26. ខ្ញុំប្រាប់អ្នកជាប្រាកដថា អ្នកចេញពីទីនោះមិនបានឡើយ លុះត្រាតែអ្នកសងគេដោយឥតខ្វះមួយសេន។
27. អ្នករាល់គ្នាបានឮសេចក្ដីដែលបានបង្គាប់មកថា កុំផិតក្បត់ឲ្យសោះ
28. ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលសម្លឹងមើលស្ដ្រីម្នាក់ដោយចិត្ដស្រើបស្រាលចង់បាននាង អ្នកនោះបានផិតក្បត់ក្នុងចិត្ដជាមួយនាងរួចទៅហើយ។
29. បើភ្នែកស្ដាំរបស់អ្នកបណ្ដាលឲ្យអ្នកប្រព្រឹត្ដបាប ចូរខ្វេះវាចោលទៅ ដ្បិតបើអ្នកបាត់បង់អវយរៈមួយ ប្រសើរជាងឲ្យរូបកាយទាំងមូលត្រូវបោះទៅក្នុងស្ថាននរក។
30. បើដៃស្ដាំរបស់អ្នកបណ្ដាលឲ្យអ្នកប្រព្រឹត្ដបាប ចូរកាត់វាចោលទៅ ដ្បិតបើអ្នកបាត់បង់អវយវៈមួយ ប្រសើរជាងឲ្យរូបកាយទាំងមូលធ្លាក់ទៅក្នុងស្ថាននរក។
31. មានសេចក្ដីដែលបានបង្គាប់មកថា អ្នកណាលែងប្រពន្ធ អ្នកនោះត្រូវប្រគល់លិខិតលែងលះឲ្យនាង។
32. ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកលែងប្រពន្ធដែលពុំបានផិតក្បត់ខ្លួន អ្នកនោះធ្វើឲ្យនាងផិតក្បត់ហើយ។ អ្នកណារៀបការនឹងស្ដ្រីប្ដីលែង អ្នកនោះក៏ផិតក្បត់ដែរ។
33. មួយទៀត អ្នករាល់គ្នាបានឮសេចក្ដីដែលបានបង្គាប់ដល់មនុស្សជំនាន់មុនថា កុំប្រព្រឹត្តខុសសម្បថឲ្យសោះ ប៉ុន្ដែត្រូវធ្វើតាមសម្បថដែលបានស្បថចំពោះព្រះអម្ចាស់។
34. ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា កុំស្បថឲ្យសោះ ហើយកុំស្បថនឹងស្ថានសួគ៌ ដ្បិតស្ថានសួគ៌ជាបល្ល័ង្ករបស់ព្រះជាម្ចាស់។
35. កុំស្បថនឹងផែនដី ដ្បិតផែនដីជាកំណល់បាទារបស់ព្រះអង្គ។ កុំស្បថនឹងក្រុងយេរូសាឡិម ដ្បិតជាក្រុងរបស់ស្ដេចដ៏ឧត្ដម។
36. កុំស្បថនឹងក្បាលរបស់អ្នក ដ្បិតអ្នកមិនអាចធ្វើឲ្យសក់មួយសសៃត្រលប់ជាពណ៌ស ឬខ្មៅបានឡើយ។
37. ចូរឲ្យពាក្យអ្នករាល់គ្នា មែនគឺមែន ទេគឺទេ ប៉ុន្ដែលើសពីសេចក្ដីទាំងនេះ គឺមកពីអារក្សសាតាំងទេ។
38. អ្នករាល់គ្នាបានឮសេចក្ដីដែលបានបង្គាប់មកថា ភ្នែកសងដោយភ្នែក ធ្មេញសងដោយធ្មេញ។
39. ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា កុំតបតមនុស្សអាក្រក់ បើគេទះកំផ្លៀងស្ដាំរបស់អ្នក ចូរបែរម្ខាងទៀតឲ្យគេទះដែរចុះ។
40. ចំពោះអ្នកណាដែលចង់ប្ដឹងយកអាវខាងក្នុងរបស់អ្នក ចូរឲ្យគេទាំងអាវវែងផង។
41. អ្នកណាដែលបង្ខំអ្នកឲ្យធ្វើដំណើរមួយពាន់ជំហាន ចូរទៅជាមួយគេពីរពាន់ជំហានចុះ។
42. ចូរឲ្យដល់អស់អ្នកដែលសុំ ហើយកុំគេចពីអស់អ្នកដែលចង់ខ្ចីឡើយ។