ម៉ាថាយ 22:14-26 Khmer Christian Bible (KCB)

14. ដ្បិត​ហៅ​បាន​ច្រើន​នាក់​មែន​ ប៉ុន្ដែ​ជ្រើស​រើស​បាន​តិច​តួច​ទេ‍។​»

15. បន្ទាប់​មក​ ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ចេញ​ទៅ​ពិគ្រោះ​គ្នា​ ដើម្បី​ចាប់​កំហុស​ពេល​ព្រះអង្គ​មាន​បន្ទូល​

16. ពួកគេ​ក៏​ចាត់​សិស្ស​របស់​ខ្លួន​ឲ្យ​ទៅ​ជាមួយ​ពួក​អ្នក​ខាង​គណៈ​ហេរ៉ូឌ​ ទូល​ព្រះអង្គ​ថា៖​ «លោកគ្រូ​អើយ‍!​ យើង​ដឹង​ថា​លោក​ពិត​ត្រង់​ ហើយ​បង្រៀន​អំពី​ផ្លូវ​របស់​ព្រះជាម្ចាស់​ទៅ​តាម​សេចក្ដី​ពិត​ និង​មិន​ខ្វល់​ពី​អ្នកណា​ទេ​ ព្រោះ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ឡើយ​

17. ដូច្នេះ​សូម​ប្រាប់​យើង​ផង​ថា​ លោក​គិត​យ៉ាង​ដូច​ម្ដេច​ តើ​ការ​បង់​ពន្ធដារ​ឲ្យ​ព្រះចៅ​អធិរាជ​នោះ​ តឹ្រមត្រូវ​តាម​វិន័យ​ដែរ​ឬ​ទេ?»​

18. ប៉ុន្ដែ​ព្រះយេស៊ូ​ជ្រាប​ពី​បំណង​អាក្រក់​របស់​ពួកគេ​ ក៏​មាន​បន្ទូល​ថា៖​ «មនុស្ស​មាន​ពុត​អើយ‍!​ ហេតុអ្វី​ក៏​អ្នករាល់គ្នា​ល្បងល​ខ្ញុំ​ដូច្នេះ?​

19. ចូរ​បង្ហាញ​កាក់​សម្រាប់​បង់​ពន្ធ​ឲ្យ​ខ្ញុំ​មើល៍»​ នោះ​គេ​ក៏​យក​កាក់​មួយ​ឌេណារី​មក​ឲ្យ​ព្រះអង្គ​

20. រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​រូប​ និង​ចំណារ​លើ​កាក់​នេះ​ជា​របស់​នរណា?»​

21. ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «ជា​របស់​ព្រះចៅ​អធិរាជ»​ នោះ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ដូច្នេះ​ ចូរ​ឲ្យ​អ្វីៗ​ដែល​ជា​របស់​ព្រះចៅ​អធិរាជ​ដល់​ព្រះចៅ​អធិរាជ​ រួច​ថ្វាយ​អ្វីៗ​ដែល​ជា​របស់​ព្រះជាម្ចាស់​ដល់​ព្រះជាម្ចាស់​ចុះ‍»​

22. កាល​ឮ​ដូច្នេះ​ ពួកគេ​ក៏​នឹក​អស្ចារ្យ​ ហើយ​ក៏​ចាក​ចេញ​ពី​ព្រះអង្គ​ទៅ។​

23. នៅ​ថ្ងៃ​នោះ​ ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​ដែល​និយាយ​ថា​ គ្មាន​ការ​រស់​ឡើង​វិញ​ បាន​ចូល​មក​ជិត​ព្រះអង្គ​សួរ​

24. ថា៖​ ‍«លោកគ្រូ​ លោក​ម៉ូសេ​និយាយ​ថា​ ប្រសិន​បើ​អ្នកណា​ម្នាក់​ស្លាប់​ទៅ​ដោយ​គ្មាន​កូន​សោះ​ នោះ​ប្អូន​ប្រុស​របស់​គាត់​ត្រូវ​យក​ប្រពន្ធ​របស់​គាត់​ ដើម្បី​បង្កើត​កូន​ឲ្យ​គាត់​

25. ឥឡូវ​នេះ​ ក្នុង​ចំណោម​យើង​ខ្ញុំ​មាន​បងប្អូន​ប្រុស​ប្រាំ​ពីរ​នាក់​ បង​ប្រុស​ច្បង​បាន​យក​ប្រពន្ធ​ រួច​ក៏​ស្លាប់​ទៅ​ ហើយ​បន្សល់​ប្រពន្ធ​ទុក​ឲ្យ​ប្អូន​ប្រុស​របស់​គាត់​ ដោយ​គ្មាន​កូន​សោះ​

26. ប្អូន​ប្រុស​ទី​ពីរ​ ប្អូន​ប្រុស​ទី​បី​ រហូត​ដល់​ប្អូន​ប្រុស​ទី​ប្រាំ​ពីរ​ក៏​ដូច​គ្នា​ដែរ‍។​

ម៉ាថាយ 22