យ៉ូហាន 10:29-42 Khmer Christian Bible (KCB)

29. រីឯ​ព្រះ​វរ​បិតា​ដែល​បាន​ប្រទាន​ពួកវា​មក​ឲ្យ​ខ្ញុំ​ ព្រះអង្គ​ធំ​ជាង​អ្វីៗ​ទាំង​អស់​ ដូច្នេះ​គ្មាន​អ្នកណា​អាច​ឆក់​យក​ពួកវា​ពី​ព្រះហស្ត​របស់​ព្រះ​វរ​បិតា​បាន​ឡើយ​

30. ហើយ​ខ្ញុំ​ និង​ព្រះ​វរ​បិតា​ គឺ​តែមួយ»។​

31. ពួក​ជនជាតិ​យូដា​ក៏​រើស​ដុំ​ថ្ម​ម្ដង​ទៀត​ដើម្បី​គប់​ព្រះអង្គ​

32. ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​បាន​បង្ហាញ​ឲ្យ​អ្នក​រាល់គ្នា​ឃើញ​កិច្ចការ​ល្អ​ជាច្រើន​ដែល​មកពី​ព្រះ​វរ​បិតា​ តើ​ដោយ​ព្រោះ​កិច្ចការ​ណា​មួយ​ឬ​ ទើប​អ្នក​រាល់គ្នា​រក​គប់​ខ្ញុំ​នឹង​ដុំ​ថ្ម​ដូច្នេះ?»​

33. ពួក​ជនជាតិ​យូដា​តប​ទៅ​ព្រះអង្គ​ថា៖​ «យើង​គប់​អ្នក​នឹង​ដុំ​ថ្ម​នេះ​ មិន​មែន​ដោយ​ព្រោះ​កិច្ចការ​ល្អ​ណា​មួយ​ទេ​ គឺ​អ្នក​ប្រមាថ​ព្រះជាម្ចាស់​ ដ្បិត​អ្នក​ជា​មនុស្ស​ ហើយ​តាំង​ខ្លួន​ឯង​ជា​ព្រះជាម្ចាស់»។​

34. ព្រះយេស៊ូ​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «តើ​គ្មាន​សេចក្ដី​ចែង​ទុក​ក្នុង​គម្ពីរ​វិន័យ​របស់​អ្នក​រាល់គ្នា​ទេ​ឬ​ថា​ យើង​ប្រាប់​ហើយ​ថា​ អ្នក​រាល់គ្នា​ជា​ព្រះ?​

35. គេ​មិន​អាច​លុប​បទគម្ពីរ​បាន​ជា​ដាច់ខាត​ ដូច្នេះ​បើ​ព្រះជាម្ចាស់​ហៅ​អស់​អ្នក​ដែល​បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះអង្គ​ទាំង​នោះ​ថា​ ព្រះ​

36. ចុះ​ទម្រាំ​ព្រះ​មួយ​អង្គ​ដែល​ព្រះ​វរ​បិតា​ញែក​ជា​បរិសុទ្ធ​ ហើយ​បាន​ចាត់​ឲ្យ​មក​ក្នុង​ពិភពលោក​នេះ​វិញ​ តើ​អ្នក​រាល់គ្នា​ស្ដី​ឲ្យ​ខ្ញុំ​ថា​ អ្នក​ប្រមាថ​ព្រះជាម្ចាស់​ ដោយ​ព្រោះ​ខ្ញុំ​និយាយ​ថា​ ខ្ញុំ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់‍​ឬ?​

37. បើ​ខ្ញុំ​មិន​ធ្វើ​កិច្ចការ​របស់​ព្រះ​វរ​បិតា​ខ្ញុំ​ទេ​ ចូរ​កុំ​ជឿ​ខ្ញុំ​ឡើយ​

38. ផ្ទុយ​ទៅ​វិញ​បើ​ខ្ញុំ​ធ្វើ​ នោះ​ទោះ​ជា​អ្នក​រាល់គ្នា​មិន​ជឿ​ខ្ញុំ​ក្ដី​ ចូរ​ជឿ​លើ​កិច្ចការ​ទាំង​នោះ​ចុះ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ដឹង​ ហើយ​យល់​ថែម​ទៀត​ថា​ ព្រះ​វរ​បិតា​នៅ​ក្នុង​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​នៅ​ក្នុង​ព្រះ​វរ​បិតា​ដែរ»។​

39. ពេល​នោះ​ ពួកគេ​រក​ចាប់​ព្រះអង្គ​ម្តង​ទៀត​ ប៉ុន្ដែ​ព្រះអង្គ​បាន​គេច​ផុត​ពី​ពួកគេ​

40. ហើយ​ក៏​យាង​ទៅ​ឆ្លង​អូរ​យ័រដាន់​ម្ដង​ទៀត​ ត្រង់​កន្លែង​ដែល​លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​កាល​ពីមុន​ ហើយ​ព្រះអង្គ​ក៏​បាន​ស្នាក់​នៅ​ទី​នោះ​

41. រួច​មាន​មនុស្ស​ជាច្រើន​មក​រក​ព្រះអង្គ​ ហើយ​និយាយ​ថា៖​ «លោក​យ៉ូហាន​មិន​បាន​ធ្វើ​ទី​សំគាល់​អស្ចារ្យ​ណា​មួយ​ទេ​ ប៉ុន្ដែ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​គាត់​និយាយ​អំពី​អ្នក​នេះសុទ្ធ​តែ​ពិត​ទាំង​អស់»​

42. ដូច្នេះមាន​មនុស្ស​ជាច្រើន​បាន​ជឿ​លើ​ព្រះអង្គ​នៅ​ទីនោះ​។

យ៉ូហាន 10