11. ដូច្នេះ អារក្សសាតាំងក៏ចាកចេញពីព្រះអង្គ ហើយមើល៍! ពួកទេវតាក៏ចូលមកជិត និងបម្រើព្រះអង្គ។
12. កាលឮថា គេបានចាប់លោកយ៉ូហាន ព្រះអង្គក៏យាងទៅស្រុកកាលីឡេ។
13. ពេលចាកចេញពីក្រុងណាសារ៉ែតមក ព្រះអង្គទៅរស់នៅក្នុងក្រុងកាពើណិម ស្ថិតនៅជិតបឹងក្នុងស្រុកសាប់យូឡូន និងស្រុកណែបថាលី
14. នោះក៏សម្រេចសេចក្ដីដែលបានថ្លែងទុកតាមរយៈលោកអេសាយ ជាអ្នកនាំព្រះបន្ទូលថា៖
15. «ស្រុកសាប់យូឡូន និងស្រុកណែបថាលី ស្ថិតនៅតាមផ្លូវមាត់បឹងនៅឯនាយអូរយ័រដាន់ ជាស្រុកកាលីឡេរបស់សាសន៍ដទៃ
16. ប្រជាជនដែលអង្គុយនៅក្នុងសេចក្ដីងងឹតបានឃើញពន្លឺមួយដ៏អស្ចារ្យ ហើយមានពន្លឺមួយរះឡើងក្នុងចំណោមពួកអ្នកអង្គុយនៅក្នុងស្រុក និងនៅក្នុងស្រមោលនៃសេចក្ដីស្លាប់»
17. ចាប់ពីពេលនោះមក ព្រះយេស៊ូចាប់ផ្ដើមប្រកាស ដោយមានបន្ទូលថា៖ «ចូរប្រែចិត្ដ ដ្បិតនគរស្ថានសួគ៌មកជិតបង្កើយ»។
18. ពេលយាងតាមមាត់បឹងកាលីឡេ ព្រះអង្គទតឃើញបងប្អូនពីរនាក់ជាអ្នកនេសាទ គឺលោកស៊ីម៉ូនហៅពេត្រុស និងលោកអនទ្រេជាប្អូន កំពុងបង់សំណាញ់ក្នុងបឹង
19. ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរមកតាមខ្ញុំ ខ្ញុំនឹងឲ្យអ្នកធ្វើជាអ្នកនេសាទមនុស្សវិញ»
20. ភ្លាមនោះ ពួកគេក៏ទុកសំណាញ់ចោល រួចដើរតាមព្រះអង្គតែម្ដង។
21. កាលយាងហួសទីនោះបន្ដិច ព្រះអង្គទតឃើញបងប្អូនពីរនាក់ទៀត គឺលោកយ៉ាកុប និងលោកយ៉ូហានជាប្អូន ដែលត្រូវជាកូនរបស់លោកសេបេដេ កំពុងជួសជុលសំណាញ់ក្នុងទូកជាមួយលោកសេបេដេជាឪពុក ព្រះអង្គក៏ហៅអ្នកទាំងពីរនោះ