15. ក៏គ្មានអ្នកណាអុជចង្កៀងដាក់នៅក្រោមថាំងដែរ គឺដាក់នៅលើជើងចង្កៀងវិញ ដើម្បីឲ្យភ្លឺដល់មនុស្សទាំងអស់នៅក្នុងផ្ទះ។
16. ចូរឲ្យពន្លឺអ្នករាល់គ្នាភ្លឺនៅចំពោះមុខមនុស្សយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា រួចសរសើរតម្កើងព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌។
17. កុំគិតថា ខ្ញុំមកបំផ្លាញគម្ពីរវិន័យ ឬពាក្យរបស់អ្នកនាំព្រះបន្ទូលឲ្យសោះ ខ្ញុំមិនមែនមកបំផ្លាញទេ ប៉ុន្ដែខ្ញុំមកធ្វើឲ្យសម្រេចវិញ
18. ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា រហូតដល់ផ្ទៃមេឃ និងផែនដីវិនាសទៅ ក៏គ្មានសញ្ញាក្បៀស ឬសញ្ញាបន្តក់ណាមួយក្នុងគម្ពីរវិន័យត្រូវលុបបំបាត់ចោលដែរ លុះត្រាតែអ្វីៗបានសម្រេចជាមុនសិន។
19. ដូច្នេះ អ្នកណាល្មើសបញ្ញត្ដិតូចបំផុតមួយក្នុងចំណោមបញ្ញត្ដិទាំងនេះ ហើយបង្រៀនមនុស្សឲ្យធ្វើដូច្នោះ អ្នកនោះនឹងត្រូវហៅថាជាអ្នកតូចបំផុតនៅក្នុងនគរស្ថានសួគ៌ ប៉ុន្ដែអ្នកណាដែលអនុវត្ដតាម និងបង្រៀនបញ្ញត្ដិទាំងនេះ អ្នកនោះនឹងត្រូវហៅថាជាអ្នកធំនៅក្នុងនគរស្ថានសួគ៌។
20. ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា បើសេចក្ដីសុចរិតរបស់អ្នករាល់គ្នា មិនលើសសេចក្ដីសុចរិតរបស់ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ីទេ នោះអ្នករាល់គ្នាមិនអាចចូលនគរស្ថានសួគ៌បានឡើយ។
21. អ្នករាល់គ្នាបានឮសេចក្ដីដែលបានបង្គាប់ដល់មនុស្សជំនាន់មុនថា កុំសម្លាប់មនុស្សឲ្យសោះ អ្នកណាសម្លាប់មនុស្ស អ្នកនោះនឹងត្រូវជាប់ទោស
22. ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលខឹងនឹងបងប្អូនខ្លួនឯង នោះនឹងត្រូវជាប់ទោសដែរ ហើយអ្នកណាហៅបងប្អូនខ្លួនឯងថា «អាឡប់» អ្នកនោះនឹងត្រូវក្រុមប្រឹក្សាកំពូលដាក់ទោស។ អ្នកណាដែលជេរគេថា «អាឆ្កួត» អ្នកនោះនឹងត្រូវធ្លាក់ក្នុងភ្លើងនរក។
23. ដូច្នេះបើអ្នកនាំតង្វាយមកកន្លែងថ្វាយតង្វាយ ហើយនៅទីនោះ អ្នកចាំថា បងប្អូនរបស់អ្នកមានរឿងទាស់នឹងអ្នក
24. ចូរទុកតង្វាយនៅទីនោះ នៅមុខកន្លែងថ្វាយតង្វាយចុះ ហើយទៅផ្សះផ្សានឹងបងប្អូនជាមុនសិន រួចសឹមមកថ្វាយតង្វាយរបស់អ្នកវិញ។
25. ចូរជានានឹងគូវិវាទរបស់អ្នកភ្លាមៗ ពេលអ្នកនៅតាមផ្លូវជាមួយអ្នកនោះ ក្រែងលោគេប្រគល់អ្នកឲ្យទៅចៅក្រម ហើយចៅក្រមប្រគល់អ្នកឲ្យទៅនគរបាល រួចអ្នកត្រូវជាប់គុក។