ម៉ាថាយ 9:4-17 Khmer Christian Bible (KCB)

4. កាល​ព្រះអង្គ​ដឹង​ពី​គំនិត​របស់​ពួកគេ​ ក៏​មាន​បន្ទូល​ថា៖​ «ហេតុអ្វី​អ្នក​រាល់គ្នា​គិត​អាក្រក់​ក្នុង​ចិត្ដ​ដូច្នេះ?​

5. ដ្បិត​ការ​ដែល​និយាយ​ថា​ បាប​របស់​អ្នក​បាន​ទទួល​ការ​លើកលែង​ទោស​ហើយ​ និង​ការ​ដែល​និយាយ​ថា​ ចូរ​ក្រោក​ឡើង​ ហើយ​ដើរ​ទៅ​ តើ​មួយ​ណា​ស្រួល​និយាយ​ជាង?​

6. ប៉ុន្ដែ​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ កូន​មនុស្ស​មាន​សិទ្ធិ​អំណាច​លើកលែង​ទោស​បាប​នៅ​លើ​ផែនដី​នេះ»។​ បន្ទាប់​មក​ ព្រះអង្គ​មាន​បន្ទូល​ទៅ​មនុស្ស​ស្លាប់​ដៃ​ជើង​ថា៖​ «ចូរ​ក្រោក​ឡើង​ យក​គ្រែ​ស្នែង​របស់​អ្នក​ ទៅ​ផ្ទះ​ចុះ»​

7. គាត់​ក្រោក​ឡើង​ ហើយ​ទៅ​ផ្ទះ​របស់​គាត់​វិញ។​

8. កាល​បណ្ដាជន​ឃើញ​ការ​នេះ​ ក៏​កោត​ខ្លាច​ ហើយ​សរសើរ​តម្កើង​ព្រះជាម្ចាស់​ដែល​បាន​ប្រទាន​សិទ្ធិ​អំណាច​បែប​នេះ​ដល់​មនុស្ស។​

9. កាល​ព្រះយេស៊ូ​យាង​ចេញ​ពី​ទី​នោះ​ ព្រះអង្គ​បាន​ឃើញ​បុរស​ម្នាក់​ឈ្មោះ​ ម៉ាថាយ​ កំពុង​អង្គុយ​នៅ​កន្លែង​ប្រមូល​ពន្ធ​ដារ​ ហើយ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​មក​តាម​ខ្ញុំ»។​ គាត់​ក៏​ក្រោក​ឡើង​ ហើយ​ដើរ​តាម​ព្រះអង្គ។​

10. ក្រោយ​មក​ ពេល​ព្រះអង្គ​ចូល​រួម​បរិភោគ​អាហារ​នៅ​ផ្ទះ​របស់​លោក​ម៉ាថាយ​ ក៏​មាន​ពួក​អ្នក​ទារ​ពន្ធដារ​ និង​ពួក​មនុស្ស​បាប​ជា​ច្រើន​បាន​មក​ចូល​រួម​បរិភោគ​អាហារ​ជាមួយ​ព្រះយេស៊ូ​ និង​ពួក​សិស្ស​របស់​ព្រះអង្គ​ដែរ។​

11. ពេល​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ឃើញ​បែប​នេះ​ ក៏​សួរ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖​ «ហេតុ​អ្វី​បាន​ជា​គ្រូ​របស់​អ្នក​រាល់គ្នា​បរិភោគ​ជាមួយ​ពួក​អ្នក​ទារ​ពន្ធដារ​ និង​ពួក​មនុស្ស​បាប​ដូច្នេះ?»​

12. ពេល​ព្រះអង្គ​ស្ដាប់​ឮ​ ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «មនុស្ស​មាន​សុខភាព​ល្អ​មិន​ត្រូវការ​គ្រូពេទ្យ​ទេ​ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ដែល​ត្រូវការ។​

13. ចូរ​ទៅ​ស្វែង​យល់​ពី​បទគម្ពីរ​ដែល​ថា​ យើង​ចង់​បាន​សេចក្ដី​មេត្ដា​ មិន​មែន​យញ្ញ​បូជា​ទេ​ តើ​នេះ​មាន​ន័យ​យ៉ាង​ដូចម្ដេច?​ ព្រោះ​ខ្ញុំ​មិន​បាន​មក​ ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ​ ប៉ុន្ដែ​ហៅ​មនុស្ស​បាប​វិញ»។​

14. បន្ទាប់​មក​ សិស្ស​របស់​លោក​យ៉ូហាន​បាន​ចូល​មក​ជិត​ព្រះអង្គ​ ទូល​ថា៖​ «ហេតុ​អ្វី​ក៏​យើង​ខ្ញុំ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​តម​អាហារ​ជា​ញឹកញាប់​ តែ​សិស្ស​របស់​លោក​មិន​តម​អាហារ​ដូច្នេះ?»​

15. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «តើ​ភ្ញៀវ​អាច​កាន់ទុក្ខ​បាន​ដែរ​ឬ​ទេ​ នៅ​ពេល​កូន​កំលោះ​នៅ​ជាមួយ​ពួកគេ​នៅ​ឡើយ?​ ប៉ុន្ដែ​នឹង​មាន​ថ្ងៃ​មួយ​មក​ដល់​ ពេល​កូន​កំលោះ​ត្រូវ​ឃ្លាត​ពី​ពួកគេ​ទៅ​ ពេល​នោះ​ពួកគេ​នឹង​តម​អាហារ។​

16. ព្រោះ​គ្មាន​នរណា​យក​បំណះ​ក្រណាត់​ថ្មី​មក​ប៉ះ​សម្លៀក​បំពាក់​ចាស់​ទេ​ ដ្បិត​បំណះ​ក្រណាត់​ថ្មី​នឹង​ទាញ​សម្លៀក​បំពាក់​ចាស់​នោះ​ ហើយ​បែរ​ជា​ធ្វើ​ឲ្យ​រហែក​លើស​មុន​ទៅ​ទៀត​

17. ក៏​គ្មាន​នរណា​ច្រក​ស្រា​ទំពាំង​បាយជូរ​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ដែរ​ បើ​ធ្វើ​ដូច្នេះ​ ថង់​ស្បែក​ចាស់​នឹង​ធ្លាយ​ ហើយ​ស្រា​ក៏​ហូរ​ចេញ​មក​ ឯ​ថង់​ស្បែក​ក៏​ខូច​ខាត​ទៀត​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​ច្រក​ស្រា​ថ្មី​ក្នុង​ថង់​ស្បែក​ថ្មី​ នោះ​ទើប​អាច​នៅ​គង់វង្ស​បាន​ទាំង​ពីរ»។​

ម៉ាថាយ 9