33. ពេលមកដល់កន្លែងមួយឈ្មោះ គាល់កូថា ដែលហៅថា តំបន់លលាដ៍ក្បាល
34. នោះពួកគេក៏ឲ្យព្រះអង្គផឹកស្រាទំពាំងបាយជូរដែលលាយនឹងសារធាតុម្យ៉ាងមានជាតិល្វីង។ ពេលព្រះអង្គភ្លក់ហើយ នោះព្រះអង្គមិនព្រមផឹកទេ។
35. កាលឆ្កាងព្រះអង្គរួចហើយ ពួកគេនាំគ្នាចាប់ឆ្នោតចែកអាវរបស់ព្រះអង្គ
36. ហើយអង្គុយយាមព្រះអង្គនៅទីនោះ។
37. ពួកគេដាក់ស្លាកនៅខាងលើព្រះសិររបស់ព្រះអង្គ ដែលសរសេរពីទោសរបស់ព្រះអង្គថា៖ «នេះជាយេស៊ូ ជាស្ដេចរបស់ជនជាតិយូដា»។
38. នៅពេលនោះ មានចោរពីរនាក់ត្រូវគេឆ្កាងជាមួយព្រះអង្គដែរ គឺម្នាក់នៅខាងស្ដាំ និងម្នាក់ទៀតនៅខាងឆ្វេង។
39. ពួកអ្នកដែលដើរកាត់ទីនោះ បានប្រមាថព្រះអង្គ ហើយគ្រវីក្បាល
40. ទាំងនិយាយថា៖ «ឱអ្នកបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញតែបីថ្ងៃអើយ! ចូរសង្គ្រោះខ្លួនឯងទៅ! បើអ្នកជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែន ចូរចុះពីឈើឆ្កាងមក!»
41. ពួកសម្ដេចសង្ឃជាមួយពួកគ្រូវិន័យ និងពួកចាស់ទុំក៏ចំអកឲ្យព្រះអង្គបែបដូច្នោះដែរថា៖
42. «វាសង្គ្រោះគេបាន ប៉ុន្ដែសង្គ្រោះខ្លួនឯងមិនបានទេ ហើយវាជាស្ដេចអ៊ីស្រាអែល! ឲ្យវាចុះពីឈើឆ្កាងឥឡូវនេះមក នោះយើងនឹងជឿវា
43. វាទុកចិត្តលើព្រះជាម្ចាស់ ឥឡូវនេះ បើព្រះអង្គសព្វព្រះហឫទ័យនឹងវាមែន ទុកឲ្យព្រះអង្គសង្គ្រោះវាទៅ ដ្បិតវាបាននិយាយថា ខ្ញុំជាព្រះរាជបុត្រាព្រះជាម្ចាស់»។
44. ឯពួកចោរដែលជាប់ឆ្កាងជាមួយព្រះអង្គក៏ប្រមាថព្រះអង្គដូចគ្នាដែរ។