32. ប៉ុន្ដែបន្ទាប់ពីខ្ញុំរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា»។
33. លោកពេត្រុសទូលទៅព្រះអង្គថា៖ «ទោះជាមនុស្សគ្រប់គ្នាជំពប់ដួលក៏ដោយ ក៏ខ្ញុំមិនជំពប់ដួលឡើយ»
34. ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកជាប្រាកដថា នៅយប់នេះ មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»
35. នោះលោកពេត្រុសទូលទៅព្រះអង្គវិញថា៖ «ទោះបីខ្ញុំត្រូវស្លាប់ជាមួយលោកក៏ដោយ ក៏ខ្ញុំមិនបដិសេធលោកជាដាច់ខាត»។ ពួកសិស្សទាំងអស់គ្នាក៏និយាយដូច្នោះដែរ។
36. ក្រោយមក ព្រះយេស៊ូជាមួយពួកសិស្សបានមកដល់កន្លែងមួយដែលមានឈ្មោះថា សួនគែតសេម៉ានី ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ចូរអង្គុយនៅទីនេះចុះ នៅពេលខ្ញុំទៅអធិស្ឋាននៅទីនោះ»។
37. ព្រះអង្គយកលោកពេត្រុស និងកូនប្រុសទាំងពីរនាក់របស់លោកសេបេដេទៅជាមួយ ហើយព្រះអង្គចាប់ផ្ដើមមានទុក្ខព្រួយ និងពិបាកចិត្ដយ៉ាងខ្លាំង។
38. ព្រះអង្គមានបន្ទូលទៅអ្នកទាំងបីនោះថា៖ «ខ្ញុំព្រួយចិត្តខ្លាំងណាស់ ស្ទើរស្លាប់ទៅហើយ ចូរនៅទីនេះជាមួយខ្ញុំ ហើយប្រុងស្មារតីឡើង»។
39. កាលយាងទៅមុខបានបន្ដិច ព្រះអង្គក៏ក្រាបផ្កាប់មុខចុះ ហើយអធិស្ឋានថា៖ «ឱព្រះវរបិតារបស់ខ្ញុំអើយ! ប្រសិនបើអាច សូមឲ្យពែងនេះរំលងផុតពីខ្ញុំទៅ ប៉ុន្ដែកុំតាមបំណងរបស់ខ្ញុំឡើយ គឺតាមបំណងរបស់ព្រះអង្គវិញ»
40. រួចព្រះអង្គយាងមកឯពួកសិស្សវិញ ក៏ឃើញពួកគេដេកលក់អស់ នោះព្រះអង្គមានបន្ទូលទៅលោកពេត្រុសថា៖ «តើពួកអ្នកទ្រាំនៅជាមួយខ្ញុំដោយមិនដេកតែមួយម៉ោងមិនបានទេឬ?
41. ចូរប្រុងស្មារតីឡើង ហើយអធិស្ឋានចុះ ដើម្បីកុំឲ្យធ្លាក់ក្នុងសេចក្ដីល្បួង ដ្បិតវិញ្ញាណប្រុងប្រៀបជាស្រេចមែន ប៉ុន្ដែរូបកាយខ្សោយទេ»។
42. ព្រះអង្គក៏យាងទៅម្ដងទៀត ហើយអធិស្ឋានជាលើកទីពីរថា៖ «ឱព្រះវរបិតារបស់ខ្ញុំអើយ! ប្រសិនបើខ្ញុំត្រូវតែផឹកពីពែងនេះដោយចៀសពុំរួចមែន សូមឲ្យសម្រេចតាមបំណងព្រះអង្គចុះ»
43. ពេលព្រះអង្គយាងមកវិញ ក៏ឃើញពួកគេដេកលក់ទៀត ព្រោះពួកគេបើកភ្នែកមិនរួច
44. ព្រះអង្គក៏យាងចេញពីពួកគេម្ដងទៀត ហើយមានបន្ទូលអធិស្ឋានជាលើកទីបីតាមពាក្យដដែល។