ម៉ាថាយ 9:13-28 Khmer Christian Bible (KCB)

13. ចូរ​ទៅ​ស្វែង​យល់​ពី​បទគម្ពីរ​ដែល​ថា​ យើង​ចង់​បាន​សេចក្ដី​មេត្ដា​ មិន​មែន​យញ្ញ​បូជា​ទេ​ តើ​នេះ​មាន​ន័យ​យ៉ាង​ដូចម្ដេច?​ ព្រោះ​ខ្ញុំ​មិន​បាន​មក​ ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ​ ប៉ុន្ដែ​ហៅ​មនុស្ស​បាប​វិញ»។​

14. បន្ទាប់​មក​ សិស្ស​របស់​លោក​យ៉ូហាន​បាន​ចូល​មក​ជិត​ព្រះអង្គ​ ទូល​ថា៖​ «ហេតុ​អ្វី​ក៏​យើង​ខ្ញុំ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​តម​អាហារ​ជា​ញឹកញាប់​ តែ​សិស្ស​របស់​លោក​មិន​តម​អាហារ​ដូច្នេះ?»​

15. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «តើ​ភ្ញៀវ​អាច​កាន់ទុក្ខ​បាន​ដែរ​ឬ​ទេ​ នៅ​ពេល​កូន​កំលោះ​នៅ​ជាមួយ​ពួកគេ​នៅ​ឡើយ?​ ប៉ុន្ដែ​នឹង​មាន​ថ្ងៃ​មួយ​មក​ដល់​ ពេល​កូន​កំលោះ​ត្រូវ​ឃ្លាត​ពី​ពួកគេ​ទៅ​ ពេល​នោះ​ពួកគេ​នឹង​តម​អាហារ។​

16. ព្រោះ​គ្មាន​នរណា​យក​បំណះ​ក្រណាត់​ថ្មី​មក​ប៉ះ​សម្លៀក​បំពាក់​ចាស់​ទេ​ ដ្បិត​បំណះ​ក្រណាត់​ថ្មី​នឹង​ទាញ​សម្លៀក​បំពាក់​ចាស់​នោះ​ ហើយ​បែរ​ជា​ធ្វើ​ឲ្យ​រហែក​លើស​មុន​ទៅ​ទៀត​

17. ក៏​គ្មាន​នរណា​ច្រក​ស្រា​ទំពាំង​បាយជូរ​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ដែរ​ បើ​ធ្វើ​ដូច្នេះ​ ថង់​ស្បែក​ចាស់​នឹង​ធ្លាយ​ ហើយ​ស្រា​ក៏​ហូរ​ចេញ​មក​ ឯ​ថង់​ស្បែក​ក៏​ខូច​ខាត​ទៀត​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​ច្រក​ស្រា​ថ្មី​ក្នុង​ថង់​ស្បែក​ថ្មី​ នោះ​ទើប​អាច​នៅ​គង់វង្ស​បាន​ទាំង​ពីរ»។​

18. ពេល​ព្រះអង្គ​មាន​បន្ទូល​ពី​សេចក្តី​ទាំង​នេះ​ ស្រាប់តែ​ប្រធាន​សាលា​ប្រជុំ​ម្នាក់​បាន​មក​ថ្វាយបង្គំ​ព្រះអង្គ​ ទូល​ថា៖​ «កូន​ស្រី​ខ្ញុំ​ទើប​តែ​ស្លាប់​ ដូច្នេះ​សូម​លោក​ទៅ​ដាក់​ដៃ​លើ​នាង​ឲ្យ​រស់​ឡើង​វិញ​ផង»។​

19. ព្រះយេស៊ូ​ និង​ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ក្រោក​ឡើង​ទៅ​តាម​គាត់។​

20. មាន​ស្ដ្រី​ម្នាក់​ឈឺ​ធ្លាក់​ឈាម​អស់​រយៈ​ពេល​ដប់​ពីរ​ឆ្នាំ​មក​ហើយ​ គាត់​បាន​ចូល​មក​ជិត​ពី​ខាង​ក្រោយ​ ហើយ​ពាល់​រំយោល​អាវ​របស់​ព្រះអង្គ​

21. ដ្បិត​ស្ដ្រី​នោះ​គិត​ក្នុង​ចិត្ដ​ថា៖​ «បើ​ខ្ញុំ​គ្រាន់​តែ​បាន​ពាល់​អាវ​របស់​លោក​ នោះ​ខ្ញុំ​នឹង​ជា​សះស្បើយ​មិន​ខាន»។​

22. ព្រះយេស៊ូ​ក៏​ងាក​មើល​ស្ដ្រី​នោះ​ ហើយ​មាន​បន្ទូល​ថា៖​ «កូន​ស្រី​អើយ!​ ចូរ​រីករាយ​ឡើង​ ជំនឿ​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ជា​សះស្បើយ​ហើយ»។​ ស្ដ្រី​នោះ​ក៏​ជា​សះស្បើយ​នៅ​វេលា​នោះ​ឯង។​

23. កាល​ព្រះយេស៊ូ​យាង​ចូល​ក្នុង​ផ្ទះ​របស់​ប្រធាន​សាលា​ប្រជុំ​ ក៏​មើល​ឃើញ​អ្នក​ផ្លុំ​ខ្លុយ​ និង​បណ្ដាជន​កំពុង​ច្របូក​ច្របល់។​

24. ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ចេញ​ទៅ​ ក្មេង​ស្រី​នេះ​មិន​ទាន់​ស្លាប់​ទេ​ គឺ​នាង​កំពុង​ដេក​លក់​ទេ​តើ»​ ពួកគេ​ក៏​សើច​ចំអក​ឲ្យ​ព្រះអង្គ។​

25. ពេល​បណ្ដេញ​បណ្ដាជន​ទៅ​ក្រៅ​អស់​ហើយ​ ព្រះអង្គ​ក៏​យាង​ចូល​ទៅ​ចាប់​ដៃ​ក្មេង​ស្រី​នោះ​ ហើយ​នាង​ក៏​ក្រោក​ឡើង។​

26. ដំណឹង​នេះ​បាន​ឮ​សុស​សាយ​ពាស​ពេញ​តំបន់​នោះ។​

27. កាល​ព្រះយេស៊ូ​យាង​ចេញ​ឆ្ងាយ​ពី​ទីនោះ​ មាន​បុរស​ខ្វាក់​ភ្នែក​ពីរ​នាក់​ដើរ​តាម​ព្រះអង្គ​ ទាំង​ស្រែក​ថា៖​ «ឱ​ពូជពង្ស​ដាវីឌ​អើយ!​ សូម​មេត្ដា​ដល់​យើង​ខ្ញុំ​ផង»។​

28. ពេល​យាង​ចូល​ដល់​ក្នុង​ផ្ទះ​ បុរស​ខ្វាក់​ភ្នែក​ទាំង​ពីរ​នាក់​បាន​ចូល​មក​ជិត​ព្រះអង្គ​ ហើយ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​ទាំង​ពីរ​ជឿ​ថា​ខ្ញុំ​អាច​ធ្វើ​ការ​នេះ​បាន​ដែរ​ឬទេ?»​ ពួកគេ​ទូល​ថា៖​ «បាទ​ លោក​ម្ចាស់»​

ម៉ាថាយ 9