33. កាលបណ្តាជនស្តាប់ឮដូច្នេះ ក៏នឹកអស្ចារ្យពីសេចក្ដីបង្រៀនរបស់ព្រះអង្គ។
34. ពេលពួកអ្នកខាងគណៈផារិស៊ីឮថា ព្រះអង្គបានធ្វើឲ្យពួកអ្នកខាងគណៈសាឌូស៊ីស្ងាត់មាត់ នោះក៏មកជួបជុំគ្នា
35. ហើយមានម្នាក់នៅក្នុងចំណោមពួកគេជាអ្នកជំនាញច្បាប់ បានសួរល្បងព្រះអង្គថា៖
36. «លោកគ្រូ តើនៅក្នុងគម្ពីរវិន័យ បញ្ញត្ដិមួយណាសំខាន់ជាងគេ?»
37. ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឲ្យអស់ពីចិត្ដ អស់ពីព្រលឹង និងអស់ពីគំនិតរបស់អ្នក
38. នេះហើយជាបញ្ញត្ដិទីមួយ និងសំខាន់ជាងគេ
39. ឯបញ្ញត្ដិទីពីរក៏សំខាន់ដូចគ្នា គឺអ្នកត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកឲ្យដូចជាខ្លួនឯង
40. គម្ពីរវិន័យ និងពាក្យរបស់អ្នកនាំព្រះបន្ទូលទាំងអស់ផ្អែកលើបញ្ញត្ដិទាំងពីរនេះ»។
41. ហើយកាលពួកអ្នកខាងគណៈផារិស៊ីកំពុងជួបជុំគ្នា ព្រះយេស៊ូក៏មានបន្ទូលសួរពួកគេ
42. ថា៖ «តើពួកលោកគិតយ៉ាងដូចម្ដេចអំពីព្រះគិ្រស្ដ? តើព្រះអង្គជាពូជពង្សនរណា?» គេទូលព្រះអង្គថា៖ «ជាពូជពង្សដាវីឌ»
43. ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចុះហេតុដូចម្ដេចបានជាដាវីឌហៅព្រះអង្គ ដោយព្រះវិញ្ញាណថាព្រះអម្ចាស់ដូច្នេះ ដ្បិតដាវីឌផ្ទាល់និយាយថា
44. ព្រះអម្ចាស់មានបន្ទូលមកកាន់ព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយនៅខាងស្ដាំយើង រហូតដល់យើងដាក់ខ្មាំងសត្រូវរបស់អ្នកនៅក្រោមជើងរបស់អ្នក
45. ដូច្នេះ បើដាវីឌហៅព្រះអង្គថាព្រះអម្ចាស់ តើព្រះអង្គជាពូជពង្សដាវីឌយ៉ាងដូចម្ដេចទៅ?»
46. គ្មាននរណាអាចឆ្លើយនឹងព្រះយេស៊ូបានឡើយ សូម្បីតែមួយម៉ាត់ ហើយក៏គ្មាននរណាហ៊ានសួរព្រះអង្គទៀតដែរ ចាប់តាំងពីថ្ងៃនោះមក។