10. ក្រោយមក ពេលព្រះអង្គចូលរួមបរិភោគអាហារនៅផ្ទះរបស់លោកម៉ាថាយ ក៏មានពួកអ្នកទារពន្ធដារ និងពួកមនុស្សបាបជាច្រើនបានមកចូលរួមបរិភោគអាហារជាមួយព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គដែរ។
11. ពេលពួកអ្នកខាងគណៈផារិស៊ីឃើញបែបនេះ ក៏សួរពួកសិស្សរបស់ព្រះអង្គថា៖ «ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយពួកអ្នកទារពន្ធដារ និងពួកមនុស្សបាបដូច្នេះ?»
12. ពេលព្រះអង្គស្ដាប់ឮ ក៏មានបន្ទូលទៅពួកគេថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។
13. ចូរទៅស្វែងយល់ពីបទគម្ពីរដែលថា យើងចង់បានសេចក្ដីមេត្ដា មិនមែនយញ្ញបូជាទេ តើនេះមានន័យយ៉ាងដូចម្ដេច? ព្រោះខ្ញុំមិនបានមក ដើម្បីហៅមនុស្សសុចរិតទេ ប៉ុន្ដែហៅមនុស្សបាបវិញ»។
14. បន្ទាប់មក សិស្សរបស់លោកយ៉ូហានបានចូលមកជិតព្រះអង្គ ទូលថា៖ «ហេតុអ្វីក៏យើងខ្ញុំ និងពួកអ្នកខាងគណៈផារិស៊ីតមអាហារជាញឹកញាប់ តែសិស្សរបស់លោកមិនតមអាហារដូច្នេះ?»
15. ព្រះយេស៊ូមានបន្ទូលទៅគេថា៖ «តើភ្ញៀវអាចកាន់ទុក្ខបានដែរឬទេ នៅពេលកូនកំលោះនៅជាមួយពួកគេនៅឡើយ? ប៉ុន្ដែនឹងមានថ្ងៃមួយមកដល់ ពេលកូនកំលោះត្រូវឃ្លាតពីពួកគេទៅ ពេលនោះពួកគេនឹងតមអាហារ។
16. ព្រោះគ្មាននរណាយកបំណះក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ទេ ដ្បិតបំណះក្រណាត់ថ្មីនឹងទាញសម្លៀកបំពាក់ចាស់នោះ ហើយបែរជាធ្វើឲ្យរហែកលើសមុនទៅទៀត
17. ក៏គ្មាននរណាច្រកស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នេះ ថង់ស្បែកចាស់នឹងធ្លាយ ហើយស្រាក៏ហូរចេញមក ឯថង់ស្បែកក៏ខូចខាតទៀត ផ្ទុយទៅវិញ ត្រូវច្រកស្រាថ្មីក្នុងថង់ស្បែកថ្មី នោះទើបអាចនៅគង់វង្សបានទាំងពីរ»។
18. ពេលព្រះអង្គមានបន្ទូលពីសេចក្តីទាំងនេះ ស្រាប់តែប្រធានសាលាប្រជុំម្នាក់បានមកថ្វាយបង្គំព្រះអង្គ ទូលថា៖ «កូនស្រីខ្ញុំទើបតែស្លាប់ ដូច្នេះសូមលោកទៅដាក់ដៃលើនាងឲ្យរស់ឡើងវិញផង»។
19. ព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គក៏ក្រោកឡើងទៅតាមគាត់។
20. មានស្ដ្រីម្នាក់ឈឺធ្លាក់ឈាមអស់រយៈពេលដប់ពីរឆ្នាំមកហើយ គាត់បានចូលមកជិតពីខាងក្រោយ ហើយពាល់រំយោលអាវរបស់ព្រះអង្គ
21. ដ្បិតស្ដ្រីនោះគិតក្នុងចិត្ដថា៖ «បើខ្ញុំគ្រាន់តែបានពាល់អាវរបស់លោក នោះខ្ញុំនឹងជាសះស្បើយមិនខាន»។