17. ព្រះអង្គបានចាកចេញពីពួកគេ ហើយយាងចេញពីក្រុងនោះឆ្ពោះទៅក្រុងបេថានី និងបានស្នាក់នៅទីនោះនៅយប់នោះ។
18. លុះព្រលឹមឡើងពេលកំពុងយាងត្រលប់ទៅក្រុងវិញ ព្រះអង្គឃ្លាន
19. កាលបានឃើញដើមល្វាមួយដើមនៅតាមផ្លូវ ព្រះអង្គក៏យាងទៅជិតដើមល្វានោះ ប៉ុន្ដែមិនឃើញមានផ្លែសោះនៅលើដើម មានតែស្លឹកប៉ុណ្ណោះ ព្រះអង្គមានបន្ទូលទៅដើមល្វានោះថា៖ «ដរាបតទៅ កុំឲ្យឯងមានផ្លែទៀតឡើយ» ស្រាប់តែដើមល្វានោះក្រៀមស្វិតមួយរំពេច។
20. ពេលពួកសិស្សឃើញដូច្នេះ ក៏នឹកឆ្ងល់ទាំងនិយាយថា៖ «តើហេតុដូចម្ដេចបានជាដើមល្វានេះ ក្រៀមស្វិតមួយរំពេចដូច្នេះ?»
21. ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមានជំនឿ ហើយឥតសង្ស័យសោះ នោះអ្នករាល់គ្នាអាចធ្វើបាន មិនត្រឹមហេតុការណ៍ដែលកើតឡើងចំពោះដើមល្វាប៉ុណ្ណោះទេ សូម្បីតែអ្នករាល់គ្នានិយាយទៅភ្នំនេះថា ចូររើ ហើយធ្លាក់ទៅក្នុងសមុទ្រទៅ នោះនឹងកើតឡើងដូច្នោះមែន
22. ហើយគ្រប់សេចក្ដីទាំងអស់ដែលអ្នករាល់គ្នាសុំក្នុងសេចក្ដីអធិស្ឋានដោយជំនឿ នោះនឹងបានទទួល»។
23. កាលព្រះអង្គបានចូលទៅក្នុងព្រះវិហារហើយ ពួកសម្ដេចសង្ឃ និងពួកចាស់ទុំរបស់ប្រជាជនក៏ចូលមកជិតព្រះអង្គ ពេលព្រះអង្គកំពុងបង្រៀន ពួកគេទូលសួរថា៖ «តើអ្នកធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី? តើនរណាឲ្យសិទ្ធិអំណាចនេះដល់អ្នក?»
24. ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ខ្ញុំនឹងសួរពួកលោកមួយសំនួរដែរ ប្រសិនបើពួកលោកប្រាប់ខ្ញុំបាន នោះខ្ញុំនឹងប្រាប់វិញដែរថាខ្ញុំធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី
25. តើពិធីជ្រមុជទឹករបស់លោកយ៉ូហានមកពីណា? មកពីស្ថានសួគ៌ ឬក៏មកពីមនុស្ស?» ពួកគេក៏ពិគ្រោះគ្នាថា៖ «ប្រសិនបើយើងឆ្លើយថាមកពីស្ថានសួគ៌ នោះគាត់នឹងនិយាយថា ចុះហេតុអ្វីបានជាពួកលោកមិនជឿលោកយ៉ូហាន?
26. ប៉ុន្ដែបើយើងឆ្លើយថាមកពីមនុស្ស នោះខ្លាចបណ្ដាជន ព្រោះមនុស្សគ្រប់គ្នារាប់លោកយ៉ូហានថា ជាអ្នកនាំព្រះបន្ទូល»
27. ពួកគេក៏ទូលឆ្លើយទៅព្រះយេស៊ូថា៖ «យើងមិនដឹងទេ»។ ព្រះអង្គមានបន្ទូលទៅពួកគេវិញថា៖ «ខ្ញុំក៏មិនប្រាប់ពួកលោកដែរថា ខ្ញុំធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វីនោះ។
28. តើពួកលោកគិតយ៉ាងដូចម្ដេច? មានបុរសម្នាក់មានកូនពីរនាក់ គាត់បានចូលមកជិតកូនទីមួយប្រាប់ថា កូនអើយ! ថ្ងៃនេះកូនទៅធ្វើការនៅក្នុងចម្ការទំពាំងបាយជូរចុះ
29. វាតបវិញថា ខ្ញុំមិនចង់ទៅទេ ប៉ុន្ដែក្រោយមក វាដូរគំនិតវិញ ហើយក៏ទៅ។
30. បុរសនោះបានទៅប្រាប់កូនម្នាក់ទៀតដូចមុន នោះវាតបវិញថា លោកឪពុកអើយ! ខ្ញុំទៅ ប៉ុន្ដែវាមិនបានទៅទេ
31. ក្នុងចំណោមកូនទាំងពីរនាក់នេះ តើកូនមួយណាធ្វើតាមបំណងរបស់ឪពុក?» ពួកគេឆ្លើយថា៖ «កូនទីមួយ»។ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់ពួកលោកជាប្រាកដថា ពួកអ្នកទារពន្ធដារ និងពួកស្ដ្រីពេស្យានឹងចូលទៅក្នុងនគរព្រះជាម្ចាស់មុនពួកលោក។
32. ដ្បិតលោកយ៉ូហានបានមកឯពួកលោកដោយផ្លូវនៃសេចក្ដីសុចរិត ប៉ុន្ដែពួកលោកមិនជឿគាត់ទេ ផ្ទុយទៅវិញពួកអ្នកទារពន្ធដារ និងពួកស្ដ្រីពេស្យាបានជឿគាត់ ហើយទោះបីពួកលោកឃើញក្ដី ក៏មិនបានប្រែចិត្ដជឿគាត់តាមក្រោយដែរ។
33. ចូរស្ដាប់រឿងប្រៀបប្រដូចមួយទៀត មានបុរសម្នាក់ ជាម្ចាស់ចម្ការបានធ្វើចម្ការទំពាំងបាយជូរមួយ ហើយក៏ព័ទ្ធរបងជុំវិញ ជីកកន្លែងបញ្ជាន់ផ្លែនៅក្នុងចម្ការនោះ សង់ប៉មមួយ រួចប្រវាស់ឲ្យពួកអ្នកចម្ការ ហើយក៏ចេញដំណើរទៅ។