18. ប៉ុន្ដែព្រះយេស៊ូជ្រាបពីបំណងអាក្រក់របស់ពួកគេ ក៏មានបន្ទូលថា៖ «មនុស្សមានពុតអើយ! ហេតុអ្វីក៏អ្នករាល់គ្នាល្បងលខ្ញុំដូច្នេះ?
19. ចូរបង្ហាញកាក់សម្រាប់បង់ពន្ធឲ្យខ្ញុំមើល៍» នោះគេក៏យកកាក់មួយឌេណារីមកឲ្យព្រះអង្គ
20. រួចព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើរូប និងចំណារលើកាក់នេះជារបស់នរណា?»
21. ពួកគេទូលព្រះអង្គថា៖ «ជារបស់ព្រះចៅអធិរាជ» នោះព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ដូច្នេះ ចូរឲ្យអ្វីៗដែលជារបស់ព្រះចៅអធិរាជដល់ព្រះចៅអធិរាជ រួចថ្វាយអ្វីៗដែលជារបស់ព្រះជាម្ចាស់ដល់ព្រះជាម្ចាស់ចុះ»
22. កាលឮដូច្នេះ ពួកគេក៏នឹកអស្ចារ្យ ហើយក៏ចាកចេញពីព្រះអង្គទៅ។
23. នៅថ្ងៃនោះ ពួកអ្នកខាងគណៈសាឌូស៊ីដែលនិយាយថា គ្មានការរស់ឡើងវិញ បានចូលមកជិតព្រះអង្គសួរ
24. ថា៖ «លោកគ្រូ លោកម៉ូសេនិយាយថា ប្រសិនបើអ្នកណាម្នាក់ស្លាប់ទៅដោយគ្មានកូនសោះ នោះប្អូនប្រុសរបស់គាត់ត្រូវយកប្រពន្ធរបស់គាត់ ដើម្បីបង្កើតកូនឲ្យគាត់
25. ឥឡូវនេះ ក្នុងចំណោមយើងខ្ញុំមានបងប្អូនប្រុសប្រាំពីរនាក់ បងប្រុសច្បងបានយកប្រពន្ធ រួចក៏ស្លាប់ទៅ ហើយបន្សល់ប្រពន្ធទុកឲ្យប្អូនប្រុសរបស់គាត់ ដោយគ្មានកូនសោះ
26. ប្អូនប្រុសទីពីរ ប្អូនប្រុសទីបី រហូតដល់ប្អូនប្រុសទីប្រាំពីរក៏ដូចគ្នាដែរ។
27. នៅទីបំផុតស្ដ្រីនោះក៏ស្លាប់ទៅ។
28. ដូច្នេះ នៅពេលរស់ឡើងវិញ តើនាងជាប្រពន្ធរបស់អ្នកណាក្នុងចំណោមបងប្អូនប្រុសទាំងប្រាំពីរនាក់នេះ? ដ្បិតពួកគេទាំងអស់គ្នាបានយកនាងធ្វើជាប្រពន្ធ»
29. ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ពួកលោកយល់ច្រឡំហើយ ព្រោះពួកលោកមិនយល់បទគម្ពីរ និងអំណាចរបស់ព្រះជាម្ចាស់