ម៉ាថាយ 22:18-31 Khmer Christian Bible (KCB)

18. ប៉ុន្ដែ​ព្រះយេស៊ូ​ជ្រាប​ពី​បំណង​អាក្រក់​របស់​ពួកគេ​ ក៏​មាន​បន្ទូល​ថា៖​ «មនុស្ស​មាន​ពុត​អើយ‍!​ ហេតុអ្វី​ក៏​អ្នករាល់គ្នា​ល្បងល​ខ្ញុំ​ដូច្នេះ?​

19. ចូរ​បង្ហាញ​កាក់​សម្រាប់​បង់​ពន្ធ​ឲ្យ​ខ្ញុំ​មើល៍»​ នោះ​គេ​ក៏​យក​កាក់​មួយ​ឌេណារី​មក​ឲ្យ​ព្រះអង្គ​

20. រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​រូប​ និង​ចំណារ​លើ​កាក់​នេះ​ជា​របស់​នរណា?»​

21. ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «ជា​របស់​ព្រះចៅ​អធិរាជ»​ នោះ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ដូច្នេះ​ ចូរ​ឲ្យ​អ្វីៗ​ដែល​ជា​របស់​ព្រះចៅ​អធិរាជ​ដល់​ព្រះចៅ​អធិរាជ​ រួច​ថ្វាយ​អ្វីៗ​ដែល​ជា​របស់​ព្រះជាម្ចាស់​ដល់​ព្រះជាម្ចាស់​ចុះ‍»​

22. កាល​ឮ​ដូច្នេះ​ ពួកគេ​ក៏​នឹក​អស្ចារ្យ​ ហើយ​ក៏​ចាក​ចេញ​ពី​ព្រះអង្គ​ទៅ។​

23. នៅ​ថ្ងៃ​នោះ​ ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​ដែល​និយាយ​ថា​ គ្មាន​ការ​រស់​ឡើង​វិញ​ បាន​ចូល​មក​ជិត​ព្រះអង្គ​សួរ​

24. ថា៖​ ‍«លោកគ្រូ​ លោក​ម៉ូសេ​និយាយ​ថា​ ប្រសិន​បើ​អ្នកណា​ម្នាក់​ស្លាប់​ទៅ​ដោយ​គ្មាន​កូន​សោះ​ នោះ​ប្អូន​ប្រុស​របស់​គាត់​ត្រូវ​យក​ប្រពន្ធ​របស់​គាត់​ ដើម្បី​បង្កើត​កូន​ឲ្យ​គាត់​

25. ឥឡូវ​នេះ​ ក្នុង​ចំណោម​យើង​ខ្ញុំ​មាន​បងប្អូន​ប្រុស​ប្រាំ​ពីរ​នាក់​ បង​ប្រុស​ច្បង​បាន​យក​ប្រពន្ធ​ រួច​ក៏​ស្លាប់​ទៅ​ ហើយ​បន្សល់​ប្រពន្ធ​ទុក​ឲ្យ​ប្អូន​ប្រុស​របស់​គាត់​ ដោយ​គ្មាន​កូន​សោះ​

26. ប្អូន​ប្រុស​ទី​ពីរ​ ប្អូន​ប្រុស​ទី​បី​ រហូត​ដល់​ប្អូន​ប្រុស​ទី​ប្រាំ​ពីរ​ក៏​ដូច​គ្នា​ដែរ‍។​

27. នៅ​ទី​បំផុត​ស្ដ្រី​នោះ​ក៏​ស្លាប់​ទៅ‍។​

28. ដូច្នេះ​ នៅ​ពេល​រស់​ឡើង​វិញ​ តើ​នាង​ជា​ប្រពន្ធ​របស់​អ្នកណា​ក្នុង​ចំណោម​បងប្អូន​ប្រុស​ទាំង​ប្រាំ​ពីរ​នាក់​នេះ?​ ដ្បិត​ពួកគេ​ទាំង​អស់​គ្នា​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ»​

29. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ពួក​លោក​យល់​ច្រឡំ​ហើយ​ ព្រោះ​ពួក​លោក​មិន​យល់​បទគម្ពីរ​ និង​អំណាច​របស់​ព្រះជាម្ចាស់​

30. ដ្បិត​នៅ​ពេល​រស់​ឡើង​វិញ​ គេ​មិន​រៀបការ​ជា​ប្ដី​ប្រពន្ធ​ទៀត​ឡើយ​ ប៉ុន្ដែ​ពួកគេ​ដូច​ជា​ពួក​ទេវតា​នៅ​ស្ថានសួគ៌​វិញ​

31. ទាក់ទង​នឹង​ការ​ដែល​មនុស្ស​ស្លាប់​រស់​ឡើង​វិញ​ តើ​ពួក​លោក​មិន​បាន​អាន​ទេ​ឬ​ អំពី​សេចក្តី​ដែល​ព្រះជាម្ចាស់​បាន​មាន​បន្ទូល​មក​ពួក​លោក​ថា​

ម៉ាថាយ 22