1. កាលពីដើមដំបូង មានព្រះបន្ទូល ព្រះបន្ទូលគង់នៅជាមួយព្រះជាម្ចាស់ ហើយព្រះបន្ទូលជាព្រះជាម្ចាស់។
2. ព្រះបន្ទូលបានគង់នៅជាមួយព្រះជាម្ចាស់ តាំងពីដើមដំបូងមក
3. គ្រប់របស់ទាំងអស់បានកើតមកដោយសារព្រះបន្ទូល ហើយក្នុងបណ្ដារបស់ដែលបានកើតមកទាំងឡាយ បើគ្មានព្រះបន្ទូលទេ គ្មានរបស់ណាមួយកើតមកឡើយ
4. ដ្បិតនៅក្នុងព្រះបន្ទូលមានជីវិត ហើយជីវិតនោះជាពន្លឺដល់មនុស្សលោក
5. ពន្លឺនោះបានភ្លឺក្នុងសេចក្ដីងងឹត ហើយសេចក្ដីងងឹតមិនឈ្នះពន្លឺឡើយ។
6. មានមនុស្សម្នាក់ដែលព្រះជាម្ចាស់បានចាត់ឲ្យមក ឈ្មោះយ៉ូហាន
7. គាត់បានមកជាសាក្សីដើម្បីធ្វើបន្ទាល់អំពីពន្លឺ និងឲ្យមនុស្សទាំងអស់បានជឿដោយសារគាត់
8. ប៉ុន្ដែគាត់មិនមែនជាពន្លឺទេ គឺគាត់ធ្វើបន្ទាល់អំពីពន្លឺ។
9. ព្រះអង្គដែលជាពន្លឺពិតប្រាកដ បានយាងមកក្នុងពិភពលោក ដើម្បីបំភ្លឺមនុស្សទាំងអស់។
10. ព្រះអង្គបានគង់នៅក្នុងពិភពលោក ហើយពិភពលោកបានកើតមកដោយសារព្រះអង្គ ប៉ុន្ដែពិភពលោកមិនស្គាល់ព្រះអង្គទេ។
11. ព្រះអង្គបានយាងមកផែនដីរបស់ព្រះអង្គ ប៉ុន្ដែប្រជារាស្រ្ដរបស់ព្រះអង្គមិនបានទទួលព្រះអង្គឡើយ
12. រីឯអស់អ្នកដែលបានទទួលព្រះអង្គ គឺអស់អ្នកដែលជឿលើព្រះនាមរបស់ព្រះអង្គ ព្រះអង្គបានប្រទានសិទ្ធិដល់ពួកគេឲ្យត្រលប់ជាកូនរបស់ព្រះជាម្ចាស់
13. គឺជាកូនដែលមិនមែនកើតមកពីឈាម ឬពីប្រាថ្នាខាងរូបសាច់ ឬពីចំណង់របស់មនុស្សឡើយ គឺកើតពីព្រះជាម្ចាស់វិញ។
14. ព្រះបន្ទូលបានត្រលប់ជាសាច់ឈាម គង់នៅក្នុងចំណោមយើង ហើយយើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ដែលជាសិរីរុងរឿងនៃព្រះរាជបុត្រាតែមួយគត់មកពីព្រះវរបិតា ដែលពេញដោយព្រះគុណ និងសេចក្ដីពិត។
15. លោកយ៉ូហានបានធ្វើបន្ទាល់អំពីព្រះអង្គ ទាំងប្រកាសថា៖ «គឺព្រះអង្គនេះហើយ ដែលខ្ញុំបានប្រាប់ថាជាព្រះមួយអង្គដែលយាងមកក្រោយខ្ញុំត្រលប់ជាមុនខ្ញុំ ព្រោះព្រះអង្គគង់នៅមុនខ្ញុំ»។
16. យើងទាំងអស់គ្នាបានទទួលពីសេចក្ដីពោរពេញរបស់ព្រះអង្គដែលជាព្រះគុណថែមលើព្រះគុណ
17. ដ្បិតគម្ពីរវិន័យបានប្រទានមកតាមរយៈលោកម៉ូសេ រីឯព្រះគុណ និងសេចក្ដីពិតមកតាមរយៈព្រះយេស៊ូគ្រិស្ដ
18. គ្មានអ្នកណាធ្លាប់ឃើញព្រះជាម្ចាស់ទេ មានតែព្រះរាជបុត្រាតែមួយរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលនៅនឹងព្រះឱរារបស់ព្រះវរបិតា គីព្រះរាជបុត្រានោះហើយបានសំដែងឲ្យស្គាល់ព្រះជាម្ចាស់។
19. កាលពួកជនជាតិយូដាបានចាត់ពួកសង្ឃ និងពួកលេវីពីក្រុងយេរូសាឡិមឲ្យមកសួរលោកយ៉ូហានថា៖ «តើអ្នកជានរណា?» គាត់បានធ្វើបន្ទាល់ដូចតទៅ
20. គឺគាត់បានប្រកាសដោយមិនបដិសេធ គឺប្រកាសថា៖ «ខ្ញុំមិនមែនជាព្រះគ្រិស្ដទេ»
21. នោះពួកគេសួរគាត់ថា ៖ «ដូច្នេះតើអ្នកជានរណា? តើអ្នកជាអេលីយ៉ាឬ?» គាត់ឆ្លើយថា៖ «មិនមែនខ្ញុំទេ!» ពួកគេសួរទៀតថា៖ «តើអ្នកជាអ្នកនាំព្រះបន្ទូលឬ?» គាត់ក៏ឆ្លើយថា៖ «ទេ!»