ម៉ាថាយ 21:32-46 Khmer Christian Bible (KCB)

32. ដ្បិត​លោក​យ៉ូហាន​បាន​មក​ឯ​ពួក​លោក​ដោយ​ផ្លូវ​នៃ​សេចក្ដី​សុចរិត​ ប៉ុន្ដែ​ពួក​លោក​មិន​ជឿ​គាត់​ទេ​ ផ្ទុយ​ទៅ​វិញ​ពួក​អ្នក​ទារ​ពន្ធដារ​ និង​ពួក​ស្ដ្រី​ពេស្យា​បាន​ជឿ​គាត់​ ហើយ​ទោះបី​ពួក​លោក​ឃើញ​ក្ដី​ ក៏​មិន​បាន​ប្រែចិត្ដ​ជឿ​គាត់​តាម​ក្រោយ​ដែរ។​

33. ចូរ​ស្ដាប់​រឿង​ប្រៀប​ប្រដូច​មួយ​ទៀត​ មាន​បុរស​ម្នាក់​ ជា​ម្ចាស់​ចម្ការ​បាន​ធ្វើ​ចម្ការ​ទំពាំង​បាយជូរ​មួយ​ ហើយ​ក៏​ព័ទ្ធ​របង​ជុំវិញ​ ជីក​កន្លែង​បញ្ជាន់​ផ្លែ​នៅ​ក្នុង​ចម្ការ​នោះ​ សង់​ប៉ម​មួយ​ រួច​ប្រវាស់​ឲ្យ​ពួក​អ្នក​ចម្ការ​ ហើយ​ក៏​ចេញ​ដំណើរ​ទៅ។​

34. លុះ​ជិត​ដល់​រដូវ​ប្រមូល​ផល​ គាត់​ក៏​ចាត់​ពួក​បាវបម្រើ​ឲ្យ​ទៅ​ឯ​ពួក​អ្នក​ចម្ការ​ ដើម្បី​ទទួល​យក​ផល​នៃ​ចម្ការ​ទំពាំង​បាយជូរ​នោះ​

35. ប៉ុន្ដែ​ពួក​អ្នក​ចម្ការ​បាន​វាយបាវបម្រើរបស់​គាត់​ម្នាក់​ សម្លាប់​ម្នាក់ ហើយ​បាន​គប់​ម្នាក់​ទៀត​នឹងដុំ​ថ្ម​។

36. គាត់​ក៏​ចាត់​ពួក​បាវបម្រើ​ផ្សេង​ទៀត​ច្រើន​ជាង​លើក​ទី​មួយ​ឲ្យ​ទៅ​ ប៉ុន្ដែ​ពួកគេ​បាន​ធ្វើ​ចំពោះ​អ្នក​ទាំង​នោះ​ដូច​លើក​មុន។​

37. នៅ​ទី​បំផុត​ គាត់​ក៏​ចាត់​កូន​ប្រុស​របស់​គាត់​ឲ្យ​ទៅ​ឯ​ពួក​អ្នក​ចម្ការ​ដោយ​និយាយ​ថា​ ពួកគេ​នឹង​គោរព​កូន​ប្រុស​របស់​ខ្ញុំ​

38. ប៉ុន្ដែ​កាល​ពួក​អ្នក​ចម្ការ​ឃើញ​កូន​ប្រុស​នោះ​ ក៏​និយាយ​គ្នា​ថា​ ម្នាក់​នេះ​ជា​អ្នក​ស្នង​មរតក​ ចូរ​យើង​សម្លាប់​វា​ចោល​ទៅ​ ដើម្បី​យក​មរតក​របស់​វា‍។​

39. ពួកគេ​ក៏​ចាប់​កូន​ប្រុស​នោះ​បោះ​ទៅ​ក្រៅ​ចម្ការ​ទំពាំង​បាយជូរ​ ហើយ​សម្លាប់​ចោល។​

40. ដូច្នេះ​ ពេល​ម្ចាស់​ចម្ការ​មកវិញ​ តើ​គាត់​នឹង​ធ្វើ​យ៉ាង​ដូច​ម្ដេច​ចំពោះ​ពួក​អ្នក​ចម្ការ​ទាំង​នោះ?»​

41. ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «គាត់​នឹង​សម្លាប់​ពួក​មនុស្ស​អាក្រក់​ទាំងនោះ​ដោយ​ឥត​ប្រណី​ឡើយ​ ហើយ​គាត់​នឹង​ប្រវាស់​ចម្ការ​ទំពាំង​បាយជូរ​នោះ​ឲ្យ​ទៅ​ពួក​អ្នក​ចម្ការ​ផ្សេង​ទៀត​ ដែល​ផ្ដល់​ផល​ឲ្យ​គាត់​តាម​រដូវ»។​

42. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​ពួក​លោក​មិន​ដែល​អាន​នៅ​ក្នុង​បទគម្ពីរ​ទេ​ឬ​ថា​ ថ្ម​ដែល​ជាង​សំណង់​បោះបង់​ចោល​ នោះ​ត្រលប់​ជា​ថ្ម​ដ៏​សំខាន់​នៅ​តាម​ជ្រុង​ ការ​នេះ​កើត​ឡើង​ពី​ព្រះអម្ចាស់​ ហើយ​អស្ចារ្យ​ណាស់​នៅ​ចំពោះ​ភ្នែក​យើង។​

43. ហេតុនេះ​ ខ្ញុំ​ប្រាប់​ពួក​លោក​ថា​ នគរ​ព្រះជាម្ចាស់​នឹង​ត្រូវ​ដក​ហូត​ពី​ពួក​លោក​ ហើយ​ប្រគល់​ទៅ​ឲ្យ​ជនជាតិ​មួយ​ដែល​បង្កើត​ផល​ឲ្យ​នគរ​នោះ។​

44. អ្នកណា​ធ្លាក់​លើ​ថ្ម​នេះ​ អ្នក​នោះ​នឹង​ត្រូវ​បាក់​បែក​ ហើយ​ប្រសិន​បើ​ថ្ម​នេះ​ធ្លាក់​លើ​អ្នកណា​វិញ​ វា​នឹង​កិន​កម្ទេច​អ្នក​នោះ»។​

45. កាល​ពួក​សម្ដេច​សង្ឃ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ស្ដាប់​រឿង​ប្រៀប​ប្រដូច​របស់​ព្រះអង្គ​នេះ​រួច​ហើយ​ ក៏​ដឹង​ថា​ ព្រះអង្គ​មាន​បន្ទូល​អំពី​ពួកគេ​

46. ក៏​រក​ចាប់​ព្រះអង្គ​ ប៉ុន្ដែ​ពួកគេ​ខ្លាច​បណ្ដាជន​ ព្រោះ​បណ្ដាជន​រាប់​ព្រះអង្គ​ថា​ ជា​អ្នក​នាំ​ព្រះបន្ទូល​ម្នាក់។​

ម៉ាថាយ 21