21. ប៉ុន្ដែអ្នកខ្លះទៀតនិយាយថា៖ «ពាក្យទាំងនេះមិនមែនជាសំដីរបស់មនុស្សអារក្សចូលទេ តើអារក្សអាចធ្វើឲ្យភ្នែករបស់មនុស្សខ្វាក់ភ្លឺបានដែរឬទេ?»
22. ពេលនោះជារដូវរងា ហើយពួកគេកំពុងធ្វើបុណ្យឆ្លងព្រះវិហារនៅក្រុងយេរូសាឡិម
23. ហើយនៅក្នុងព្រះវិហារ ព្រះយេស៊ូកំពុងយាងចុះឡើងនៅក្នុងសាលាសំណាក់សាឡូម៉ូន
24. នោះមានពួកជនជាតិយូដាចោមរោមព្រះអង្គ ទាំងទូលសួរថា៖ «តើឲ្យចិត្ដរបស់យើងនៅរារែកដល់ពេលណា? បើអ្នកជាព្រះគ្រិស្ដមែន សូមប្រាប់យើងត្រង់ៗមក»
25. ព្រះយេស៊ូឆ្លើយទៅពួកគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយ ប៉ុន្ដែអ្នករាល់គ្នាមិនជឿ ហើយកិច្ចការទាំងប៉ុន្មាន ដែលខ្ញុំធ្វើក្នុងព្រះនាមព្រះវរបិតារបស់ខ្ញុំ ក៏បានធ្វើបន្ទាល់អំពីខ្ញុំដែរ
26. ប៉ុន្ដែអ្នករាល់គ្នាមិនជឿទេ ព្រោះអ្នករាល់គ្នាមិនមែនជាចៀមរបស់ខ្ញុំ
27. ដ្បិតចៀមរបស់ខ្ញុំស្តាប់សំឡេងរបស់ខ្ញុំ ឯខ្ញុំក៏ស្គាល់ពួកវា ហើយពួកវាក៏មកតាមខ្ញុំ
28. រួចខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់ពួកវា នោះពួកវាមិនត្រូវវិនាសឡើយរហូតអស់កល្ប ហើយគ្មានអ្នកណានឹងឆក់យកពួកវាពីដៃរបស់ខ្ញុំបានឡើយ
29. រីឯព្រះវរបិតាដែលបានប្រទានពួកវាមកឲ្យខ្ញុំ ព្រះអង្គធំជាងអ្វីៗទាំងអស់ ដូច្នេះគ្មានអ្នកណាអាចឆក់យកពួកវាពីព្រះហស្តរបស់ព្រះវរបិតាបានឡើយ
30. ហើយខ្ញុំ និងព្រះវរបិតា គឺតែមួយ»។
31. ពួកជនជាតិយូដាក៏រើសដុំថ្មម្ដងទៀតដើម្បីគប់ព្រះអង្គ
32. ប៉ុន្ដែព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំបានបង្ហាញឲ្យអ្នករាល់គ្នាឃើញកិច្ចការល្អជាច្រើនដែលមកពីព្រះវរបិតា តើដោយព្រោះកិច្ចការណាមួយឬ ទើបអ្នករាល់គ្នារកគប់ខ្ញុំនឹងដុំថ្មដូច្នេះ?»
33. ពួកជនជាតិយូដាតបទៅព្រះអង្គថា៖ «យើងគប់អ្នកនឹងដុំថ្មនេះ មិនមែនដោយព្រោះកិច្ចការល្អណាមួយទេ គឺអ្នកប្រមាថព្រះជាម្ចាស់ ដ្បិតអ្នកជាមនុស្ស ហើយតាំងខ្លួនឯងជាព្រះជាម្ចាស់»។
34. ព្រះយេស៊ូឆ្លើយទៅពួកគេថា៖ «តើគ្មានសេចក្ដីចែងទុកក្នុងគម្ពីរវិន័យរបស់អ្នករាល់គ្នាទេឬថា យើងប្រាប់ហើយថា អ្នករាល់គ្នាជាព្រះ?
35. គេមិនអាចលុបបទគម្ពីរបានជាដាច់ខាត ដូច្នេះបើព្រះជាម្ចាស់ហៅអស់អ្នកដែលបានទទួលព្រះបន្ទូលរបស់ព្រះអង្គទាំងនោះថា ព្រះ
36. ចុះទម្រាំព្រះមួយអង្គដែលព្រះវរបិតាញែកជាបរិសុទ្ធ ហើយបានចាត់ឲ្យមកក្នុងពិភពលោកនេះវិញ តើអ្នករាល់គ្នាស្ដីឲ្យខ្ញុំថា អ្នកប្រមាថព្រះជាម្ចាស់ ដោយព្រោះខ្ញុំនិយាយថា ខ្ញុំជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ឬ?
37. បើខ្ញុំមិនធ្វើកិច្ចការរបស់ព្រះវរបិតាខ្ញុំទេ ចូរកុំជឿខ្ញុំឡើយ
38. ផ្ទុយទៅវិញបើខ្ញុំធ្វើ នោះទោះជាអ្នករាល់គ្នាមិនជឿខ្ញុំក្ដី ចូរជឿលើកិច្ចការទាំងនោះចុះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹង ហើយយល់ថែមទៀតថា ព្រះវរបិតានៅក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងព្រះវរបិតាដែរ»។