ថា៖ «លោក! យើងចង់ឃើញព្រះយេស៊ូ»
22. ដូច្នេះលោកភីលីពបានទៅប្រាប់លោកអនទ្រេ ហើយលោកអនទ្រេ និងលោកភីលីពក៏ទៅទូលព្រះយេស៊ូ។
23. ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគាត់ថា៖ «ពេលដែលកូនមនុស្សត្រូវតម្កើងឡើងនោះ បានមកដល់ហើយ
24. ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា គ្រាប់ស្រូវដែលធ្លាក់ចុះទៅដី បើមិនងាប់ទេ គ្រាប់នោះនៅតែមួយដដែល ប៉ុន្ដែបើងាប់វិញ នោះទើបបង្កើតផលបានច្រើន
25. អ្នកណាដែលស្រឡាញ់ជីវិតខ្លួន នោះនឹងបាត់ជីវិតទៅ ប៉ុន្ដែអ្នកណាដែលស្អប់ជីវិតខ្លួននៅក្នុងលោកិយនេះ អ្នកនោះនឹងរក្សាជីវិតបានរហូតអស់កល្បជានិច្ច
26. បើអ្នកណាបម្រើខ្ញុំ ចូរឲ្យអ្នកនោះមកតាមខ្ញុំចុះ ខ្ញុំនៅទីណា អ្នកបម្រើរបស់ខ្ញុំក៏នៅទីនោះដែរ ហើយបើអ្នកណាបម្រើខ្ញុំ នោះព្រះវរបិតានឹងលើកមុខអ្នកនោះឡើង។
27. ឥឡូវនេះ ខ្ញុំមានចិត្តជ្រួលច្របល់ណាស់ តើត្រូវឲ្យខ្ញុំនិយាយដូចម្តេច? ឱព្រះវរបិតាអើយ! សូមសង្គ្រោះខ្ញុំពីពេលនេះផង ប៉ុន្ដែដោយព្រោះការនេះហើយ បានជាខ្ញុំមកដល់ពេលកំណត់នេះ