ម៉ាថាយ 5:20-32 Khmer Christian Bible (KCB)

20. ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ បើ​សេចក្ដី​សុចរិត​របស់​អ្នក​រាល់គ្នា​ មិន​លើស​សេចក្ដី​សុចរិត​របស់​ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ទេ​ នោះ​អ្នក​រាល់គ្នា​មិន​អាច​ចូល​នគរ​ស្ថានសួគ៌​បាន​ឡើយ។​

21. អ្នក​រាល់គ្នា​បាន​ឮសេចក្ដី​ដែល​បាន​បង្គាប់​ដល់​មនុស្ស​ជំនាន់​មុន​ថា​ កុំ​សម្លាប់​មនុស្ស​ឲ្យ​សោះ​ អ្នកណា​សម្លាប់​មនុស្ស​ អ្នក​នោះ​នឹង​ត្រូវ​ជាប់​ទោស​

22. ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អស់​អ្នក​ដែល​ខឹង​នឹង​បងប្អូន​ខ្លួន​ឯង​ នោះ​នឹង​ត្រូវ​ជាប់​ទោស​ដែរ​ ហើយ​អ្នកណា​ហៅ​បងប្អូន​ខ្លួន​ឯង​ថា​ «អាឡប់»​ អ្នក​នោះ​នឹង​ត្រូវ​ក្រុម​ប្រឹក្សា​កំពូល​ដាក់​ទោស‍។​ អ្នកណា​ដែល​ជេរ​គេ​ថា​ «អាឆ្កួត»​ អ្នក​នោះ​នឹង​ត្រូវ​ធ្លាក់​ក្នុង​ភ្លើង​នរក‍។​

23. ដូច្នេះ​បើ​អ្នក​នាំ​តង្វាយ​មក​កន្លែង​ថ្វាយ​តង្វាយ​ ហើយ​នៅ​ទីនោះ​ អ្នក​ចាំ​ថា​ បង​ប្អូន​របស់​អ្នក​មាន​រឿង​ទាស់​នឹង​អ្នក​

24. ចូរ​ទុក​តង្វាយ​នៅ​ទី​នោះ​ នៅ​មុខ​កន្លែង​ថ្វាយ​តង្វាយ​ចុះ​ ហើយ​ទៅ​ផ្សះផ្សា​នឹង​បងប្អូន​ជា​មុន​សិន​ រួច​សឹម​មក​ថ្វាយ​តង្វាយ​របស់​អ្នក​វិញ។​

25. ចូរ​ជានា​នឹង​គូវិវាទ​របស់​អ្នក​ភ្លាមៗ​ ពេល​អ្នក​នៅ​តាម​ផ្លូវ​ជាមួយ​អ្នក​នោះ​ ក្រែង​លោ​គេ​ប្រគល់​អ្នក​ឲ្យទៅ​ចៅក្រម​ ហើយ​ចៅក្រម​ប្រគល់​អ្នក​ឲ្យទៅ​នគរ​បាល​ រួច​អ្នក​ត្រូវ​ជាប់​គុក។​

26. ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា​ អ្នក​ចេញ​ពី​ទីនោះ​មិន​បាន​ឡើយ​ លុះត្រា​តែ​អ្នក​សង​គេ​ដោយ​ឥត​ខ្វះ​មួយ​សេន។​

27. អ្នក​រាល់គ្នា​បាន​ឮ​សេចក្ដី​ដែល​បាន​បង្គាប់​មក​ថា​ កុំ​ផិតក្បត់​ឲ្យ​សោះ​

28. ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អស់​អ្នក​ដែល​សម្លឹង​មើល​ស្ដ្រី​ម្នាក់​ដោយ​ចិត្ដ​ស្រើប​ស្រាល​ចង់​បាន​នាង​ អ្នក​នោះ​បាន​ផិតក្បត់​ក្នុង​ចិត្ដ​ជាមួយ​នាង​រួច​ទៅ​ហើយ។​

29. បើ​ភ្នែក​ស្ដាំ​របស់​អ្នក​បណ្ដាល​ឲ្យ​អ្នក​ប្រព្រឹត្ដ​បាប​ ចូរ​ខ្វេះ​វា​ចោល​ទៅ​ ដ្បិត​បើ​អ្នក​បាត់​បង់​អវយរៈ​មួយ​ ប្រសើរ​ជាង​ឲ្យ​រូប​កាយ​ទាំង​មូល​ត្រូវ​បោះ​ទៅ​ក្នុង​ស្ថាន​នរក។​

30. បើ​ដៃ​ស្ដាំ​របស់​អ្នក​បណ្ដាល​ឲ្យ​អ្នក​ប្រព្រឹត្ដ​បាប​ ចូរ​កាត់​វា​ចោល​ទៅ​ ដ្បិត​បើ​អ្នក​បាត់​បង់​អវយវៈ​មួយ​ ប្រសើរ​ជាង​ឲ្យ​រូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​ស្ថាន​នរក។​

31. មាន​សេចក្ដី​ដែល​បាន​បង្គាប់​មក​ថា​ អ្នកណា​លែង​ប្រពន្ធ​ អ្នក​នោះ​ត្រូវ​ប្រគល់​លិខិត​លែង​លះ​ឲ្យ​នាង។​

32. ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អស់​អ្នក​លែង​ប្រពន្ធ​ដែល​ពុំ​បាន​ផិតក្បត់​ខ្លួន​ អ្នក​នោះ​ធ្វើ​ឲ្យ​នាង​ផិតក្បត់​ហើយ។​ អ្នកណា​រៀបការ​នឹង​ស្ដ្រី​ប្ដី​លែង​ អ្នក​នោះ​ក៏​ផិតក្បត់​ដែរ។​

ម៉ាថាយ 5