3. ឯពួកគ្រូវិន័យខ្លះបាននិយាយគ្នាថា៖ «មើល៍! មនុស្សនេះនិយាយប្រមាថព្រះជាម្ចាស់ហើយ»
4. កាលព្រះអង្គដឹងពីគំនិតរបស់ពួកគេ ក៏មានបន្ទូលថា៖ «ហេតុអ្វីអ្នករាល់គ្នាគិតអាក្រក់ក្នុងចិត្ដដូច្នេះ?
5. ដ្បិតការដែលនិយាយថា បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ និងការដែលនិយាយថា ចូរក្រោកឡើង ហើយដើរទៅ តើមួយណាស្រួលនិយាយជាង?
6. ប៉ុន្ដែដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានសិទ្ធិអំណាចលើកលែងទោសបាបនៅលើផែនដីនេះ»។ បន្ទាប់មក ព្រះអង្គមានបន្ទូលទៅមនុស្សស្លាប់ដៃជើងថា៖ «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នក ទៅផ្ទះចុះ»
7. គាត់ក្រោកឡើង ហើយទៅផ្ទះរបស់គាត់វិញ។
8. កាលបណ្ដាជនឃើញការនេះ ក៏កោតខ្លាច ហើយសរសើរតម្កើងព្រះជាម្ចាស់ដែលបានប្រទានសិទ្ធិអំណាចបែបនេះដល់មនុស្ស។
9. កាលព្រះយេស៊ូយាងចេញពីទីនោះ ព្រះអង្គបានឃើញបុរសម្នាក់ឈ្មោះ ម៉ាថាយ កំពុងអង្គុយនៅកន្លែងប្រមូលពន្ធដារ ហើយក៏មានបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ»។ គាត់ក៏ក្រោកឡើង ហើយដើរតាមព្រះអង្គ។
10. ក្រោយមក ពេលព្រះអង្គចូលរួមបរិភោគអាហារនៅផ្ទះរបស់លោកម៉ាថាយ ក៏មានពួកអ្នកទារពន្ធដារ និងពួកមនុស្សបាបជាច្រើនបានមកចូលរួមបរិភោគអាហារជាមួយព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គដែរ។
11. ពេលពួកអ្នកខាងគណៈផារិស៊ីឃើញបែបនេះ ក៏សួរពួកសិស្សរបស់ព្រះអង្គថា៖ «ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយពួកអ្នកទារពន្ធដារ និងពួកមនុស្សបាបដូច្នេះ?»
12. ពេលព្រះអង្គស្ដាប់ឮ ក៏មានបន្ទូលទៅពួកគេថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។
13. ចូរទៅស្វែងយល់ពីបទគម្ពីរដែលថា យើងចង់បានសេចក្ដីមេត្ដា មិនមែនយញ្ញបូជាទេ តើនេះមានន័យយ៉ាងដូចម្ដេច? ព្រោះខ្ញុំមិនបានមក ដើម្បីហៅមនុស្សសុចរិតទេ ប៉ុន្ដែហៅមនុស្សបាបវិញ»។
14. បន្ទាប់មក សិស្សរបស់លោកយ៉ូហានបានចូលមកជិតព្រះអង្គ ទូលថា៖ «ហេតុអ្វីក៏យើងខ្ញុំ និងពួកអ្នកខាងគណៈផារិស៊ីតមអាហារជាញឹកញាប់ តែសិស្សរបស់លោកមិនតមអាហារដូច្នេះ?»
15. ព្រះយេស៊ូមានបន្ទូលទៅគេថា៖ «តើភ្ញៀវអាចកាន់ទុក្ខបានដែរឬទេ នៅពេលកូនកំលោះនៅជាមួយពួកគេនៅឡើយ? ប៉ុន្ដែនឹងមានថ្ងៃមួយមកដល់ ពេលកូនកំលោះត្រូវឃ្លាតពីពួកគេទៅ ពេលនោះពួកគេនឹងតមអាហារ។
16. ព្រោះគ្មាននរណាយកបំណះក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ទេ ដ្បិតបំណះក្រណាត់ថ្មីនឹងទាញសម្លៀកបំពាក់ចាស់នោះ ហើយបែរជាធ្វើឲ្យរហែកលើសមុនទៅទៀត
17. ក៏គ្មាននរណាច្រកស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នេះ ថង់ស្បែកចាស់នឹងធ្លាយ ហើយស្រាក៏ហូរចេញមក ឯថង់ស្បែកក៏ខូចខាតទៀត ផ្ទុយទៅវិញ ត្រូវច្រកស្រាថ្មីក្នុងថង់ស្បែកថ្មី នោះទើបអាចនៅគង់វង្សបានទាំងពីរ»។
18. ពេលព្រះអង្គមានបន្ទូលពីសេចក្តីទាំងនេះ ស្រាប់តែប្រធានសាលាប្រជុំម្នាក់បានមកថ្វាយបង្គំព្រះអង្គ ទូលថា៖ «កូនស្រីខ្ញុំទើបតែស្លាប់ ដូច្នេះសូមលោកទៅដាក់ដៃលើនាងឲ្យរស់ឡើងវិញផង»។