1. បន្ទាប់មក ព្រះវិញ្ញាណបាននាំព្រះយេស៊ូទៅទីរហោឋាន ឲ្យអារក្សសាតាំងល្បួង
2. បន្ទាប់ពីបានតមអាហារសែសិបថ្ងៃសែសិបយប់មក ព្រះអង្គឃ្លាន។
3. មេល្បួងក៏ចូលមកជិតព្រះអង្គ ទូលថា៖ «បើអ្នកជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែន ចូរបង្គាប់ឲ្យថ្មទាំងនេះត្រលប់ជានំប៉័ងទៅ»
4. ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយថា៖ «មានសេចក្ដីចែងទុកមកថា មនុស្សមិនរស់ដោយសារនំប៉័ងប៉ុណ្ណោះទេ ប៉ុន្ដែរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋព្រះជាម្ចាស់មក»។
5. បន្ទាប់មក អារក្សសាតាំងក៏នាំព្រះអង្គទៅក្រុងបរិសុទ្ធ ហើយដាក់ព្រះអង្គនៅលើកំពូលព្រះវិហារ
6. រួចទូលព្រះអង្គថា៖ «បើអ្នកជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែន ចូរទម្លាក់ខ្លួនទៅក្រោមទៅ ដ្បិតមានសេចក្ដីចែងទុកមកថា ព្រះអង្គនឹងបង្គាប់ទេវតារបស់ព្រះអង្គពីដំណើរអ្នក ហើយទេវតានឹងទ្រអ្នកនៅលើដៃ ក្រែងលោជើងអ្នកទង្គិចនឹងថ្ម»
7. ព្រះយេស៊ូមានបន្ទូលទៅវាថា៖ «មានសេចក្ដីចែងទុកមកទៀតថា កុំល្បួងព្រះអម្ចាស់ជាព្រះរបស់អ្នកឡើយ»។
8. បន្ទាប់មក អារក្សសាតាំងក៏នាំព្រះអង្គទៅលើភ្នំមួយយ៉ាងខ្ពស់ រួចបង្ហាញនគរទាំងអស់នៅផែនដី និងសិរីរុងរឿងរបស់នគរទាំងនោះដល់ព្រះអង្គ
9. ហើយវាទូលព្រះអង្គថា៖ «បើអ្នកក្រាបថ្វាយបង្គំខ្ញុំ ខ្ញុំនឹងឲ្យរបស់ទាំងអស់នេះដល់អ្នក»
10. នោះព្រះយេស៊ូមានបន្ទូលទៅវាថា៖ «អារក្សសាតាំង ចេញទៅ! ដ្បិតមានសេចក្ដីចែងទុកមកថា អ្នកត្រូវថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់អ្នក ហើយត្រូវបម្រើព្រះអង្គតែមួយប៉ុណ្ណោះ»
11. ដូច្នេះ អារក្សសាតាំងក៏ចាកចេញពីព្រះអង្គ ហើយមើល៍! ពួកទេវតាក៏ចូលមកជិត និងបម្រើព្រះអង្គ។