34. ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា កុំស្បថឲ្យសោះ ហើយកុំស្បថនឹងស្ថានសួគ៌ ដ្បិតស្ថានសួគ៌ជាបល្ល័ង្ករបស់ព្រះជាម្ចាស់។
35. កុំស្បថនឹងផែនដី ដ្បិតផែនដីជាកំណល់បាទារបស់ព្រះអង្គ។ កុំស្បថនឹងក្រុងយេរូសាឡិម ដ្បិតជាក្រុងរបស់ស្ដេចដ៏ឧត្ដម។
36. កុំស្បថនឹងក្បាលរបស់អ្នក ដ្បិតអ្នកមិនអាចធ្វើឲ្យសក់មួយសសៃត្រលប់ជាពណ៌ស ឬខ្មៅបានឡើយ។
37. ចូរឲ្យពាក្យអ្នករាល់គ្នា មែនគឺមែន ទេគឺទេ ប៉ុន្ដែលើសពីសេចក្ដីទាំងនេះ គឺមកពីអារក្សសាតាំងទេ។
38. អ្នករាល់គ្នាបានឮសេចក្ដីដែលបានបង្គាប់មកថា ភ្នែកសងដោយភ្នែក ធ្មេញសងដោយធ្មេញ។
39. ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា កុំតបតមនុស្សអាក្រក់ បើគេទះកំផ្លៀងស្ដាំរបស់អ្នក ចូរបែរម្ខាងទៀតឲ្យគេទះដែរចុះ។
40. ចំពោះអ្នកណាដែលចង់ប្ដឹងយកអាវខាងក្នុងរបស់អ្នក ចូរឲ្យគេទាំងអាវវែងផង។
41. អ្នកណាដែលបង្ខំអ្នកឲ្យធ្វើដំណើរមួយពាន់ជំហាន ចូរទៅជាមួយគេពីរពាន់ជំហានចុះ។
42. ចូរឲ្យដល់អស់អ្នកដែលសុំ ហើយកុំគេចពីអស់អ្នកដែលចង់ខ្ចីឡើយ។
43. អ្នករាល់គ្នាឮសេចក្ដីដែលបានបង្គាប់មកថា ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នក ហើយស្អប់សត្រូវរបស់អ្នក។
44. ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់សត្រូវរបស់អ្នករាល់គ្នា ហើយអធិស្ឋានឲ្យអស់អ្នកដែលបៀតបៀនអ្នករាល់គ្នា
45. ដើម្បីឲ្យអ្នករាល់គ្នាត្រលប់ជាកូនរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ព្រោះព្រះអង្គបានធ្វើឲ្យថ្ងៃរះឡើង បំភ្លឺទាំងមនុស្សល្អ និងមនុស្សអាក្រក់ ហើយក៏បង្អុរភ្លៀងធ្លាក់មកលើទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិតដែរ។
46. ដ្បិតបើអ្នករាល់គ្នាស្រឡាញ់មនុស្សដែលស្រឡាញ់អ្នករាល់គ្នា តើអ្នករាល់គ្នាបានរង្វាន់អ្វី? សូម្បីតែអ្នកទារពន្ធដារក៏បានធ្វើដូច្នោះដែរ។