ម៉ាថាយ 21:28-35 Khmer Christian Bible (KCB)

28. តើ​ពួក​លោក​គិត​យ៉ាង​ដូច​ម្ដេច?​ មាន​បុរស​ម្នាក់​មាន​កូន​ពីរ​នាក់​ គាត់​បាន​ចូល​មក​ជិត​កូន​ទី​មួយ​ប្រាប់​ថា​ កូន​អើយ‍!​ ថ្ងៃ​នេះ​កូន​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​ទំពាំង​បាយជូរ​ចុះ​

29. វា​តប​វិញ​ថា​ ខ្ញុំ​មិន​ចង់​ទៅ​ទេ​ ប៉ុន្ដែ​ក្រោយ​មក​ វា​ដូរ​គំនិត​វិញ​ ហើយ​ក៏​ទៅ។​

30. បុរស​នោះ​បាន​ទៅ​ប្រាប់​កូន​ម្នាក់​ទៀត​ដូច​មុន​ នោះ​វា​តប​វិញ​ថា​ លោក​ឪពុក​អើយ‍!​ ខ្ញុំ​ទៅ​ ប៉ុន្ដែ​វា​មិន​បាន​ទៅ​ទេ​

31. ក្នុង​ចំណោម​កូន​ទាំង​ពីរ​នាក់​នេះ​ តើ​កូន​មួយ​ណា​ធ្វើ​តាម​បំណង​របស់​ឪពុក?»​ ពួកគេ​ឆ្លើយ​ថា៖​ «កូន​ទី​មួយ»។​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​ពួក​លោក​ជា​ប្រាកដ​ថា​ ពួក​អ្នក​ទារ​ពន្ធដារ​ និង​ពួក​ស្ដ្រី​ពេស្យា​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​មុន​ពួក​លោក។​

32. ដ្បិត​លោក​យ៉ូហាន​បាន​មក​ឯ​ពួក​លោក​ដោយ​ផ្លូវ​នៃ​សេចក្ដី​សុចរិត​ ប៉ុន្ដែ​ពួក​លោក​មិន​ជឿ​គាត់​ទេ​ ផ្ទុយ​ទៅ​វិញ​ពួក​អ្នក​ទារ​ពន្ធដារ​ និង​ពួក​ស្ដ្រី​ពេស្យា​បាន​ជឿ​គាត់​ ហើយ​ទោះបី​ពួក​លោក​ឃើញ​ក្ដី​ ក៏​មិន​បាន​ប្រែចិត្ដ​ជឿ​គាត់​តាម​ក្រោយ​ដែរ។​

33. ចូរ​ស្ដាប់​រឿង​ប្រៀប​ប្រដូច​មួយ​ទៀត​ មាន​បុរស​ម្នាក់​ ជា​ម្ចាស់​ចម្ការ​បាន​ធ្វើ​ចម្ការ​ទំពាំង​បាយជូរ​មួយ​ ហើយ​ក៏​ព័ទ្ធ​របង​ជុំវិញ​ ជីក​កន្លែង​បញ្ជាន់​ផ្លែ​នៅ​ក្នុង​ចម្ការ​នោះ​ សង់​ប៉ម​មួយ​ រួច​ប្រវាស់​ឲ្យ​ពួក​អ្នក​ចម្ការ​ ហើយ​ក៏​ចេញ​ដំណើរ​ទៅ។​

34. លុះ​ជិត​ដល់​រដូវ​ប្រមូល​ផល​ គាត់​ក៏​ចាត់​ពួក​បាវបម្រើ​ឲ្យ​ទៅ​ឯ​ពួក​អ្នក​ចម្ការ​ ដើម្បី​ទទួល​យក​ផល​នៃ​ចម្ការ​ទំពាំង​បាយជូរ​នោះ​

35. ប៉ុន្ដែ​ពួក​អ្នក​ចម្ការ​បាន​វាយបាវបម្រើរបស់​គាត់​ម្នាក់​ សម្លាប់​ម្នាក់ ហើយ​បាន​គប់​ម្នាក់​ទៀត​នឹងដុំ​ថ្ម​។

ម៉ាថាយ 21