យ៉ូហាន 10:23-37 Khmer Christian Bible (KCB)

23. ហើយ​នៅ​ក្នុង​ព្រះវិហារ​ ព្រះយេស៊ូ​កំពុង​យាង​ចុះ​ឡើង​នៅ​ក្នុង​សាលា​សំណាក់​សាឡូម៉ូន​

24. នោះ​មាន​ពួក​ជនជាតិ​យូដា​ចោម​រោម​ព្រះអង្គ​ ទាំង​ទូល​សួរ​ថា៖​ «តើ​ឲ្យ​ចិត្ដ​របស់​យើង​នៅ​រារែក​ដល់​ពេលណា?​ បើ​អ្នក​ជា​ព្រះគ្រិស្ដ​មែន​ សូម​ប្រាប់​យើង​ត្រង់ៗ​មក»​

25. ព្រះយេស៊ូ​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​រួច​ហើយ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​មិន​ជឿ​ ហើយ​កិច្ចការ​ទាំង​ប៉ុន្មាន​ ដែល​ខ្ញុំ​ធ្វើ​ក្នុង​ព្រះនាម​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ ក៏​បាន​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ​ដែរ​

26. ប៉ុន្ដែ​អ្នក​រាល់គ្នា​មិន​ជឿ​ទេ​ ព្រោះ​អ្នក​រាល់គ្នា​មិន​មែន​ជា​ចៀម​របស់​ខ្ញុំ​

27. ដ្បិត​ចៀម​របស់​ខ្ញុំ​ស្តាប់​សំឡេង​របស់​ខ្ញុំ​ ឯ​ខ្ញុំ​ក៏​ស្គាល់​ពួកវា​ ហើយ​ពួកវា​ក៏​មក​តាម​ខ្ញុំ​

28. រួច​ខ្ញុំ​ឲ្យ​ជីវិត​អស់កល្ប​ជានិច្ច​ដល់​ពួកវា​ នោះ​ពួកវា​មិន​ត្រូវ​វិនាស​ឡើយ​រហូត​អស់កល្ប​ ហើយ​គ្មាន​អ្នកណា​នឹង​ឆក់​យក​ពួកវា​ពី​ដៃ​របស់​ខ្ញុំ​បាន​ឡើយ​

29. រីឯ​ព្រះ​វរ​បិតា​ដែល​បាន​ប្រទាន​ពួកវា​មក​ឲ្យ​ខ្ញុំ​ ព្រះអង្គ​ធំ​ជាង​អ្វីៗ​ទាំង​អស់​ ដូច្នេះ​គ្មាន​អ្នកណា​អាច​ឆក់​យក​ពួកវា​ពី​ព្រះហស្ត​របស់​ព្រះ​វរ​បិតា​បាន​ឡើយ​

30. ហើយ​ខ្ញុំ​ និង​ព្រះ​វរ​បិតា​ គឺ​តែមួយ»។​

31. ពួក​ជនជាតិ​យូដា​ក៏​រើស​ដុំ​ថ្ម​ម្ដង​ទៀត​ដើម្បី​គប់​ព្រះអង្គ​

32. ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​បាន​បង្ហាញ​ឲ្យ​អ្នក​រាល់គ្នា​ឃើញ​កិច្ចការ​ល្អ​ជាច្រើន​ដែល​មកពី​ព្រះ​វរ​បិតា​ តើ​ដោយ​ព្រោះ​កិច្ចការ​ណា​មួយ​ឬ​ ទើប​អ្នក​រាល់គ្នា​រក​គប់​ខ្ញុំ​នឹង​ដុំ​ថ្ម​ដូច្នេះ?»​

33. ពួក​ជនជាតិ​យូដា​តប​ទៅ​ព្រះអង្គ​ថា៖​ «យើង​គប់​អ្នក​នឹង​ដុំ​ថ្ម​នេះ​ មិន​មែន​ដោយ​ព្រោះ​កិច្ចការ​ល្អ​ណា​មួយ​ទេ​ គឺ​អ្នក​ប្រមាថ​ព្រះជាម្ចាស់​ ដ្បិត​អ្នក​ជា​មនុស្ស​ ហើយ​តាំង​ខ្លួន​ឯង​ជា​ព្រះជាម្ចាស់»។​

34. ព្រះយេស៊ូ​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «តើ​គ្មាន​សេចក្ដី​ចែង​ទុក​ក្នុង​គម្ពីរ​វិន័យ​របស់​អ្នក​រាល់គ្នា​ទេ​ឬ​ថា​ យើង​ប្រាប់​ហើយ​ថា​ អ្នក​រាល់គ្នា​ជា​ព្រះ?​

35. គេ​មិន​អាច​លុប​បទគម្ពីរ​បាន​ជា​ដាច់ខាត​ ដូច្នេះ​បើ​ព្រះជាម្ចាស់​ហៅ​អស់​អ្នក​ដែល​បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះអង្គ​ទាំង​នោះ​ថា​ ព្រះ​

36. ចុះ​ទម្រាំ​ព្រះ​មួយ​អង្គ​ដែល​ព្រះ​វរ​បិតា​ញែក​ជា​បរិសុទ្ធ​ ហើយ​បាន​ចាត់​ឲ្យ​មក​ក្នុង​ពិភពលោក​នេះ​វិញ​ តើ​អ្នក​រាល់គ្នា​ស្ដី​ឲ្យ​ខ្ញុំ​ថា​ អ្នក​ប្រមាថ​ព្រះជាម្ចាស់​ ដោយ​ព្រោះ​ខ្ញុំ​និយាយ​ថា​ ខ្ញុំ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់‍​ឬ?​

37. បើ​ខ្ញុំ​មិន​ធ្វើ​កិច្ចការ​របស់​ព្រះ​វរ​បិតា​ខ្ញុំ​ទេ​ ចូរ​កុំ​ជឿ​ខ្ញុំ​ឡើយ​

យ៉ូហាន 10