31. ក្រោយមក ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «យប់នេះ ដោយព្រោះខ្ញុំ អ្នកទាំងអស់គ្នានឹងជំពប់ដួល ដ្បិតមានសេចក្ដីចែងទុកមកថា យើងនឹងវាយអ្នកគង្វាល ហើយហ្វូងចៀមនឹងខ្ចាត់ខ្ចាយទៅ
32. ប៉ុន្ដែបន្ទាប់ពីខ្ញុំរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា»។
33. លោកពេត្រុសទូលទៅព្រះអង្គថា៖ «ទោះជាមនុស្សគ្រប់គ្នាជំពប់ដួលក៏ដោយ ក៏ខ្ញុំមិនជំពប់ដួលឡើយ»
34. ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកជាប្រាកដថា នៅយប់នេះ មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»
35. នោះលោកពេត្រុសទូលទៅព្រះអង្គវិញថា៖ «ទោះបីខ្ញុំត្រូវស្លាប់ជាមួយលោកក៏ដោយ ក៏ខ្ញុំមិនបដិសេធលោកជាដាច់ខាត»។ ពួកសិស្សទាំងអស់គ្នាក៏និយាយដូច្នោះដែរ។
36. ក្រោយមក ព្រះយេស៊ូជាមួយពួកសិស្សបានមកដល់កន្លែងមួយដែលមានឈ្មោះថា សួនគែតសេម៉ានី ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ចូរអង្គុយនៅទីនេះចុះ នៅពេលខ្ញុំទៅអធិស្ឋាននៅទីនោះ»។
37. ព្រះអង្គយកលោកពេត្រុស និងកូនប្រុសទាំងពីរនាក់របស់លោកសេបេដេទៅជាមួយ ហើយព្រះអង្គចាប់ផ្ដើមមានទុក្ខព្រួយ និងពិបាកចិត្ដយ៉ាងខ្លាំង។
38. ព្រះអង្គមានបន្ទូលទៅអ្នកទាំងបីនោះថា៖ «ខ្ញុំព្រួយចិត្តខ្លាំងណាស់ ស្ទើរស្លាប់ទៅហើយ ចូរនៅទីនេះជាមួយខ្ញុំ ហើយប្រុងស្មារតីឡើង»។