52. ពេលនោះព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ចូរទុកដាវរបស់អ្នកទៅក្នុងកន្លែងរបស់វាវិញទៅ ដ្បិតអស់អ្នកដែលរើសយកដាវ នឹងស្លាប់ដោយដាវ
53. ឬមួយអ្នកគិតថា នៅពេលនេះ ខ្ញុំមិនអាចសុំព្រះវរបិតារបស់ខ្ញុំឲ្យព្រះអង្គប្រទានពួកទេវតាលើសពីដប់ពីរកងដល់ខ្ញុំបានទេឬ?
54. បើធ្វើដូច្នេះ តើបទគម្ពីរដែលចែងថា ត្រូវតែកើតឡើងដូច្នេះ នឹងអាចសម្រេចបានយ៉ាងដូចម្ដេច?»
55. នៅពេលនោះ ព្រះយេស៊ូក៏មានបន្ទូលទៅបណ្ដាជនថា៖ «តើអ្នករាល់គ្នាមកតទល់នឹងចោរឬអី បានជាមកចាប់ខ្ញុំទាំងមានដាវ និងដំបងដូច្នេះ? ខ្ញុំអង្គុយបង្រៀននៅក្នុងព្រះវិហាររាល់ថ្ងៃ នោះអ្នករាល់គ្នាមិនចាប់ខ្ញុំទេ
56. ប៉ុន្ដែការទាំងអស់នេះកើតឡើង ដើម្បីសម្រេចតាមបទគម្ពីររបស់អ្នកនាំព្រះបន្ទូល»។ ពេលនោះ ពួកសិស្សក៏រត់គេចខ្លួនចោលព្រះអង្គទាំងអស់គ្នា។
57. ពួកអ្នកដែលចាប់ព្រះយេស៊ូក៏នាំព្រះអង្គទៅឯសម្ដេចសង្ឃកៃផា ជាកន្លែងដែលពួកគ្រូវិន័យ និងពួកចាស់ទុំបានជួបជុំគ្នា។
58. លោកពេត្រុសបានដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ក្នុងផ្ទះរបស់សម្ដេចសង្ឃ ហើយបានចូលទៅអង្គុយជាមួយពួកអ្នកបម្រើការនៅខាងក្នុង ដើម្បីមើលលទ្ធផល។
59. ពួកសម្ដេចសង្ឃ និងក្រុមបឹ្រក្សាកំពូលទាំងមូលបានរកភស្តុតាងក្លែងក្លាយប្រឆាំងព្រះយេស៊ូ ដើម្បីអាចសម្លាប់ព្រះអង្គបាន
60. ប៉ុន្ដែពួកគេរកមិនបានសោះ ទោះបីមានសាក្សីក្លែងក្លាយជាច្រើនបានចូលមកក៏ដោយ។ នៅទីបំផុត ក៏មានពីរនាក់បានចូលមក
61. និយាយថា៖ «ម្នាក់នេះបាននិយាយថា ខ្ញុំអាចបំផ្លាញព្រះវិហាររបស់ព្រះជាម្ចាស់បាន ហើយសង់ឡើងវិញក្នុងរយៈពេលបីថ្ងៃ»។
62. សម្ដេចសង្ឃក៏ក្រោកឈរឡើង និយាយទៅព្រះអង្គថា៖ «តើអ្នកគ្មានចម្លើយអ្វីសម្រាប់ការដែលអ្នកទាំងនេះបានចោទប្រកាន់អ្នកទេឬ?»
63. ព្រះយេស៊ូនៅស្ងៀម សម្ដេចសង្ឃក៏និយាយទៅព្រះអង្គទៀតថា៖ «ខ្ញុំសូមឲ្យអ្នកស្បថនឹងព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ចូរអ្នកប្រាប់យើងមក តើអ្នកជាព្រះគ្រិស្ដដែលជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែនឬ?»
64. នោះព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «លោកនិយាយត្រូវហើយ តែខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះតទៅ អ្នករាល់គ្នានឹងឃើញកូនមនុស្សអង្គុយនៅខាងស្ដាំព្រះជាម្ចាស់ដ៏មានអំណាច ហើយមកជាមួយពពកលើមេឃ»។
65. ពេលនោះ សម្ដេចសង្ឃក៏ហែកអាវរបស់ខ្លួន រួចនិយាយថា៖ «វាប្រមាថព្រះជាម្ចាស់ហើយ តើយើងនៅត្រូវការសាក្សីធ្វើអ្វីទៀត? ពេលនេះ អ្នករាល់គ្នាបានស្ដាប់ឮពាក្យប្រមាថដល់ព្រះជាម្ចាស់ហើយ
66. តើអ្នករាល់គ្នាគិតយ៉ាងដូចម្ដេចដែរ?» ពួកគេតបវិញថា៖ «វាសមតែស្លាប់»
67. បន្ទាប់មក ពួកគេស្ដោះទឹកមាត់ដាក់ព្រះភក្ដ្រព្រះអង្គ ដាល់ព្រះអង្គ ហើយទះកំផ្លៀងព្រះអង្គ
68. ទាំងនិយាយថា៖ «ព្រះគ្រិស្ដអើយ! ទាយប្រាប់យើងមើល៍ តើអ្នកណាវាយឯង?»
69. ពេលលោកពេត្រុសកំពុងអង្គុយនៅខាងក្រៅផ្ទះ មានស្រីបម្រើម្នាក់ចូលមកជិតគាត់ និយាយថា៖ «អ្នកក៏នៅជាមួយយេស៊ូអ្នកស្រុកកាលីឡេដែរ»