28. ពេលដោះសម្លៀកបំពាក់របស់ព្រះអង្គហើយ ពួកគេក៏ពាក់អាវវែងពណ៌ក្រហមទុំឲ្យព្រះអង្គវិញ
29. រួចពួកគេបានក្រងមកុដបន្លា មកបំពាក់លើព្រះសិររបស់ព្រះអង្គ ហើយដាក់ដើមត្រែងក្នុងព្រះហស្ដស្ដាំរបស់ព្រះអង្គ និងនាំគ្នាលុតជង្គង់នៅពីមុខព្រះអង្គ ដោយចំអកថា៖ «ថ្វាយបង្គំស្ដេចរបស់ជនជាតិយូដា!»
30. ពួកគេនាំគ្នាស្ដោះទឹកមាត់ដាក់ព្រះអង្គ ហើយយកដើមត្រែងនោះវាយព្រះសិររបស់ព្រះអង្គ។
31. នៅពេលចំអកឲ្យព្រះអង្គរួចហើយ ពួកគេក៏ដោះអាវវែងនោះចេញ បំពាក់អាវរបស់ព្រះអង្គឲ្យព្រះអង្គវិញ រួចនាំព្រះអង្គទៅឆ្កាង។
32. ពេលកំពុងចេញទៅនោះ ពួកគេឃើញបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាអ្នកក្រុងគីរេន ពួកគេបង្ខំគាត់ឲ្យលីឈើឆ្កាងរបស់ព្រះអង្គ។
33. ពេលមកដល់កន្លែងមួយឈ្មោះ គាល់កូថា ដែលហៅថា តំបន់លលាដ៍ក្បាល
34. នោះពួកគេក៏ឲ្យព្រះអង្គផឹកស្រាទំពាំងបាយជូរដែលលាយនឹងសារធាតុម្យ៉ាងមានជាតិល្វីង។ ពេលព្រះអង្គភ្លក់ហើយ នោះព្រះអង្គមិនព្រមផឹកទេ។
35. កាលឆ្កាងព្រះអង្គរួចហើយ ពួកគេនាំគ្នាចាប់ឆ្នោតចែកអាវរបស់ព្រះអង្គ
36. ហើយអង្គុយយាមព្រះអង្គនៅទីនោះ។
37. ពួកគេដាក់ស្លាកនៅខាងលើព្រះសិររបស់ព្រះអង្គ ដែលសរសេរពីទោសរបស់ព្រះអង្គថា៖ «នេះជាយេស៊ូ ជាស្ដេចរបស់ជនជាតិយូដា»។