ម៉ាថាយ 21:22-36 Khmer Christian Bible (KCB)

22. ហើយ​គ្រប់​សេចក្ដី​ទាំង​អស់​ដែល​អ្នក​រាល់គ្នា​សុំ​ក្នុង​សេចក្ដី​អធិស្ឋាន​ដោយ​ជំនឿ​ នោះ​នឹង​បាន​ទទួល»។​

23. កាល​ព្រះអង្គ​បាន​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​ហើយ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​របស់​ប្រជាជន​ក៏​ចូល​មក​ជិត​ព្រះអង្គ​ ពេល​ព្រះអង្គ​កំពុង​បង្រៀន​ ពួកគេ​ទូល​សួរ​ថា៖​ «តើ​អ្នក​ធ្វើ​ការ​ទាំង​នេះ​ដោយ​សិទ្ធិ​អំណាច​អ្វី?​ តើ​នរណា​ឲ្យ​សិទ្ធិ​អំណាច​នេះ​ដល់​អ្នក?»​

24. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​នឹង​សួរ​ពួក​លោក​មួយ​សំនួរ​ដែរ​ ប្រសិន​បើ​ពួក​លោក​ប្រាប់​ខ្ញុំ​បាន​ នោះ​ខ្ញុំ​នឹង​ប្រាប់​វិញ​ដែរ​ថា​ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​សិទ្ធិ​អំណាច​អ្វី​

25. តើ​ពិធី​ជ្រមុជ​ទឹក​របស់​លោក​យ៉ូហាន​មក​ពី​ណា?​ មក​ពី​ស្ថានសួគ៌​ ឬ​ក៏​មក​ពី​មនុស្ស?»​ ពួកគេ​ក៏​ពិគ្រោះ​គ្នា​ថា៖​ «ប្រសិន​បើ​យើង​ឆ្លើយ​ថា​មក​ពី​ស្ថានសួគ៌​ នោះ​គាត់​នឹង​និយាយ​ថា​ ចុះ​ហេតុអ្វី​បាន​ជា​ពួក​លោក​មិន​ជឿ​លោក​យ៉ូហាន?​

26. ប៉ុន្ដែ​បើ​យើង​ឆ្លើយ​ថា​មក​ពី​មនុស្ស​ នោះ​ខ្លាច​បណ្ដាជន​ ព្រោះ​មនុស្ស​គ្រប់​គ្នា​រាប់​លោក​យ៉ូហាន​ថា​ ជា​អ្នក​នាំ​ព្រះបន្ទូល»​

27. ពួកគេ​ក៏​ទូល​ឆ្លើយ​ទៅ​ព្រះយេស៊ូ​ថា៖​ «យើង​មិន​ដឹង​ទេ»។​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​វិញ​ថា៖​ «ខ្ញុំ​ក៏​មិន​ប្រាប់​ពួក​លោក​ដែរ​ថា​ ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​សិទ្ធិ​អំណាច​អ្វី​នោះ។​

28. តើ​ពួក​លោក​គិត​យ៉ាង​ដូច​ម្ដេច?​ មាន​បុរស​ម្នាក់​មាន​កូន​ពីរ​នាក់​ គាត់​បាន​ចូល​មក​ជិត​កូន​ទី​មួយ​ប្រាប់​ថា​ កូន​អើយ‍!​ ថ្ងៃ​នេះ​កូន​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​ទំពាំង​បាយជូរ​ចុះ​

29. វា​តប​វិញ​ថា​ ខ្ញុំ​មិន​ចង់​ទៅ​ទេ​ ប៉ុន្ដែ​ក្រោយ​មក​ វា​ដូរ​គំនិត​វិញ​ ហើយ​ក៏​ទៅ។​

30. បុរស​នោះ​បាន​ទៅ​ប្រាប់​កូន​ម្នាក់​ទៀត​ដូច​មុន​ នោះ​វា​តប​វិញ​ថា​ លោក​ឪពុក​អើយ‍!​ ខ្ញុំ​ទៅ​ ប៉ុន្ដែ​វា​មិន​បាន​ទៅ​ទេ​

31. ក្នុង​ចំណោម​កូន​ទាំង​ពីរ​នាក់​នេះ​ តើ​កូន​មួយ​ណា​ធ្វើ​តាម​បំណង​របស់​ឪពុក?»​ ពួកគេ​ឆ្លើយ​ថា៖​ «កូន​ទី​មួយ»។​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​ពួក​លោក​ជា​ប្រាកដ​ថា​ ពួក​អ្នក​ទារ​ពន្ធដារ​ និង​ពួក​ស្ដ្រី​ពេស្យា​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​មុន​ពួក​លោក។​

32. ដ្បិត​លោក​យ៉ូហាន​បាន​មក​ឯ​ពួក​លោក​ដោយ​ផ្លូវ​នៃ​សេចក្ដី​សុចរិត​ ប៉ុន្ដែ​ពួក​លោក​មិន​ជឿ​គាត់​ទេ​ ផ្ទុយ​ទៅ​វិញ​ពួក​អ្នក​ទារ​ពន្ធដារ​ និង​ពួក​ស្ដ្រី​ពេស្យា​បាន​ជឿ​គាត់​ ហើយ​ទោះបី​ពួក​លោក​ឃើញ​ក្ដី​ ក៏​មិន​បាន​ប្រែចិត្ដ​ជឿ​គាត់​តាម​ក្រោយ​ដែរ។​

33. ចូរ​ស្ដាប់​រឿង​ប្រៀប​ប្រដូច​មួយ​ទៀត​ មាន​បុរស​ម្នាក់​ ជា​ម្ចាស់​ចម្ការ​បាន​ធ្វើ​ចម្ការ​ទំពាំង​បាយជូរ​មួយ​ ហើយ​ក៏​ព័ទ្ធ​របង​ជុំវិញ​ ជីក​កន្លែង​បញ្ជាន់​ផ្លែ​នៅ​ក្នុង​ចម្ការ​នោះ​ សង់​ប៉ម​មួយ​ រួច​ប្រវាស់​ឲ្យ​ពួក​អ្នក​ចម្ការ​ ហើយ​ក៏​ចេញ​ដំណើរ​ទៅ។​

34. លុះ​ជិត​ដល់​រដូវ​ប្រមូល​ផល​ គាត់​ក៏​ចាត់​ពួក​បាវបម្រើ​ឲ្យ​ទៅ​ឯ​ពួក​អ្នក​ចម្ការ​ ដើម្បី​ទទួល​យក​ផល​នៃ​ចម្ការ​ទំពាំង​បាយជូរ​នោះ​

35. ប៉ុន្ដែ​ពួក​អ្នក​ចម្ការ​បាន​វាយបាវបម្រើរបស់​គាត់​ម្នាក់​ សម្លាប់​ម្នាក់ ហើយ​បាន​គប់​ម្នាក់​ទៀត​នឹងដុំ​ថ្ម​។

36. គាត់​ក៏​ចាត់​ពួក​បាវបម្រើ​ផ្សេង​ទៀត​ច្រើន​ជាង​លើក​ទី​មួយ​ឲ្យ​ទៅ​ ប៉ុន្ដែ​ពួកគេ​បាន​ធ្វើ​ចំពោះ​អ្នក​ទាំង​នោះ​ដូច​លើក​មុន។​

ម៉ាថាយ 21